ភ្នំពេញ៖ មនុស្ស ២០ នាក់​ស្លាប់ និង ១០ នាក់​បាន​របួស​ធ្ងន់ និង​ស្រាល និង​ខូចខាត​អគារ​ផ្សេង​រាប់​ពាន់​ខ្នង ដោយ​ហេតុ​បាតុភូត​ខ្យល់​កន្ត្រាក់ និង​រន្ទះ​បាញ់​ក្នុង​រយៈពេល ៤ ខែ​ដើម​ឆ្នាំ ២០២១ ភាគ​ច្រើន​បាន​កើត​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំប្រទល់​ប្រទេស​ជិត​ខាង។ យោង​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​កាល​ពី​ថ្ងៃទី ០២ ខែ​ឧសភា។

លោក កែវ វី ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា ក្នុង​ចំណោម​មនុស្ស​ស្លាប់​ និង​រង​របួស​សរុប​ទាំង ៣០ នាក់​នោះ មាន ២៤ នាក់​បាន​ស្លាប់ និង​រង​របួស​ដោយ​ករណី​រន្ទះ​បាញ់ និង ៦ នាក់​ទៀត​បាន​ស្លាប់ និង​រង​របួស​ដោយ​ករណី​ខ្យល់​កន្ត្រាក់។

លោក កែវ វី បាន​ឱ្យ​ដឹង​ថា ខេត្ត​ដែល​មាន​ករណី​រងគ្រោះ​ថ្នាក់​ដោយសារ​បាតុភូត​រន្ទះ​បាញ់​នេះ ភាគ​ច្រើន​កើន​មាន​នៅ​តាម​បណ្ដា​ខេត្ត​ក្នុង​តំបន់​វាល​ទំនាប​កណ្ដាល​ភាគ​ពាយព្យ និង​ខេត្ត​ជាប់​ជួរ​ភ្នំ​ដង​រ៉ែក។ ក្នុង​នោះ​ខេត្ត​បាត់ដំបង​ត្រូវ​បាន​គេ​កត់ត្រា​មាន​ស្លាប់​រហូត​ដល់ ៦ នាក់ និង​របួស ២ នាក់ ដោយ​ករណី​រន្ទះ​បាញ់ គឺ​ច្រើន​ជាង​បណ្ដា​ខេត្ត​ផ្សេងៗ។

ទន្ទឹម​នឹង​នេះ លោក កែវ វី ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា បាតុភូត​ខ្យល់​កន្ត្រាក់​ក្នុង​រយៈពេល ៤ ខែ​ដើម​ឆ្នាំ​នេះ បាន​កើត​ឡើង​ចំនួន ៦០ លើក ប៉ះពាល់​ខេត្ត​ចំនួន ២០ រួម​មាន ខេត្ត​កណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ មណ្ឌលគិរី រតនគិរី កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង តាកែវ ក្រុងព្រះសីហនុ កោះកុង កំពង់ស្ពឺ កំពង់ធំ និង ខេត្ត​សៀមរាប។

លោក​បានប​ញ្ជាក់​ថា ក្នុង​ចំណោម​ខេត្ត​ទាំង ២០ នេះ ខេត្ត​បន្ទាយមានជ័យ​រង​ការ​ខូចខាត​ច្រើន​ជាង​គេ និង​បាន​បង្ក​ឲ្យ​កុមារា​ម្នាក់​ស្លាប់ និង​មនុស្ស ៥ នាក់​ទៀត​រង​របួស​ធ្ងន់ និង​ស្រាល ដោយ​ករណី​រលំ​ផ្ទះ​សង្កត់​លើ។ បាន​បង្ក​ផល​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​សរុប ១ ២៥៩ ខ្នង ក្នុង​នោះ​ផ្ទះ​តូច-ធំ​ចំនួន ២០៩ ខ្នង បាន​ដួល​រលំ​រង​ការ​ខូចខាត​ទាំង​ស្រុង និង ១ ០៥០ ខ្នង​ទៀត បាន​ប៉ើង​របើក​ដំបូល​ខូច​ខាត​មធ្យម។ លើស​ពី​នេះ បាន​បង្ក​ការ​ខូចខាត​ដំបូល​អគារ​សាលារៀន​ចំនួន ១០ អគារ និង​អគារ​រដ្ឋបាល​សាធារណៈ​ចំនួន ១០ អគារ ផ្សារ​ចំនួន ២ និង​តូប​លក់​ដូរ​សរុប​ជាង ១០០ តូប។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ល្ងាច​ថ្ងៃទី ០២ ខែ​ឧសភា​ថា នៅ​ពេល​នេះ ប្រទេស​កម្ពុជា កំពុង​ទទួល​នូវ​ឥទ្ធិពល​ខ្យល់​មូសុង​និរតី ដែល​នឹង​នាំ​មក​នូវ​របាយ​ទឹក​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន ពិសេស​បណ្ដា​ខេត្ត​ក្នុង​តំបន់​វាល​ទំនាប​កណ្ដាល។ ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្លាស់ប្ដូរ​រដូវកាល​គឺ ពី​រដូវ​ប្រាំង​មក​រដូវ​វស្សា​នេះ សីតុណ្ហភាព​នៅ​មាន​កម្ដៅ​ខ្ពស់​នៅ​ឡើយ ដូច្នេះ​វា​ងាយ​នឹង​បង្ក​ឲ្យ​មាន​បាតុភូត​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​កើត​មាន​ច្រើន​ក្នុង​អំឡុង​ពេល​មេឃ​រក​កល​ភ្លៀង និង​ពេល​កំពុង​ភ្លៀង ដែល​ទាមទារ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ទាំង ២ នេះ។

លោក​បាន​ថ្លែង​ថា៖ «បាតុភូត​ធម្មជាតិ​ទាំង ២ នេះ មិនមែន​កើត​មាន​តែ​ក្នុង​ប្រទេស​កម្ពុជា យើង​ទេ។ នៅ​ប្រទេស​ថៃ វៀតណាម ឡាវ និង​ភូមា ក៏​មាន​កើត​ឡើង​ផង​ដែរ ហើយ​ច្រើន​ជាង​ប្រទេស​យើង​ថែម​ទៀត​ផង»។

លោក​បាន​បន្ត​ថា មាន​វិធីសាស្ត្រ​ងាយៗ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​មួយ​ចំនួន​អាច​ការពារ និង​ទប់​ស្កាត់​ករណី​រន្ទះ​បាញ់​បាន​ដូចជា​ការ​ប្រើ​ឧបករណ៍ ការពារ​រន្ទះ​នៅ​តាម​ផ្ទះ ការ​បិទ​ប្រព័ន្ធ​អគ្គិសនី និង​ឧបករណ៍​អេឡិចត្រូនិក ដែល​ងាយ​ចម្លង​ចរន្ត​អគ្គិសនី​នៅ​ពេល​មេឃ​រក​កល​ភ្លៀង និង​កំពុង​មាន​ភ្លៀង​ខ្យល់​ខ្លាំង។ ក្នុង​ករណី​នៅ​លើ​ទីវាល ពេល​មេឃ​កំពុង​រក​កល់​ភ្លៀង និង​កំពុង​មាន​ភ្លៀង​ខ្យល់​បក់​បោក​ខ្លាំង ត្រូវ​ចាកចេញ​ពី​កន្លែង​ដែល​មាន​ដក់​ទឹក​ច្រើន មិន​ត្រូវ​ចូល​ទៅ​ជ្រក​ក្រោម​ដើម​ឈើ​នោះ​ទេ ប៉ុន្តែ​ត្រូវ​អង្គុយ​ចុះ​ដោយ​យក​ដៃ​ខ្ទប់​ត្រចៀក។ ប៉ុន្តែ​សម្រាប់​បាតុភូត​ខ្យល់​កន្ត្រាក់ គឺ​គ្មាន​មធ្យោបាយ​ការពារ និង​ទប់ស្កាត់​បាន​ទេ ប្រសិន​បើ​សំណង់​មិន​រឹងមាំ ហើយ​ស្ថិត​ក្នុង​តំបន់​វាលនោះ។

លោក ចាន់ យុត្ថា បាន​ថ្លែងថា៖ «យ៉ាង​ណា​ក៏​ដោយ យើង​អាច​ដឹង​ពី​សញ្ញាណ​របស់​បាតុភូត​ទាំង ២ នេះ ជា​មុន​បាន​តាមរយៈ​ការ​ពិនិត្យ​អង្កេត​ទៅ​លើ​ចំណុច​សំខាន់ ២ រួមមាន​តំបន់​ដែល​មាន​បាតុភូត​ទាំង ២ នេះ​កើត​ឡើង គឺ​មុន​ដំបូង​មាន​ភាព​ស្អុះស្អាប់ និង​ហប់​ខ្យល់ បន្ទាប់​មក​ផ្ទៃ​មេឃ​មាន​ដុំ​ពពក​តូចៗ ដែល​មាន​រាង​ដូច​ផ្សិត​កើត​ឡើង​ច្រើន ដុំ​ពពក​នោះ​នឹង​ប្រែប្រួល​ធំ​ឡើងៗ​រួច​ប្ដូរ​ពណ៌​ពី​ស​មក​ខ្មៅ ហើយ​ធ្លាក់​ចុះ​ដាប​មក​ក្រោម។ លក្ខណៈ​ទាំង ២ នេះ​ហើយ ដែល​ជំរុញ​ឲ្យ​មាន​បាតុភូត​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​កើត​ឡើង»៕