ភ្នំពេញៈ មនុស្ស​ចំនួន​ ១៣១ ​នាក់​បាន​ស្លាប់ និង​ជាង​ ១១ ​ម៉ឺន​គ្រួសារ​ ត្រូវ​បាន​ខាតបង់​ទ្រព្យ​សម្បត្តិ ដោយសារ​គ្រោះមហន្តរាយ​ដូចជា ទឹកជំនន់ ខ្យល់ព្យុះ និង​រន្ទះបាញ់​ដែល​បាន​កើតឡើង​ក្នុង​អំឡុង​ពេល​ ១០ ​ខែ​នា​ឆ្នាំ ២០១៩​។

លោក កែវ វី ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ឲ្យ​ដឹង​កាល​ម្សិលមិញ​ថា​៖ «​បញ្ហា​ទឹកជំនន់​ជា​គ្រោះមហន្តរាយ​ពី​ធម្មជាតិ​កើតមាន​ជា​រៀងរាល់​ឆ្នាំ​។ កាលពី​ច្រើន​ឆ្នាំមុន​គ្រោះទឹកជំនន់​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ច្រើន ប៉ុន្ដែ​បច្ចុប្បន្ន​ពលរដ្ឋ​មាន​ភាពស៊ាំ​នឹង​បញ្ហា ដូច្នេះ​ផលប៉ះពាល់​នៅមាន​តិចតួច​ប៉ុណ្ណោះ ព្រោះ​ពលរដ្ឋ​មាន​ទម្លាប់​រស់នៅ​ជាមួយ​ទឹកជំនន់ និង​ដឹង​ពី​វិធីសាស្ដ្រ​ក្នុង​ការប្រុងប្រយ័ត្ន​ជាមុន​»​។

លោក វី ថ្លែងថា​រយៈពេល​ ១០ ​ខែ​ឆ្នាំនេះ​គ្រោះមហន្តរាយ ទឹកជំនន់ ខ្យល់ព្យុះ និង​រន្ទះបាញ់​នៅ​ប្រទេស​កម្ពុជា​បង្ក​ឲ្យ​មនុស្ស​ចំនួន​ ១៣១ ​នាក់​ស្លាប់បាត់​បង់ជីវិត​ និង​ពលរដ្ឋ​ចំនួន ១១៥ ៩៥៧ គ្រួសារ​រង​ផលប៉ះពាល់ បាក់ រលំ​ផ្ទះ និង​ខូចខាត​ដំណាំ​។ ឆ្នាំនេះ​គ្រោះមហន្តរាយ​នៅមាន​លក្ខណៈ​កាច​សាហាវ ប៉ុន្ដែ​ចំនួន​អ្នកស្លាប់​មាន​ការថយចុះ​បើ​ប្រៀបធៀប​ក្នុង​អំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ ដែល​មាន​មនុស្ស​ស្លាប់​ចំនួន ២១៥ ​នាក់​។

លោក​ថ្លែងថា​ការប៉ះពាល់​សរុប​ពី​គ្រោះមហន្តរាយ​ផ្សេងៗ​ក្នុង​រយៈពេល​ ១០ ​ខែ​ឆ្នាំនេះ មនុស្ស​ ៣០ ​នាក់​ស្លាប់​ ដោយ​ទឹកជំនន់ ៨ ​នាក់​ស្លាប់​ ដោយសារ​ខ្យល់ព្យុះ និង​ ៩៣ ​នាក់​ស្លាប់​ និង​ ៨១ ​របួស​ ដោយសារ​រន្ទះបាញ់​។ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ បាន​ឲ្យ​ដឹងថា មនុស្ស​ ៦ ​នាក់​ស្លាប់​ ដោយសារ​ខ្យល់ព្យុះ ១០៩ ​នាក់​ស្លាប់​ ដោយ​រន្ទះបាញ់​ និង​គ្រោះទឹកជំនន់​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៦៣ ​នាក់​។

លោក កែវ វី បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក៏មាន​ផែនការ​ត្រៀម​បម្រុង​សម្រាប់​ទប់ស្កាត់ និង​ការពារ​បញ្ហា​គ្រោះមហន្តរាយ​នៅតាម​បណ្ដា​ខេត្ដ​នីមួយៗ​លើ​ផ្នែក​សង្គមកិច្ច សុខាភិបាល ស្បៀង និង​ពូជ​ដំណាំ​ដើម្បី​ទុក​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​។ ជាមួយ​គ្នា​នេះ​អាជ្ញាធរ​មូលដ្ឋាន​តាម​បណ្ដា​ខេត្ដ​ក៏បាន​ចូលរួម​បំពេញ​ការងារ​តាម​ផែនការ​បម្រុង​ទុក​បានល្អ និង​ជួយ​ដល់​ពលរដ្ឋ​​រងគ្រោះ​ដោយសារ​គ្រោះ​មហន្តរាយ​បាន​ទាន់​ពេលវេលា​ផង​ដែរ​។

លោក កែវ វី បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​បើក​ស្រូវពូជ​ក្នុង​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា​ជាង ១ ០០០ ​តោន ​ផ្ដល់​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក្នុង​ខេត្ដ​កំពង់ចាម ត្បូងឃ្មុំ ក្រចេះ កំពង់ធំ ព្រះវិហារ និង​ពលរដ្ឋ​រងគ្រោះ​ដោយសារ​រាំងស្ងួត​ក្នុង​ខេត្ដ ពោធិ៍សាត់ សៀមរាប បាត់ដំបង បន្ទាយមានជ័យ ខណៈ​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​ក្នុង​វិស័យ​កសិកម្ម​ស្រូវ​មាន​ចំនួន​ជាង​ ៩ ​ម៉ឺន​ហិកតា និង​បង្ក​ការខូចខាត​សរុប​ជាង ១៤ ០០០ ​ហិកតា​។

លោក ថេង សារឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​បង្កើត​ការផ្ដល់​ដំណឹង​ពី​គ្រោះមហន្តរាយ​ដែល​អាច​នឹង​កើត​មាន​ឡើង​ឲ្យ​បាន​ឆាប់រហ័ស​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដា​ខេត្ដ​រងគ្រោះ​ជាមុន ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ពេល​ត្រៀមខ្លួន​រក​កន្លែង​សុវត្ថិភាព នៅពេល​គ្រោះមហន្តរាយ​កើតមានឡើង​។

លោក ថេង សារឿន ប្រធាន​សម្ព័ន​សហគមន៍​បាន​ថ្លែង​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ចង់​ឲ្យ​រាជរដ្ឋាភិបាល​រៀបចំ​ប្រព័ន្ធ​ជូនដំណឹង​ឲ្យ​បាន​រហ័ស ព្រោះ​ការអប់រំ​ផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​ពី​គ្រោះមហន្តរាយ​តាមរយៈ​ផ្ដល់នូវ​វិធីសាស្ដ្រ​នៃ​ការបង្ការ​ជា​ចំណុច​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​អនុវត្ដ​»៕