
នគរបាលបង្ក្រាបទីតាំងមជ្ឈមណ្ឌលកែភេទក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ រូបថត នគរបាល
ភ្នំពេញៈ មនុស្ស ១០ នាក់ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ៣ ខែមីនា នៅក្នុងមជ្ឈមណ្ឌលកែសម្ផស្ស ដែលលួចវះកាត់កែភេទពីបុរសទៅស្ត្រី និងពីស្រី្តទៅបុរសចំនួន ២ ទីតាំងផ្សេងពីគ្នានៅរាជធានីភ្នំពេញ និងបានរកឃើញឱសថជាច្រើនប្រភេទនាំចូលដោយគ្មានច្បាប់អនុញ្ញាត។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ និងមន្ត្រីជំនាញក្រសួងសុខាភិបាលបានប្រតិបត្តិការចុះបង្ក្រាបទីតាំងវះកាត់កែភេទចំនួន ២ កន្លែង ទី១ មជ្ឈមណ្ឌលថែរក្សាសម្ផស្ស ដុកទ័រកាង ស្ថិតនៅសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី២ ឈ្មោះ GANGNAM BEAUTY & CLINICS ស្ថិតនៅសង្កាត់ទំនប់ទឹក ក្បែរស្ថានទូតចិន ខណ្ឌបឹងកេងកងកាលពីថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២១។
លោក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា៖ «ទាំង ២ ទីតាំងនេះ សមត្ថកិច្ចឃាត់មនុស្សចំនួន ១០ នាក់ (វៀតណាម ០២ នាក់ដែលជាមេខ្លោង) ដកហូតរឧបករណ៍សម្រាប់បម្រើការវះកាត់ ប្រភេទថ្នាំដែលហាមឃាត់មួយចំនួន និងរកឃើញប្រដាប់ភេទច្រកដបចំនួន ៤៩»។
លោកបន្តថា ការចុះឆែកឆេរនៅទីតាំងលួចកែអវយវ:ភេទនេះ គឺបានធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញធ្វើការស៊ើបអង្កេតឃើញថា ម្ចាស់មជ្ឈមណ្ឌលកែសម្ផស្សនេះ បានលួចនាំចូលនូវឱសថខុសច្បាប់ជាច្រើនមកពីក្រៅប្រទេស ហើយបានលួចកែអវយវ: ភេទពីបុរសទៅស្ត្រី ពីស្ត្រីទៅបុរសដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ខណៈការកែភេទនេះ គឺមានលក្ខណៈទ្រង់ទ្រាយធំផងដែរ។
លោក សុខវិជ្ជា ថ្លែងថា អ្នកពាក់ព័ន្ធទាំងនោះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់។
លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោកបានឲ្យដឹងថា ក្រោយចុះឆែកឆេរ ខាងសមត្ថកិច្ចជំនាញបានដកហូតផលិតផលមួយចំនួនដើម្បីយកទៅពិនិត្យមើល និងបានបិទទីតាំងទាំងនោះមួយរយៈសិន។
លោក សំអឿន ថ្លែងថា៖ «ក្នុងនាមយើងជាអាជ្ញាធរគឺបានសហការជាមួយខាងប៉ូលិសក្រសួងមហាផ្ទៃផ្នែកបង្ក្រាបបទល្មើសក្លែងក្លាយ ហើយចំពោះលទ្ធផលនៃការបង្ក្រាបគឺឃើញថា មាន ២ ទីតាំងគឺ ១ នៅបឹងកេងកង ១ ទៀតសាខាទី ២ នៅទួលគោក ហើយចំពោះទីតាំងហាងទួលគោក (មជ្ឈមណ្ឌលថែរក្សាសម្ផស្ស ដុកទ័រ កាង) គឺសមត្ថកិច្ចបានដកហូតផលិតផលមួយចំនួន ហើយទីតាំងនោះត្រូវបានបិទជាបណ្តោះអាសន្ន ហើយខាងក្រសួងអញ្ជើញបុគ្គលិកម្នាក់ទៅបំភ្លឺនូវចំណុចមួយចំនួនទៅតាមការសាកសួរក្នុងដែនសមត្ថកិច្ចរបស់ក្រសួង»។
លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជាបានថ្លែងដោយបង្ហាញការគាំទ្រដល់ចំណាត់ការទាន់ពេលវេលារបស់សមត្ថកិច្ច បើពុំនោះទេប្រជាពលរដ្ឋខ្មែរជាច្រើនរូបនឹងរងផលប៉ះពាល់ដល់សុខភាព ឬអាចគ្រោះថ្នាក់ដល់អាយុជីវិត។
លោក សុភាព ថ្លែងថា៖ «ខ្ញុំគាំទ្រ ការបង្ក្រាបនេះ ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ ខ្ញុំក៏មិនគាំទ្រឱ្យមានកែភេទដោយគ្លីនិកមិនមានច្បាប់ទម្លាប់ត្រឹមត្រូវដែរ»។
យ៉ាងនេះក្តីលោកថា ការបង្ក្រាបនេះក៏ដើម្បីការពារទៅដល់មជ្ឈមណ្ឌលកែសម្ផស្សដទៃទៀតដែលមានច្បាប់ត្រឹមត្រូវ កុំឱ្យក្លាយទៅជាជនរងគ្រោះ។ «ការចុះបង្ក្រាបនេះជាការពង្រឹងនីតិវិធីច្បាប់ និងការពារមុខរបរចំពោះអ្នកដែលរកស៊ីស្របច្បាប់ ព្រោះម្ចាស់ផលិតផលមួយចំនួនបានធ្វើបាបដល់ហាងកែសម្ផស្សគេផ្សេងដែលគេបើកអាជីវកម្មត្រឹមត្រូវ ហើយនាំផលិតផលអត់ច្បាប់ផ្គត់ផ្គង់ឱ្យហាងដទៃ»។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងទៅកែភេទ ឬកែសម្ផស្សនៅមជ្ឈមណ្ឌលនានាដោយត្រូវសួររកអាជ្ញាប័ណ្ណបើកអាជីវកម្ម និងច្បាប់អនុញ្ញាតត្រឹមត្រូវជាមុនសិន៕
វីដេអូ៖