ភ្នំពេញៈ ទឹកជំនន់​ទន្លេមេគង្គ​ដែល​បាន​ហក់​ឡើង​បង្ក​ការ​ជន់លិច​រយៈពេល ២-៣ សប្ដាហ៍​កន្លង​មក​នេះ​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោចណាស់ ១៥ នាក់​បាន​លង់​ទឹក​ស្លាប់ និង​ដីស្រែ​ប្រមាណ​ ២៨៥៤២ ​ហិកតា​ត្រូវ​ជន់​លិច​នៅ​បណ្ដា​ខេត្ដ​តាម​បណ្ដោយ​ទន្លេ​មេគង្គ​។ នេះ​បើ​តាម​ការអះអាង​ពី​មន្ត្រី​ជាន់ខ្ពស់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ពី​ម្សិលមិញ​។

លោក កែវ វី អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ថា​៖ «​ស្រូវ​ប្រមាណ​ ៣៨០០ ​ហិកតា​ត្រូវ​ខូចខាត​ទាំង​ស្រុង ព្រោះ​ទឹកជំនន់ ហើយ​មនុស្ស​ស្លាប់​បាន​កើនឡើង​ដល់​ ១៥ ​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​អាទិត្យ​នេះ​។ អ្នក​លង់ទឹក​ភាគច្រើន​ជា​ក្មេងៗ​គឺ​នៅ​ខេត្ដ​កំពង់ចាម​មាន​អ្នក​លង់ទឹក​ស្លាប់​រហូត​ដល់​ ៩ ​នាក់​ដែល​ក្នុង​នោះ​មាន​ក្មេងៗ​ប្រហែល ៧-៨ ​នាក់​»​។

លោក​ កែវ វី លើក​ឡើង​ថា​កាលពី​ជំនន់​ទឹកភ្លៀង​នៅ​តាម​ខេត្ដ​ជាប់​សមុទ្រ​មួយ​ចំនួន និង​ទឹកជំនន់​បាក់​ទំនប់​ពី​ប្រទេស​ឡាវ​នៅ​ស្ទឹងត្រែង​មិន​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ទេ ទើប​តែ​ទឹកជំនន់​ទន្លេមេគង្គ​នេះ​ដែល​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​កើនឡើង​រហូត​។

លោក​បន្ត​ថា​៖ «​បើ​តាម​ក្រសួង​ជំនាញ​ទឹកជំនន់​នៅ​តាម​បណ្ដា​ខេត្ដ​បណ្ដោយ​ទន្លេ​មេគង្គ​ខាង​លើ​ចាប់​ផ្ដើម​ស្រក​ចុះ​បណ្ដើរៗ​ហើយ​។ បើ​ទឹក​ស្ថិត​នៅ​កម្រិត​ដូច​សព្វ​ថ្ងៃ​នេះ យើង​មិន​មាន​ការព្រួយបារម្ភ​ទេ​»​។

បើ​តាម​លោក កែវ វី ខេត្ដ​រងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​ទាំង ៦ គឺ​មាន​ស្ទឹងត្រែង ក្រចេះ ត្បួងឃ្មុំ កំពង់ចាម កណ្ដាល និង​ខេត្ដ​ព្រៃវែង ហើយ​ក្នុង​ចំណោម​ខេត្ត​ទាំង​នេះ​គឺ​មាន​តែ​ខេត្ត​ព្រៃវែង​ប៉ុណ្ណោះ​ដែល​រង​ការប៉ះពាល់​ដីស្រែ​ច្រើន​ជាង​គេ​រហូត​ដល់ ១ ៤០០ ហិកតា​។

តាម​របាយការណ៍​ពី​សាលា​ខេត្ត​ព្រៃវែង​កាលពី​ថ្ងៃទី​ ៧ ខែ​សីហា​បាន​ឲ្យ​ដឹងថា ទឹកជំនន់​បាន​ជន់​លិច​ ៨ ក្រុង-ស្រុក ស្មើនឹង​ ៤១ ​ឃុំ​សង្កាត់​។ រួមមាន​ស្រុក​ពាមរក៍ ព្រះស្តេច ស៊ីធរកណ្តាល កំចាយមារ ពារាំង ពោធិ៍រៀង ក្រុង​ព្រៃវែង និង​ស្រុក​ពាមជរ​។

លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម ខេត្ដ​ព្រៃវែង​បាន​ឲ្យ​ដឹង​ថា​៖ «​ឆ្នាំ​នេះ​ប្រជាពលរដ្ឋ​ខេត្ដ​ព្រៃវែង​យើង​បាន​ដាំដុះ​ដំណាំ​ស្រូវ​លឿន​ជាង​ឆ្នាំ​មុន ដែល​ការ​ព្រោះ​ស្ទូង​បាន​ជាង​ ៩០ ​ភាគរយ​នៃ​ផែនការ ប៉ុន្ដែ​ជា​អកុសល ព្រោះ​ការប្រែប្រួល​អាកាសធាតុ​ឆ្នាំ​នេះ​មាន​ទឹកជំនន់​ផង ការរាំងស្ងួត​ផង​»​។

របាយការណ៍​បញ្ជាក់​ថា ក្រៅពី​គ្រោះ​មហន្ដរាយ​ទឹកជំនន់​ជាមួយ​គ្នា​នេះ​ខេត្ដ​ព្រៃវែង​ក៏កំពុង​ប្រឈម​នឹង​គ្រោះ​រាំងស្ងួត ប៉ះពាល់​ផ្ទៃដី​សរុប​ ៩៥៦១ ​ហិកតា​ផង​ដែរ​។

លោក​ ស៊ឹម ថាវិរៈ អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ​កំពង់ចាម​ឲ្យ​ដឹង​ដែរ​ថា ទឹកជំនន់​បាន​ជន់​លិច​ឃុំ​ចំនួន​ ៤២ ​ឃុំ​ស្មើ​នឹង​ ១៦៦ ​ភូមិ​នៅ​កំពង់ចាម​។ ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ​២២៣៣៥ ​គ្រួសារ និង​លិច​ស្រូវ​សំណាប​ ៤៥៤៣ ​ហិកតា​លិច​ពោត​ចំនួន​​ ៤៦៦ ​ហិកតា និង​ដំណាំ​ផ្សេងៗ​ចំនួន​ ៦២៩,៦ ​ហិកតា​៕