ភ្នំពេញៈ យ៉ាង​ហោចណាស់​មនុស្ស​ ១៣ ​នាក់ ​ត្រូវ​បាន​ចាប់​ និង​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ដាក់​ពន្ធនាគារ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​រួមទាំង​រាជធានី​ភ្នំពេញ​នៅក្នុង​អំឡុង​ខែ​កញ្ញា​ពាក់ព័ន្ធ​ជាមួយ​សកម្មភាព​ប្រមូលផ្ដុំ​មនុស្ស​គាំទ្រ​គម្រោង​វិលត្រឡប់​ចូល​មក​ក្នុង​ស្រុក​វិញ​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ​របស់​លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមជាតិ​។

សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ ខេត្ត​កំពង់ចាម​ និង​ខេត្ត​ស្វាយរៀង​បាន​ចោទប្រកាន់​មនុស្ស​ ៣ ​នាក់​បន្ថែម​ទៀត​ ពី​បទ​ «​រួមគំនិត​ក្បត់​» ខណៈពេល​ដែល​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​កងកម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន​មនុស្ស​ម្នាក់​ទៀត​ដែរ ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។

កាលពី​ដើម​ខែ​កញ្ញា​មនុស្ស ៩ ​នាក់ ​ត្រូវ​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ពី​បទ «​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមជាតិ​» ក្រោយពី​លោក សម រង្ស៊ី បាន​អំពាវនាវ​ទៅ​ដល់​កងកម្លាំង និង​ពលរដ្ឋ​ឲ្យ​ចូលរួម​គាំទ្រ​ដំណើរ​វិលត្រឡប់​ចូល​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៩ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩​។ មនុស្ស​ទាំងនោះ​ត្រូវ​បាន​គេ​កំណត់​ថា​ជា​សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

ករណី​ចាប់ និង​ឃុំខ្លួន ​ត្រូវ​បាន​ឲ្យ​ដឹង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​ដោយ​មាន​កាលបរិច្ឆេទ​ខុសៗ​គ្នា ប៉ុន្តែ​បាន​ធ្វើ​នៅ​ក្នុង​ខែ​កញ្ញា​ដូចគ្នា​ដូចជា​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​បាន​ឲ្យ​ដឹងថា អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧត្តរ​មានជ័យ​បាន​ចោទប្រកាន់​លើ​ឈ្មោះ ម៉ោញ សារ៉ាត់ ពី​បទ​រួមគំនិត​ក្បត់​តាម​មាត្រា​ ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ការចោទប្រកាន់​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ឈ្មោះ ម៉ោញ សារ៉ាត់ បាន​ផ្តល់​បទសម្ភាស​ដល់​វិទ្យុ VOA កាលពី​ថ្ងៃទី​ ២៦ ខែ​ កញ្ញា ឆ្នាំ​ ២០១៩ អំពី​សកម្មភាព​កៀរគរ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ឱ្យ​ចូលរួម​ក្នុង​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ក្រោម​ឧបាយកល​ «​ផែនការ​នៃ​ការវិល​ត្រឡប់​មក​កម្ពុជា​របស់​ឧក្រិដ្ឋជន សម រង្ស៊ី​» ដោយ​អនុវត្ត​តាម​ការអំពាវនាវ​របស់​លោក សម រង្ស៊ី និង​បក្ខពួក​។

លោក ម៉ោញ សារ៉ាត់ មាន​ផែនការ​ដឹកនាំ​ក្រុម​របស់​ខ្លួន​ធ្វើ​ដំណើរ​ទៅ​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សកម្មភាព​ផ្តួលរំលំ​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ ខាងមុខ​នេះ​។ សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹងថា​អ្នកពាក់ព័ន្ធ​នឹង​ការគាំទ្រ ឬ​ចូលរួម​អនុវត្ត​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នឹង​ត្រូវ​ប្រឈម​ការចោទប្រកាន់ និង​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​តាមច្បាប់​ពី​បទ​រួមគំនិត​ក្បត់​ដែល​ត្រូវ​ផ្តន្ទាទោស​ពី ៥ ​ឆ្នាំ ទៅ ១០ ​ឆ្នាំ​តាម​មាត្រា​ ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ​។ ​

ដោយឡែក​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ចាម​កាលពី​ថ្ងៃទី​ ២៦ ខែ​ កញ្ញា​ នេះ​ បាន​សម្រេច​ចោទប្រកាន់​ឈ្មោះ សឿន ស៊ាង អាយុ​ ៤៣ ​ឆ្នាំ​ ពី​បទ​រួមគំនិត​ក្បត់​ជាមួយ​លោក សម រង្ស៊ី ដែល​ការចោទប្រកាន់​នេះ​ធ្វើ​ឡើង​ក្រោយ ឈ្មោះ សឿន ស៊ាង បាន កៀរគរ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​កំពង់សៀម និង​ស្រុក​ចំការលើ​ឱ្យ​ចូលរួម​ក្នុង​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹងថា ឈ្មោះ សឿន ស៊ាង បាន​កៀរគរ​ប្រជាពលរដ្ឋ និង​មាន​ផែនការ​ដឹកនាំ​ក្រុម​របស់​ខ្លួន​ធ្វើ​ដំណើរ​ទៅ​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សកម្មភាព​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​ ៩ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​។

ករណី​ដោយ​ឡែក​ទៀត​ដែរ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​បាន​ឲ្យ​ដឹងថា អយ្យការ​អម​សាលាដំបូង​បានសម្រេច​ធ្វើការ​ចោទប្រកាន់​លើ​ឈ្មោះ ម៉ៅ វិបុល ភេទ​ប្រុស អាយុ​ ៣៧ ​ឆ្នាំ​រស់នៅ​ឃុំ​គោកព្រីង ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ពី​បទ​រួមគំនិត​ក្បត់ និង​ពីបទ​ញុះញង់ ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ដោយ​យោង​តាម​មាត្រា​ ៤៥៣ មាត្រា​ ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​កម្ពុជា​។

ជនសង្ស័យ​ គឺពាក់ព័ន្ធ​នឹង​ការគាំទ្រ និង​ការចូលរួម​អនុវត្ត​ផែនការ​ការប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ឧបាយកល​ផែនការ​នៃ​ការវិល​ត្រឡប់មក​កម្ពុជា​វិញ​របស់​ឧក្រិដ្ឋជន សម រង្ស៊ី ​ដោយ​បាន​ធ្វើការ​អំពាវនាវ​តាមរយៈ​គណនី Facebook របស់​ខ្លួន និង​សម្ភាស​តាម​វិទ្យុ​អាស៊ីសេរី​កាលពី​អំឡុង​ខែ​សីហា និង​ខែ​ កញ្ញា ឆ្នាំ​ ២០១៩​។

ខណៈ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ឈ្មោះ យូ ចាន់ធានី ភេទ​ស្រី អាយុ ២៥ ឆ្នាំ​ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមជាតិ​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេង​ទៀត​កាលពី​អំឡុង​ឆ្នាំ​ ២០១៩ ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​ ៤៥៣ មាត្រា​ ៨៩៨ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។

ក្រៅពី​នេះ​ចៅក្រម​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​កងកម្លាំង​សមត្ថកិច្ច​គ្រប់​មូលដ្ឋាន​តាម​ចាប់​បុគ្គល​ឈ្មោះ សៅ ឧសភា ភេទ​ស្រី អាយុ​ ២៥ ​ឆ្នាំ​ក្រោយ​រង​ការចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​កាលពី​អំឡុង​ឆ្នាំ​ ២០១៩ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​ ៤៥៣ មាត្រា​ ៤៩៤ និង​មាត្រា​ ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ចំណាត់ការ​របស់​តុលាការ​ធ្វើឡើង បន្ទាប់ពី​ក្រសួង​យុត្តិធម៌​ព្រមាន​ថា មន្ត្រីរាជការ​ណា​ដែល​ចូលរួម​ធ្វើ​ជា​មេដឹកនាំ​ក្នុង​ការរៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ដែល​ហៅថា «​រដ្ឋប្រហារ​» ជាមួយ​លោក សម រង្ស៊ី នឹង​ត្រូវ​ជាប់គុក​អស់​ ១ ​ជីវិត ខណៈ​រាល់​បុគ្គល​ទាំងឡាយ​ដែល​ចូលរួម​ក្នុង​គម្រោងការ​នេះ​នឹង​ត្រូវ​ដាក់​ពន្ធនាគារ​ពី ៥ ​ឆ្នាំទៅ ១០ ​ឆ្នាំ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែងថា​ចំណាត់ការ​របស់​សមត្ថកិច្ច​ និង​តុលាការ​សំដៅ​ទប់ស្កាត់​ការរៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ដែល​ហៅថា «​រដ្ឋប្រហារ​» ដោយ​លោក សម រង្ស៊ី ដែល​សមត្ថកិច្ច និង​តុលាការ​គឺ​អនុវត្ត​ទៅ​តាម​ច្បាប់​នឹង​ភារកិច្ច​របស់​ខ្លួន​ក្នុងការ​ការពារ និង​ថែរក្សា​សណ្តាប់ធ្នាប់​សង្គម និង​ប្រទេសជាតិ​។

លោក ភា ថ្លែង​ថា​៖ «​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​តុលាការ​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ជា​ភ្នាក់ងារ​របស់​រដ្ឋ​ក្នុង​ការអនុវត្ត​ច្បាប់​។ ​បើសិន​រាជរដ្ឋាភិបាល​ ឬ​អាជ្ញាធរមាន​សមត្ថកិច្ច​មិន​មាន​វិធានការ​ច្បាប់​ទាន់​ពេលវេលា​នោះទេ វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​កាន់តែ​ធំ​ឡើង​។ ​បើ​សិន​យើង​មិន​បង្ការ​ ឬ​ទប់ស្កាត់​កម្ទេច​ភ្លើង​ឲ្យ​បាន​ត្រឹមត្រូវ​ទេ វា​អាច​នឹង​បង្ក​អគ្គិភ័យ​»​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងថា វិធានការ​របស់​សមត្ថកិច្ច និង​តុលាការ​ចំពោះ​បុគ្គល​ដែល​ធ្វើ​សកម្មភាព ឬ​បញ្ចេញមតិ​ផ្សេងៗ​ពាក់ព័ន្ធ​ផែនការ​របស់​លោក សម រង្ស៊ី ​គឺ កាន់តែ​រុញច្រាន​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ ហើយ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​កម្ពុជា​ផងដែរ​។

លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់ថា​៖ «​ការបង្ក្រាប​បែបនេះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​ស្វះស្វែងរក​ដំណោះស្រាយ​នយោបាយ ហើយ​វា​ឲ្យ​កម្ពុជា​ពិបាក​នឹង​ដោះស្រាយ​ជាមួយ​នឹង​អន្តរជាតិ​។ ប្រទេស​កម្ពុជា​នឹង​ទទួល​សម្ពាធ​ពី​អន្តរជាតិ​បន្ថែមទៀត ដូច្នេះ​យើង​មិន​គួរ​ប្រតិកម្ម និង​ភ័យខ្លាច​ដល់​ថ្នាក់​ហ្នឹង​ទេ​។ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ហើយ​ធ្វើឲ្យ​ពួកគេ​មាន​ការភ័យខ្លាច​កាន់តែ​ខ្លាំង​»​។

ថ្មីៗ​នេះ​ដែរ​ផ្ទាំង​រូបថត​នៃ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ចំនួន ៨ រូប​ត្រូវ​បាន​បិទ​នៅ​ព្រំដែន​ថៃ-ម៉ាឡេស៊ី និង​ព្រំដែន​ថៃ-កម្ពុជា​ បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​នៅ​ក្រៅ​ប្រទេស​ដោយ​អ្នក​ទាំង ៨ រូប​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​រួម​គំនិត​ក្បត់​» និង «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»៕