ភ្នំពេញៈ រយៈពេល​ ៦ ​ខែ​ឆ្នាំ​ ២០២០ នេះ ករណី​គ្រោះ​អគ្គិភ័យ​បាន​កើនឡើង​ខ្ពស់​ជាង​ឆ្នាំមុន​ចំនួន​ ២៦២ ​លើក និង​បាន​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ ១១ ​នាក់​ស្លាប់ និង​ ២៨ ​នាក់​ទៀត​រងរបួស​ដោយ​ភាគច្រើន​នៃ​ករណី​អគ្គិភ័យ​ត្រូវបាន​កើតឡើង​ដោយ​ទូស្សេ​ឆ្លង​ចរន្តអគ្គិសនី​។ នេះ​បើ​យោងតាម​ការអះអាង​របស់​មន្ត្រីនគរបាល​ជាន់ខ្ពស់​ម្នាក់​នៅ​នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​។

លោក នេត វន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ​នេះ​គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន​ ៦៩១ ​លើក និង​បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ​ ១១ ​នាក់​ស្លាប់ និង​ ២៨ ​នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល​ព្រមទាំង​បាន​បង្ក​ការឆេះ​ខូចខាត​ផ្ទះ​អស់​ចំនួន​ ៥១៩ ​ខ្នង​តូប​ ២២៥ ​តូប និង​ឧបករណ៍​ប្រើប្រាស់​មួយចំនួនធំ​។ ខណៈ​កាលពី​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ចំនួន​ ៤២៩ ​លើក និង​បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ ១០ ​នាក់​ស្លាប់ និង​ ៤៦ ​នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល​។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា​៖ «​មាន​កត្តា​ ៣ ​យ៉ាង​ដែល​បង្ក​ និង​ជំរុញ​ឲ្យ​កើតមាន​គ្រោះ​អគ្គិភ័យ​ឡើង​។ ក្នុងនោះ​បង្កឡើង​ពី​កត្តា​ផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​ ៤១% កត្តា​ប្រើប្រាស់​ភ្លើង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ ៣៩% និង​ ២០% កំពុងស្ថិត​ក្នុងការ​ស៊ើបអង្កេត​ស្រាវជ្រាវ​នៅឡើយ​»​។

លោក វន្ថា បាន​ថ្លែង​ឲ្យ​ដឹង​បន្តថា​នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ​នេះ​កម្លាំង​នគរបាល​ផ្នែក​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស បាន​ចេញ​ប្រតិបត្តិការ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​ជូន​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន​ដោយ​ទទួលបាន​ជោគជ័យ​បាន​ចំនួន​ ៥៧៣ ​លើក ប្រើប្រាស់​ទឹក​អស់​ ១ ២៣៨ ​រថយន្ត ស្មើនឹង ​៥ ៣៩២ ​ម៉ែត្រគុប ហើយ​អាជ្ញាធរ​មូលដ្ឋាន​ និង​ប្រជាសហគមន៍​ចេញ​ជួយ​ពន្លត់​ទាន់​ពេលវេលា​បាន​ចំនួន​ ១១ ​លើក ខណៈ​ករណី​ភ្លើង​ឆេះ​ធំៗ​ដែល​មិន​អាច​គ្រប់គ្រង​បាន​ចំនួន​ ៥០ ​លើក​។

ទន្ទឹមនឹងនេះ​លោក វន្ថា បានលើកឡើង​ផងដែរ​អំពី​បញ្ហា​ប្រឈម​របស់​មន្ត្រី​នគរបាល​ផ្នែក​បង្ការ និង​ពន្លត់​អគ្គិភ័យ​ផងដែរ​ថា​៖ «​បច្ចុប្បន្ន​យើង​នៅ​ខ្វះ​ឧបករណ៍​ប្រើប្រាស់​សម្រាប់​បង្ការ​ និង​ពន្លត់​អគ្គិភ័យ ដូចជា​ខ្វះ​ជណ្ដើរ​ខ្ពស់ៗ​សម្រាប់​បំពាក់​លើ​រថយន្ត​បង្ការ​ និង​ពន្លត់​អគ្គិភ័យ ខ្វះ​សម្លៀកបំពាក់​ការពារ​កម្តៅ​សម្រាប់​ពាក់​ចូលទៅ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ជនរងគ្រោះ ខ្វះ​ដប​ខ្យល់ SCBA សម្រាប់​ពាក់​ចូល ពន្លត់​អគ្គិភ័យ​ទ្រង់ទ្រាយ​ធំ​»​។

ជុំវិញ​គ្រោះ​អគ្គិភ័យ​នេះ​ផងដែរ​លោក សេង ចិន្តា អធិការ​ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង កំពុង​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​ផងដែរ ក្រោយពី​អ្នកភូមិ​បាន​ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​ឈ្មោះ ជា ថន អាយុ​ ៥៦ ​ឆ្នាំ​ឆេះ​ស្លាប់​នៅ​ក្បែរ​រោង​ចាំចម្ការ​របស់​គាត់ ដែល​ស្ថិតនៅ​ក្នុង​ភូមិ​ក្រាំងកន្ទ្រោល ឃុំ​ពាម ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃទី​ ២១ ខែ មិថុនា ឆ្នាំ​ ២០២០​។

លោក​បាន​ថ្លែងថា​៖ «​រហូត​មក​ទល់​ពេលនេះ យើង​នៅ​មិនទាន់​អាច​សន្និដ្ឋាន​បាន​ទេ​ថា ករណីនេះ​ជា​ករណី​ឃាតកម្ម ឬ​គ្រោះ​អគ្គិភ័យ​នោះ​បង្ក​ឡើង​ដោយ​ជនរងគ្រោះ​ខ្លួនឯង​ឡើយ បើ​ទោះ​យើង​ពិនិត្យ​ឃើញ​ទ្រព្យសម្បត្តិ​របស់​គាត់​ទាំងអស់​មិន​បាត់បង់​ក្ដី​»៕