ភ្នំពេញៈ គ្រោះ​អគ្គិភ័យ​បាន​បង្ក​ឱ្យ​មនុស្ស​ ១៣ ​នាក់​ស្លាប់ និង​ ១០៤ ​នាក់​ទៀត​រងរបួស​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​។

លោក​ ង៉ែត សាម៉ុន ប្រធាន​ការិយាល័យ​រដ្ឋបាល​សរុប​នៃ​នាយកដ្ឋាន​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា​រយៈពេល​ប្រមាណ​ ១០ ​ខែ គិត​ចាប់ពី​ថ្ងៃទី​ ២០ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ ដល់​ថ្ងៃទី​ ១៩ ខែ​កញ្ញា ឆ្នាំ​ ២០១៩ ​នេះ​គ្រោះ​អគ្គិភ័យ​បាន​បង្ក​ឱ្យ​មនុស្ស​ ១៣ ​នាក់​ស្លាប់ និង​ ១០៤ ​នាក់​ទៀត​រងរបួស​។ ផ្ទះ​ប្រជាពលរដ្ឋ​សរុប​ ៥៧១ ​ខ្នង និង​តូប​លក់ដូរ​របស់​អាជីវករ ៣១៨ ​តូប​ត្រូវ​បាន​ឆេះ​ខូចខាត​ទាំងស្រុង​។

លោក​បញ្ជាក់ថា​៖ «​រាជធានី-ខេត្ត​ដែល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ច្រើន​ជាង​គេ​គឺ​រាជធានី​ភ្នំពេញ កណ្ដាល សៀមរាប និង​កំពង់ចាម​។ ភាគច្រើន​នៃ​អគ្គិភ័យ​បណ្ដាល​មកពី​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី ផ្ទុះ​ហ្គាស ភ្លើង​ (​ឆេះ​ព្រៃ ចង្ក្រាន ទៀន ធូប​) និង​មួយ​ចំនួន​ទៀត​កំពុង​ស្ថិត​ក្រោម​ការស្រាវជ្រាវ​នៅឡើយ​»​។

ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​លោក​ សាម៉ុន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គិភ័យ ដោយ​លោក​ថ្លែងថា​៖ «​ដើម្បី​បង្ការ​គ្រោះ​អគ្គិភ័យ​កើតឡើង​សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​បិទ​ចរន្តអគ្គិសនី ពន្លត់ភ្លើង​ [​ចង្ក្រាន ទៀន ធូប​] ​ឲ្យ​អស់​មុន​ពេល​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​»​។

នគរបាល​មូលដ្ឋាន​និយាយ​ថា អគ្គិភ័យ​ដែល​បាន​កើតឡើង​នៅ ភូមិ​ផ្សារដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​កាលពី​វេលា​ម៉ោង​ ២ ​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​បំផ្លិចបំផ្លាញ​ផ្ទះ​អ្នកភូមិ​អស់​ ១១ ​ខ្នង និង​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពលរដ្ឋ​ណា​ម្នាក់​ឡើយ​។

លោក​ ហុង គឹមហឿន អធិការ​ស្រុក​មេមត់​ប្រាប់​ថា អគ្គិភ័យ​ខាងលើ​បង្ក​ឡើង​ដោយសារ​ «​ផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​»​។ លោក​បន្តថា​ក្នុង​ហេតុការណ៍​នោះ សមត្ថកិច្ច​ប្រើ​ពេល​ជាង​ ២ ​ម៉ោង​ ក្នុង​ការជួយ​បាញ់​ទឹក​ពន្លត់ភ្លើង​នោះ​ដោយ​ប្រើ​ទឹក​អស់​ ៣៥ ​ស៊ីទែន​រថយន្ត​ (១ ​ស៊ីទែន ៣៥០០ ​លីត្រ​)​។

នៅ​រាជធានី​ភ្នំពេញ​ឃ្លាំង​ស្តុក​កម្ទេច​កំណាត់​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ Din Ling Garment Co., Ltd មាន​ទីតាំង​នៅ​សង្កាត់​ចោមចៅ​ទី​ ២ ខណ្ឌ​ពោធិ៍សែនជ័យ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ខូចខាត​អស់​មួយ​ចំនួន​ផងដែរ កាលពី​យប់​ថ្ងៃ​ពុធ​។ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក​ ព្រំ យ៉ន ប្រធាន​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ម្សិលមិញ​។

លោក​ថ្លែងថា ករណី​ឆាបឆេះ​ឃ្លាំង​ស្តុក​កម្ទេច​កំណាត់​នេះ​បង្ក​ឡើង​ពី​ការ​ «​ផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​» ប៉ុន្តែ​មិន​បង្ក​ការឆេះ​រីក​រាលដាល​ទៅ​ផ្នែក​ណាមួយ​ផ្សេងទៀត​នៃ​រោងចក្រ​នេះ​ទេ​។ បុគ្គលិក​រោងចក្រ​បាន​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​ជាង​ ១០ ​បំពង់​ និង​ទឹកសាប៊ូ​មួយ​ចំនួន​មក​បាញ់​ទប់ស្កាត់​ផង និង​មាន​ការជួយ​អន្តរាគមន៍​ពី​ក្រុម​កម្លាំង​នគរបាល​ទើប​ពន្លត់​អគ្គិភ័យ​បាន​ទាន់​ពេលវេលា​៕