ភ្នំពេញៈ មនុស្ស​ ២៦ ​នាក់​ស្លាប់​ និង​ ៨០ ​នាក់​របួសធ្ងន់​ និង​ស្រាល​នៅលើ​ដងផ្លូវ​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ដោយហេតុ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ពិធី​ភ្ជុំបិណ្ឌ​ដែល​ចាប់ផ្ដើម​កាលពី​ថ្ងៃទី ២៦-២៨ ខែ​កញ្ញា​កន្លងមក​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨ ចំនួន​អ្នកស្លាប់​ថយចុះ​ ២ ​នាក់​។ យោង​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

លោក​ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំនេះ បើ​ប្រៀបធៀប​នឹង​ភ្ជុំបិណ្ឌ ឆ្នាំ​ ២០១៨ កន្លងទៅ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មាន​ការថយចុះ​ ១ ​លើក​ចំនួន​អ្នក​ស្លាប់​ថយចុះ​ ២ ​នាក់ និង​អ្នក​រងរបួស​ថយចុះ​ចំនួន​ ៥ ​នាក់​។

លោក​ យ៉ាន បាន​ថ្លែងថា ខេត្ត​ដែល​មាន​គ្រោះថ្នាក់​កើតឡើង​ច្រើន​ជាង​គេ មាន​ខេត្ដ​កណ្ដាល កំពង់ចាម កំពត និង​តាកែវ​។ កាលពី​ឆ្នាំ​មុន​គ្រោះថ្នាក់​រយៈពេល ៣ ​ថ្ងៃ​ដូចគ្នា​មាន​ចំនួន​ស្លាប់​រហូតដល់ ២៨ ​នាក់​។ ប៉ុន្ដែ​បញ្ហា​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​នៅ​តែ​បន្ដ​កើតឡើង​ដោយសារ​តែ​អ្នកបើកបរ បើក​លើស​ល្បឿន​កំណត់​ដដែល​។

តាម​របាយការណ៍​នគរបាល​ដដែល​នេះ​បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ ៥២ ​លើក​នេះ​បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន ៦៦ ​គ្រឿង​, រថយន្ត​តូច ២៤ ​គ្រឿង​, រថយន្ដ​ធំ ៣ ​គ្រឿង ខណៈ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ខ្លាំង​ជាង​គេ​បណ្ដាល​មកពី​អ្នកបើកបរ​លើស​ល្បឿន​កំណត់ និង​មិន​គោរព​សិទ្ធិ​មិន​ប្រកាន់​ស្ដាំ ប្រជែង បត់​ក្នុងស្ថានភាព​គ្រោះថ្នាក់ និង​បើកបរ​ទាំង​មាន​ផ្ទុក​សារធាតុ​ស្រវឹង​ជាដើម​។

ដោយឡែក​នៅក្នុង​ខេត្ត​ព្រះសីហនុ​លោក អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ​ទទួល​បន្ទុក​ចរាចរណ៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត ៣ ​គ្រឿង​គឺ​រថយន្ត​ដឹក​ថ្ម រថយន្ត​ដឹក​ខ្សាច់ និង​រថយន្ត STAREX ដឹក​ភ្ញៀវ បុក​ប៉ះគ្នា​នៅ​ចំណុច​ចំណោត​អូរត្រាវ ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៣ ​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។

លោក​ថ្លែងថា គ្រោះថ្នាក់​នេះ​សមត្ថកិច្ច​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​នៅ​ឡើយ និង​កំពុង​ស្វែងរក​សាច់ញាតិ​យក​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ក្នុង​ចំណោម​អ្នកស្លាប់​ទាំង​ ៣ ក្នុងនោះ​មាន​ ២ ​នាក់​ជា​អ្នកជិះ​ក្នុង​រថយន្ត STAREX ។

របាយការណ៍​របស់​សមត្ថកិច្ច​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត ១ ​គ្រឿង​ម៉ាក STAREX ពណ៌ ស​មាន​អ្នកបើកបរ ឈ្មោះ សេង ភារៈ ភេទ​ប្រុស អាយុ​ ២៦ ​ឆ្នាំ​មុខរបរ​រត់​តាក់ស៊ី​រស់នៅ​ភូមិ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត​រួម​នឹង​អ្នកដំណើរ​មនុស្ស ៧ ​នាក់ (​ស្រី ២ ​នាក់​) ​មាន​ទិសដៅ​ពី​ខេត្តកំពត​ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ​លុះ​មកដល់​ចំណុច​ខាងលើ​ក្នុង​ស្ថានភាព​ផ្លូវ​ឡើង​ចំណោត អ្នកបើកបរ​រថយន្ត STAREX បាន​វ៉ា​ជែង​រថយន្ត​ធុន​ធំ ១ ​គ្រឿង​ម៉ាក HYUNDAI ពណ៌​ស អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​មិន​ផុត​ក៏​បាន​កៀរ ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​ធុន​ធំ ១ ​គ្រឿង​ទៀត ម៉ាក HYUNDAI ពណ៌ ស ដែល​មាន​ទិសដៅ​ផ្ទុយ​អ្នក​បើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​។

លោក គឹម បញ្ញា នាយកអង្គការ​មូលនិធិ​បង្ការ​របួស អាស៊ី (AIP Foundation) បាន​ឲ្យ​ដឹងថា ចំនួន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​ចំនួន​អ្នក​ស្លាប់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ដែល​បានធ្វើ​ដំណើរ​ទៅ​តាម​បណ្ដា​ខេត្ដ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មាន​ការថយចុះ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ ទោះបី​មាន​សញ្ញាណ​នៃ​ការថយចុះ ប៉ុន្ដែ​ចំនួន​អ្នកស្លាប់​នៅតែ​មាន​ចំនួន​ច្រើន​នៅឡើយ​។

លោក បញ្ញា ថ្លែងថា​៖ «​យើង​នៅតែ​មាន​ការព្រួយបារម្ភ​ទោះបី​សញ្ញាណ​នៃ​អ្នកស្លាប់​មាន​ការ​ថយចុះ​។ បើ​យើង​មើល​លើ​ចំនួន​អ្នកស្លាប់​ចំនួន​ ២៦ ​នាក់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ដូច្នេះ​ក្នុង​ ១ ​ថ្ងៃ​មាន​អ្នកស្លាប់​ចូល​ដល់​ ៩ ​នាក់ និង​មាន​អ្នករងរបួស​ជាច្រើន​អ្នក​ផ្សេងទៀត​»​។

លោក បញ្ញា បាន​ឲ្យ​ដឹង​ទៀត​ថា​ស្ថាប័ន​រាជរដ្ឋាភិបាល ភាគី​ពាក់ព័ន្ធ​មាន​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​អ្នក​សារព័ត៌មាន បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការឆ្លើយតប​ចំពោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​។ ប៉ុន្ដែ​ការខិតខំ​នេះ​នៅ​ប្រើប្រាស់​វិធានការ​ទន់ភ្លន់​ដោយ​យក​ការអប់រំ ការផ្សព្វផ្សាយ​ជា​អាទិភាព ហើយ​បើ​សិន​នៅតែ​បន្ត​យក​វិធីសាស្ដ្រ​ដដែល ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នោះ​នឹង​មិន​មានការ​កាត់បន្ថយ​គ្រោះថ្នាក់​បាន​ច្រើន​ឡើយ​។

លោក​ថ្លែងថា​៖ «​ស្របពេល​រាជរដ្ឋាភិបាល​ប្រើប្រាស់​វិធីសាស្ដ្រ​អប់រំ​ផ្សព្វផ្សាយ រដ្ឋាភិបាល​គួរប្រើ​ប្រាស់​យន្តការ​លើ​ការ​រឹតបន្តឹង​ការ​អនុវត្ដ​ច្បាប់​ឲ្យ​បាន​ជាប់លាប់ និង​បាន​ទៀងទាត់​ដោយ​ស្មើភាព និង​តម្លាភាព​ជា​អាទិភាព​វិញ​ទើប​អាច​ជំរុញ​ការកាត់បន្ថយ​ចំនួន​អ្នកស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ច្រើន ដោយ​ការផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ពលរដ្ឋ​»​។

លោក បញ្ញា បាន​បញ្ជាក់​ថា​ក្រៅពី​ការ​រឹតបន្ដឹង​វិធានការ​នៃ​ការ​អនុវត្ដ​ច្បាប់​របស់​សមត្ថកិច្ច​ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ រាជរដ្ឋាភិបាល​អាច​ដាក់​ចេញ​នូវ​វិធានការ​ផ្សេងៗ​ជាច្រើន​ទៀត ដូចជា កត្ដា​យានយន្ត ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍​ជាដើម​។ ប៉ុន្ដែ​ចំណុច​ដែល​សង្គម​ស៊ីវិល​ទទូច​សំណូមពរ​បន្ថែម​នោះ​គឺ​ការបញ្ឈប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​។ បើ​មិន​បាន​បញ្ឈប់​ជាទូទៅ ក៏​គួរតែ​បញ្ឈប់​នៅ​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ​ធំៗ​គឺ​មិន​ត្រូវ​ឲ្យ​មានការ​ផ្សព្វផ្សាយ​នោះទេ​៕