ភ្នំពេញៈ បណ្តាញព្រះសង្ឃ និស្សិតបញ្ញវន្ត និងអ្នកមានជម្លោះដីធ្លីប្រមាណ ១០០០ នាក់ គ្រោងប្រមូលផ្តុំគ្នា នៅថ្ងៃសុក្រស្អែកនេះ នៅមុខស្ថានទូតអាមេរិក មុននឹងដង្ហែក្បួនទៅកាន់ស្ថាប័នរដ្ឋនានា សហភាពអឺរ៉ុប ការិយាល័យអង្គការសហប្រជាជាតិ គណបក្សជាប់ឆ្នោតទាំងពីរ និងស្ថានទូតអូស្ត្រាលី ក្នុងគោលបំណងប្រឆាំងនឹងកិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួនពី អូស្រ្តាលី មកកម្ពុជា។
តាមរយៈលិខិតជូនដំណឹង គោលបំណងសំខាន់នៃយុទ្ធនាការថ្ងៃ ទី១៧ ខែតុលា នេះ គឺដើម្បីប្រឆាំងនឹងទង្វើអមនុស្សធម៌របស់រដ្ឋាភិបាលអូស្ត្រាលី និងកម្ពុជា ដែលកំពុងរំលោភសិទ្ធិមនុស្ស និងសិទ្ធិជនភៀសខ្លួន ដោយបានបង្ខិតបង្ខំជនភៀសខ្លួនឲ្យមកជ្រកកោននៅលើទឹកដីកម្ពុជា បើទោះបីជាដឹងថា ពួកគេមិនព្រមមកក៏ដោយ ខណៈដែលរដ្ឋាភិបាលកម្ពុជា បែរជាដៃម្ខាងចាំទទួលមនុស្ស និងដៃម្ខាងចាំទទួលប្រាក់ដុល្លារពីអូស្ត្រាលី ដោយមិនខ្វល់ពីបញ្ហាសង្គម និងបញ្ហាអយុត្តិធម៌ដែលកំពុងកើតឡើងក្នុងសង្គម។
លោក ទិប ទាវ នាយកប្រតិបត្តិសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តំណាងបណ្តាញព្រះសង្ឃ និស្សិតបញ្ញវន្ត និងអ្នកមានជម្លោះដីធ្លី ៥ រូប នឹងចូលជួបពិភាក្សាជាមួយមន្រ្តីសាលារាជធានីពីគម្រោងនេះ។
លោកបញ្ជាក់ថា៖ «យើងដឹងថា សាលារាជធានីច្បាស់ជាមិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំ ១០០០ នាក់ទេ ច្រើនបំផុតគឺ ២០០ នាក់តែនេះ យើងជូនដំណឹងតាមនីតិវិធីច្បាប់ហើយការចូលរួមលើសពី ១០០០ នាក់ គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ»។
លោកបន្ថែមថា៖ «យើងធ្វើយុទ្ធនាការនេះ គឺដើម្បីស្នើសុំអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធទាំងនេះ ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា និងអូស្រ្តាលី ឲ្យបញ្ចប់កិច្ចព្រមព្រៀងនេះ»។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានទេ កាលពីម្សិលមិញ ប៉ុន្តែកន្លងមក លោកធ្លាប់មានប្រសាសន៍ថា មន្រ្តីអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា នឹងទៅកោះ Nauru ដើម្បីជួបជនភៀសខ្លួននៅទីនោះ។
លោកក៏បានបញ្ជាក់ដែរថា ទោះបីជាមានកិច្ចព្រមព្រៀងទៅលើសំណុំរឿងជនភៀសខ្លួននោះមែនពិត ប៉ុន្តែគេមិនដឹងថា តើជនភៀសខ្លួនទាំង ១០០០ នោះនឹងយល់ព្រមមកកម្ពុជា ឬយ៉ាងណានោះទេ ព្រោះការងារនេះ គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។
កាលពីថ្ងៃ ទី២៦ ខែកញ្ញា កម្ពុជា និងអូស្រ្តាលី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការទទួលជនភៀសខ្លួនជាង ១០០០ នាក់ ដែលកំពុងត្រូវបានឃុំខ្លួននៅលើកោះ Nauru ឲ្យមកតាំងទីលំនៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋាភិបាលអូស្រ្តាលី នឹងផ្តល់ប្រាក់ ៣៥ លានដុល្លារសម្រាប់រយៈពេល ៤ ឆ្នាំ ដើម្បីគាំទ្រគម្រោងជំនួយអភិវឌ្ឍន៍បរទេសនានាបន្ថែមទៅលើទឹកប្រាក់ជំនួយសព្វថ្ងៃចំនួន ៧៩ លានដុល្លារសម្រាប់កម្ពុជា។ ក៏ប៉ុន្តែទោះជាយ៉ាងណា បន្ទាប់ពីមានការចុះកិច្ចព្រមព្រៀងនេះ ជនភៀសខ្លួននៅកោះ Nauru បានធ្វើបាតុកម្មប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងបញ្ជូនពួកគេមកកម្ពុជា ជាប្រទេសក្រីក្រដែលមានការរំលោភសិទ្ធិមនុស្ស ហើយថា មានតែសាកសពរបស់ពួកគេប៉ុណ្ណោះដែលអាចបញ្ជូនមកកម្ពុជាបាន៕