ភ្នំពេញៈ មនុស្ស ១៨ នាក់ត្រូវបានតុលាការចោទប្រកាន់ (រួមទាំងអ្នកគេចខ្លួន) កាលពីម្សិលមិញពីបទជួញដូរមនុស្ស សម្រាប់ឆ្លងដែនធ្វើអន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះរួមទាំងបទសមគំនិតក្នុងអំពើលក់ដូរមនុស្ស ក្រោយពីអាជ្ញាធរបង្ក្រាប និងចាប់ខ្លួនករណីក្រុមមនុស្សស៊ីឈ្នួលពពោះឲ្យគេនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃទី ៨ ខែវិច្ឆិកា ខណៈមនុស្ស ៣ នាក់ផ្សេងទៀតបានរត់គេចខ្លួន។
លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញប្រាប់ឲ្យដឹងថា ក្រោយពីពិនិត្យ និងចាត់ការសំណុំរឿងចប់សព្វគ្រប់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ទៅលើជនសង្ស័យចំនួន ១៤ នាក់ពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងបទធ្វើអន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះតាមមាត្រា ១៦ នៃច្បាប់ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស និងមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌ។ ខណៈជនសង្ស័យចំនួន ៤ នាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងធ្វើអន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះតាមមាត្រា ១៦ នៃច្បាប់ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្សមាត្រា ២៩ និងមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនជនត្រូវចោទចំនួន ១៥ នាក់ និងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី»។
លោក លី សុផាន់ណា បានឲ្យដឹងតាមរយៈសារតេឡេក្រាមថា ប៉ូលិសបានចាប់ខ្លួនមនុស្ស ១៥ នាក់ ខណៈ ៣ នាក់ផ្សេងទៀតបានរត់គេចខ្លួន។
លោក ស៊ិន វិរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា៖ «ករណីនេះត្រូវបានយើងធ្វើការចោទប្រកាន់រួចហើយ»។
លោក ទូច សារ៉េន នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ភ្នំពេញប៉ុស្តិ៍ផងដែរថា អាជ្ញាធរនៅតែបន្តចាប់ជនសង្ស័យចំពោះករណីនេះ។
លោកប្រាប់ថា៖ «យើងនៅតែបន្តស៊ើបអង្កេតស្ត្រីដែលពពោះហ្នឹងមានខ្លះជាកម្មករកាត់ដេរហើយខ្លះជាស្ត្រីនៅផ្ទះ»។
កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៨ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ផងដែរថា ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានី-ភ្នំពេញបានឃាត់ខ្លួនមនុស្ស ១៥ នាក់ក្នុងនោះមានប្រុស ២ នាក់ និងស្រី ១៣ នាក់ដែលក្នុងនោះមានស្ត្រី ១១ នាក់បាននិងកំពុងមានផ្ទៃពោះ។
កាលពីចុងខែតុលាឆ្នាំ ២០១៨ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃឲ្យដឹងថាមេធាវីការពារឲ្យស្ត្រីពពោះចំនួន ៣២ នាក់ផ្សេងទៀតដែលកំពុងជាប់ឃុំបានរៀបចំឯកសារដាក់ទៅតុលាការដើម្បីស្នើសុំឲ្យតុលាការធ្វើការពិចារណាដោះលែងពួកគេឲ្យនៅក្រៅឃុំបណ្តោះអាសន្នដើម្បីឲ្យពួកគេបានចិញ្ចឹមកូនៗដែលពួកគេស៊ីឈ្នួលបង្កើតឲ្យអ្នកផ្សេងនោះដោយពួកគេមិនបញ្ជូនកូនៗទៅឲ្យអ្នកដែលជួលពួកគេនោះឡើយ។
លោកស្រី ធីតា ឃឹះ នាយិកាអង្គការ សីលការ បានឲ្យដឹងថា ករណីនេះមិនមែនតែជាស្ត្រីទេដែលជាជនរងគ្រោះទារកដែលនៅក្នុងពោះពួកគាត់ក៏ជាជនរងគ្រោះដែរ។
លោកស្រីបន្តថា៖ «យើងចោទថាគាត់ធ្វើខុសច្បាប់ ប៉ុន្តែយើងអត់ទាន់មានច្បាប់ត្រឹមត្រូវដើម្បីទប់ទល់នឹងបញ្ហានេះទេ ដូច្នេះយើងពិបាកឆ្លើយថា គាត់ជួញដូរ ព្រោះអត់មានច្បាប់ពពោះហើយយើងយកច្បាប់ជួញដូរមកដាក់នៅក្នុងហ្នឹង។ វាអត់សមទៅនឹងពេលវេលា ហើយនិងបច្ចេកទេសថ្មីៗដែលប្រជាពលរដ្ឋខែ្មរស្តីពីករណីពពោះ យើងដើរអត់ទាន់នឹងបច្ចេកទេសគេទេ។ អ៊ីចឹងទៅបើមិនមានច្បាប់គឺស្ត្រីហ្នឹងហើយជាអ្នករងគ្រោះផង។ មិនដឹងថាទម្ងន់ដោយសារលុយ ឬក៏ដោយសារចង់ជួយគេ។ ខ្ញុំសូមឲ្យគេពិចារណាឡើងវិញភាពយុត្តិធម៌ វាអាចកើតមានឡើងបាននៅពេលដែលយើងគ្រប់គ្រងបានស្ថានភាពហើយយើងបានផ្សព្វផ្សាយច្បាប់ដែលយើងបានរៀបចំ និងគ្រប់គ្រងបានទូលំទូលាយ។ នេះវាធ្វើឲ្យខាតទាំងអស់គ្នាជាពិសេសស្ត្រី និងកុមារ អ៊ីចឹងវាជារឿងដែលគួរឲ្យសោកស្តាយយើងមិនគួរឲ្យស្ត្រីក្លាយជាជនរងគ្រោះអ៊ីចឹងទេ។ ធម្មតាគ្នាធ្វើដោយសារតែគ្នាអត់បានដឹងថាវាជារឿងខុសច្បាប់»។
លោក ប៉ុន ពុទ្ធបូរី អ្នកនាំពាក្យក្រសួងកិច្ចការនារីបានឲ្យដឹងកាលពីម្សិលមិញថា ក្រសួងកិច្ចការនារីនៅតែមានការព្រួយបារម្ភ ចំពោះករណីស៊ីឈ្នួលពពោះដែលនៅតែបន្តកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបន្តថា៖ «ក្រសួងកិច្ចការនារីកំពុងស្នើឲ្យមានកិច្ចប្រជុំមួយពិភាក្សារឿងហ្នឹងតទៅទៀតទៅលើសេចក្តីព្រាងច្បាប់ហ្នឹងធ្វើម៉េចឲ្យច្បាប់ហ្នឹងគ្របដណ្តប់ទៅលើរឿងហ្នឹង។ សង្ឃឹមថាកិច្ចប្រជុំនឹងមានក្នុងពេលឆាប់ៗ។ យើងកំពុងមើលសេចក្តីព្រាងទី ១ ថាតើវាបានគ្របដណ្តប់លើករណីថ្មីៗអត់? ស្ត្រីមួយចំនួនគាត់គួរតែដឹងថា វាជាបញ្ហា»។
ទន្ទឹមនឹងនេះផងដែរសម្រាប់ករណីឃុំខ្លួនបណ្តោះអាសន្នស្ត្រី ៣២ នាក់ករណីស៊ីឈ្នួលពពោះបើយោងតាមបុគ្គលិកមន្ទីរពេទ្យ ១៦ ឧសភា បាននិយាយថា ក្នុងចំណោមស្ត្រី ៣២ នាក់មានស្ត្រី ១៨ នាក់បានសម្រាលកូនរួចរាល់ហើយមានទារកចំនួន ១៤ នាក់ និងមានទារក ២ នាក់រលូតក្នុងអាយុពី ១ ខែទៅ ២ ខែនៅក្នុងពោះម្ដាយរបស់ពួកគេ និងមានស្លាប់ ១ ករណីមុនបញ្ជូនមកមន្ទីរពេទ្យ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សកាលពីម្សិលមិញមិនអាចទាក់ទងសុំការបំភ្លឺបន្ថែមបានទេ៕