ភ្នំពេញ៖ ខណៈ​ជំនន់​ទឹក​ភ្លៀង​បង្ក​ឱ្យ​មនុស្ស​យ៉ាង​តិច ​២៤ នាក់​ស្លាប់​ និង​ជាង ​២៧ ម៉ឺននាក់​ទៀត​កំពុង​រស់នៅ​ទាំង​លំបាក​ក្នុង​ផ្ទះ​ដែល​ជន់​លិច ​និង​ហ៊ុមព័ទ្ធ​​ដោយ​ជំនន់​ទឹក​ភ្លៀង​ និង​នៅ​ក្រោម​តង់​កៅស៊ូ​នៃ​តំបន់​ទីទួល​សុវត្ថិភាព ​ដែល​គាំពារ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ជា​បណ្ដោះ​​អាសន្ន ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ជំរុញ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​និង​ពង្រឹង​ ​ការ​អនុវត្ត​វិធានការ​អនាម័យ​ស្អាត។

យោង​តាម​ទិន្នន័យ​ដែល​ទទួល​បាន​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​កាល​ពី​ថ្ងៃ​អាទិត្យ ​បង្ហាញ​ថា ​ជំនន់​ទឹក​ភ្លៀង​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ​១៧ ​ខែតុលា​ បាន​បង្ក​ឱ្យ​​មនុស្ស​ ២៤ នាក់​ស្លាប់​​ដោយ​លង់​ទឹក ​និង​​ប៉ះពាល់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ ១៩​ ​រាជធានី​-ខេត្ត​ ជាង​ ២៧ ម៉ឺន​នាក់​។

ក្នុង​នោះ​ ​មនុស្ស​ជាង​ ២៦ ៦០៨​ នាក់​​ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​។ បង្ក​ការ​ប៉ះពាល់​ដំណាំ​ស្រូវ ​សរុប​ជិត​ ១៧ ម៉ឺន​ហិកតា ​ក្នុង​នោះ​ខូចខាត​ទាំង​ស្រុង ​៣២ ៣៨២ ហិកតា ​ប៉ះពាល់​ដំណាំ​រួមផ្សំ​សរុប​ជាង ​៧៣ ​ពាន់​ហិកតា ក្នុង​នោះ​ខូចខាត​ទាំង​ស្រុង​ជាង ​៣៨ ពាន់​ហិកតា ព្រម​ទាំង​ប៉ះពាល់​ផ្លូវ​ជាតិ ​និង​ផ្លូវ​ខេត្ត​សរុប​ជាង ៣៤៤ គ.ម ​និង​ផ្លូវ​លំ​ជនបទ​ជិត ​១ ៥០០ គ.ម។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​សួរ​សុខ​ទុក្ខ​​​ ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​ក្នុង​ខណ្ឌ​ដង្កោ ​រាជធានី​ភ្នំពេញ ​នា​យប់​ថ្ងៃទី ​១៥​ ខែ​តុលា​ លោក​​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ​ថ្វី​បើ​ពេល​​នេះ​ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​​នៅ​ខេត្ត​កំពង់ស្ពឺ​មាន​ការ​ថយ​ចុះ​បន្តិច ​និង​កំពុង​វិល​ទៅ​រក​ស្ថានភាព​ដូច​ធម្មតា​វិញ ​ដោយសារ​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​ក្តី​ ប៉ុន្តែ​ផ្នែក​ខ្លះ​នៃ​ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ ​និង​ស្រុក​កណ្ដាល​ស្ទឹង ​នៃ​ខេត្ត​កណ្ដាល​ ដែល​ជា​តំបន់​ទំនាប​​សណ្ដ​របស់​ខេត្ត​កំពង់ស្ពឺ​ ទឹក​នៅ​មិន​ទាន់​ថមថយ​នៅ​ឡើយ​ទេ ​ដែល​ទាមទារ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​បន្ថែម​ទៀត។

លោក ​ហ៊ុន សែន ​ថា​៖ «​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដា​រាជធានី-​ខេត្ត​មួយ​ចំនួន​កំពុង​រស់នៅ​ទាំង​លំបាក ​ដោយសារ​​ជំនន់​ទឹក​ភ្លៀង ​ជន់លិច​ផ្ទះ​សំបែង។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​នៅ​ក្នុង​កាលៈទេសៈ​នេះ ​ការ​ពង្រឹង​វិធានការ​អនាម័យ​ស្អាត ​និង​ការ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន ​គឺ​ជា​រឿង​សំខាន់​បំផុត»។

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ ផ្ដល់​ជំនួយ​សង្គ្រោះ​បឋម​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់ ​និង​​ត្រូវ​ពិនិត្យ​តាមដាន​ពី​សុខភាព​នៃ​ការ​រស់នៅ​របស់​ពលរដ្ឋ​ ដោយ​ផ្ដល់​ថ្នាំ​សង្កូវ ​និង​ព្យាបាល​ឱ្យ​បាន​ទាន់​ពេល​វេលា​ ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​នូវ​ហានិភ័យ​នានា ​ឱ្យ​បាន​ច្រើន​បំផុត​។

លោក​ថ្លែង​ថា​៖ «បើ​ទោះ​ជា​យើង​មក​ដល់​ទីទួល​សុវត្ថិភាព​ហើយ​​ក្ដី ​តែ​យើង​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ថែមទៀត ​ពិសេស​កុមារ​កុំ​ឱ្យ​ចុះ​លេង​ទឹក និង​ត្រូវ​ចេះ​ថែទាំ​អនាម័យ​​​សុខភាព​ផ្ទាល់​ខ្លួន​ឱ្យ​បាន​ល្អ។ កុំ​ទទួល​ទាន​ទឹក​មិនស្អាត ​ដែល​នាំ​ទៅ​ដល់​ជំងឺ​រាក​រូស​ក្អួត​នាំ​មក​នូវ​ការ​លំបាក​បន្ថែម​ទៀត»។

លោក​បន្ត​ថា​៖ «ជំងឺ​កូវីដ ១៩​ និង​គ្រោះ​ជំនន់​ទឹក​ភ្លៀង​បាន​បំផ្លាញ​យើង ​ប៉ុន្តែ​មិន​អាច​សម្លាប់​យើង​បាន​ទេ ​​នៅ​ពេល​ដែល​យើង​គ្រប់​គ្នា​មាន​ការ​ប្រុងប្រយ័ត្ន ​និង​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​នៃ​ការរស់​នៅ​ស្អាត»។

បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី ​នៅ​ពេល​នេះ​ រាជធានី-ខេត្ត​ចំនួន ​៣ ​ប៉ុណ្ណោះ ​ដែល​កំពុង​បន្ត​ប្រឈម​នឹង​​គ្រោះ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​នៅ​ឡើយ​ ក្នុង​នោះ​មាន​រាជធានី​ភ្នំពេញ​ ខេត្ត​កណ្ដាល ​និង​ខេត្ត​បន្ទាយមានជ័យ ​ក្រៅ​ពី​នេះ​ស្ថានភាព​ទឹក​ជំនន់​បាន​ចាប់​ផ្ដើម​ស្រក​ជា​បណ្ដើរៗ​ហើយ។

ជុំវិញ​ករណី​នេះ​លោក ​លី សារី ​អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃ​អាទិត្យ​ថា ​ដោយសារ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ក្នុង​កម្រិត​មធ្យម ​និង​ទឹក​ហូរ​ធ្លាក់​តាម​ដង​អូរ​ពី​ស្រុក​បវេល​ខេត្ត​បាត់ដំបង​ និង​ពី​ព្រំដែន​ថៃ​បាន​បង្ក​ឱ្យ​មនុស្ស​ ១៣ ​នាក់​ស្លាប់ ​និង​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​សរុប​ ​១៥ ១១១ ខ្នង។ គិត​ចំនួន​​មនុស្ស​​ ស្មើ​នឹង ​១៧៣ ៩២៦ នាក់ ​ក្នុង​នោះ​មនុស្ស ​១១ ១៧២ នាក់​ ត្រូវ​បាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​។

លោក​ថ្លែង​ថា ក្រៅ​ពី​នេះ​គ្រោះ​ទឹក​ជំនន់​ក៏​បាន​ជន់​លិច​ដំណាំ​ស្រូវ ​ចំនួន ​៤១ ៤៨៤ ហ.ត ​ដំឡូងមី ​និង​​ដំណាំ​រួមផ្សំ​ជាង ​២ ៨០០ ​ហ.ត​។ សាលា​រៀន​ ៨៤ កន្លែង ត្រូវ​ផ្អាក​​បណ្ដោះ​អាសន្ន​មណ្ឌល​​សុខភាព ​៩ កន្លែង...​និង​ប៉ះពាល់​កំណាត់​ផ្លូវ​ចំនួន ​៤៨៩ កន្លែង ​មាន​ប្រវែង​សរុប​ជាង ​២៩៥ គ.ម។

លោក​ថ្លែង​ថា​៖ «នៅ​ពេល​នេះ ​យើង​កំពុង​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព ​និង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​តំបន់​ដែល​រង​ការ​ជន់​លិច​ធ្ងន់ធ្ងរ​មក​កាន់​ទីទួល​សុវត្ថិភាព ​និង​ផ្ដល់​ជំនួយ​សង្គ្រោះ​បឋម​ដល់​ជន​រងគ្រោះ​ផង​ដែរ»។

លោក ​ញ៉ែម ភារម្យ ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ថ្មពួក​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃ​អាទិត្យថា ​ទឹក​ជំនន់​ដែល​ហូរ​ចាក់​តាម​អូរ​ព្រំដែន​ថៃ ​បាន​ជន់​លិច​មន្ទីរពេទ្យ​បង្អែក​ស្រុក​​ថ្ម​ពួក។ អ្នក​ជំងឺ ​២៤ នាក់ ​និង​គ្រូពេទ្យ ​រួមទាំង​បុគ្គលិក​សុខាភិបាល​នៃ​មន្ទីរ​ពេទ្យ​នេះ ​សរុប ​៦៩ ​នាក់ ​ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយ​ចេក ​និងមន្ទីរ​ពេទ្យ​ខេត្ត​ក្នុង​ស្រុក​មង្គលបុរី​។

លោក​ថា​៖ «ទឹក​បាន​ជន់​លិច​ដល់​រនាប​គ្រែ​អ្នក​ជំងឺ​ទៅ​ហើយ​ ដូច្នេះ​យើង​មិន​អាច​បន្ត​ការ​ព្យាបាល​ពួក​គាត់​ក្នុង​ស្ថានភាព​បែប​នេះ ​ដោយ​ប្រថុយ​ប្រថាន​បាន​ទេ។ យើង​ចាំបាច់​ត្រូវ​ជម្លៀស​ពួក​គាត់​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយចេក និង​មន្ទីរពេទ្យ​ខេត្ត​បន្ទាយមានជ័យ​ដែល​មាន​សុវត្ថិភាព​ ដើម្បី​​ធានា​ដល់​ការ​ព្យាបាល​ពួក​គាត់​​បន្ត​រហូត​ដល់​ជា​សះស្បើយ»​។

សប្បុរសជន ​១៣៥ នាក់ ​ចូលរួម​ឧបត្ថម្ភ​សាច់​ប្រាក់​សរុប​ជាង ​៦,៨ ​លាន​ដុល្លារ ​និង​ជាង ​៤៣៤ ​លាន​រៀល ​និង ​៥ ០០០ អឺរ៉ូ ​ដល់​ប្រមុខ​រដ្ឋាភិបាល ដើម្បី​​ឆ្លើយ​តប​ចំពោះ​ដំណោះស្រាយ​ជា​បន្ទាន់​ដល់​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់។ នេះ​បើតាម​ Facebook ​របស់​លោក ​ហ៊ុន សែន ​បាន​ចុះ​ផ្សាយ​កាល​ពី​​យប់​ថ្ងៃទី ១៧ ​ខែតុលា។

រដ្ឋាភិបាល​ក៏​បាន​ឧបត្ថម្ភ​ជា​សាច់​​ប្រាក់ ​២០០ លាន​រៀល ​ដល់​ជន​រងគ្រោះ ​២០ ​គ្រួសារ ​ដែល​មាន​សមាជិក​ស្លាប់​ដោយ​លង់​ទឹក ​ក្នុង​នោះ​ ១ គ្រួសារ​ទទួល​បាន​សាច់​ប្រាក់ ​១០ លាន​រៀល​។ នេះ​បើ​តាម​​លោក ​ឃុន សុខា ​អ្នក​នាំពាក្យ​​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​​គ្រោះមហន្ត​រាយ​ពី​ម្សិលមិញ៕

វីដេអូ៖