សៀមរាប/កំពង់ចាមៈ តុលាការ​ខេត្តសៀមរាប​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ ២ ​នាក់​កាលពី​ថ្ងៃទី​ ២០ ​មេសា​នៅក្នុង​ពន្ធនាគារ​ខេត្ត​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​ជិត​កន្លះ​គីឡូក្រាម​។

លោក ធាវ ច័ន្ទតារា នាយការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​ប្រាប់​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ​ ជ្រឹង គឹមសៀង ភេទ​ប្រុស អាយុ ៣៣ ​ឆ្នាំ​ជា​ជាង​ជួសជុល​ទូរស័ព្ទ​មាន​លំនៅ ភូមិ​សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង-ខេត្ត សៀមរាប​។ ​ទី​ ២- ​ឈ្មោះ គង់ សុភី ភេទ​ប្រុស អាយុ ២៧ ​ឆ្នាំ​ជា​ជាង​ជួសជុល​ទូរស័ព្ទ មាន​លំនៅ​ភូមិ​ល្អក់ ឃុំ​កណ្តែក ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប​។ អ្នក​ទាំង​ ២ ​នាក់​ត្រូវ​បាន​ចោទ​ដោយ​លោក​ចៅក្រម​ស៊ើបសួរ យូ ធារិទ្ធ​។

លោក ច័ន្ធតារា ថ្លែងថា​៖ «​ជន​ទាំង​ ២ ​នាក់​ត្រូវ​តុលាការ​ឃុំខ្លួន​ហើយ​ និង​ចោទ​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន​តាម​បញ្ញត្តិ​មាត្រា​៤០»​។

លោក ច័ន្ទតារា បាន​ឲ្យ​ដឹង​ទៀតថា​មុន​ឈានដល់​ការបង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ ២ ​នាក់​សមត្ថកិច្ច​ជំនាញ​បាន​ស្រាវជ្រាវ​តាមរយៈ​ភ្នាក់ងារ​បង្កប់​ដោយ​បាន​ទំនាក់ទំនង​រក​ទិញ​គ្រឿងញៀន​ជាមួយ​ក្រុម​ជនសង្ស័យ​។ ក្រោយពី​និយាយ​ត្រូវរ៉ូវ​គ្នា​ហើយ​សមត្ថកិច្ច​បាន​ណាត់​ជនសង្ស័យ​ដើម្បី​ទិញ​ទំនិញ​។ លុះ​នៅវេលា​ម៉ោង​ ៣ ​កន្លះ​ថ្ងៃទី​ ១៩ ​ខែ​មេសា​ឆ្នាំ​ ២០២០ សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​ពួកគេ​ជាក់ស្តែង​នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។

ក្រោយ​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​ម្សៅ​ក្រាម​សថ្លា​ចំនួន​ ១៥ ​កញ្ចប់​ទម្ងន់ ៤៥១,៥៥ ​ក្រាម ថ្នាំ​ wy ​ចំនួន​ ៨ ​គ្រាប់ ទម្ងន់​ ០,៩០ ​ក្រាម ថ្នាំ​គ្រវី​ពណ៌​ផ្កាឈូក​ដែល​មាន​រូប​សញ្ញា​ក្បាល​ខ្មោច​ចំនួន​ ១ ​គ្រាប់ និង​ទូរស័ព្ទដៃ​ចំនួន ៣ ​គ្រឿង​។

ការបង្ក្រាប​គ្រឿងញៀន​ដាច់​ដោយឡែក​មួយទៀត​នៅឯ​ខេត្ត​កំពង់ចាម​វិញ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឃាត់​ជនសង្ស័យ​ចំនួន​ ១៨ ​នាក់​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ ហើយ​ពួកគេ​កំពុង​ត្រូវ​សមត្ថកិច្ច​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​នៅឡើយ​។

លោក​ ជឹម សេងហុង ស្នងការរង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​ទាំង​ ១៨ ​នាក់​នោះ​មាន​អាយុ​ចន្លោះ​ពី​ ១៦ ​ឆ្នាំ​រហូត​ដល់ ៤៧ ​ឆ្នាំ​។

យោង​តាម​មន្ត្រីនគរបាល​មួយរូប​ដែល​បាន​ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹងថា មុន​សមត្ថកិច្ច​ឈាន​ទៅ​ចាប់​ជនសង្ស័យ​បាន​ទាំង​ ១៨ ​នាក់​កាលពី​ថ្ងៃទី​ ១៨ មេសា សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ខណៈ​ជនសង្ស័យ​ម្នាក់​នោះ​កំពុង​លក់​ និង​ចែកចាយ​គ្រឿងញៀន​នៅក្នុង​ភូមិ​អូរបេង ឃុំ​មេសរជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។ បន្ទាប់មក​ជនសង្ស័យ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​អំពី​បក្ខពួក​របស់គេ ហើយ​សមត្ថកិច្ច​បន្ត​តាម​ចាប់​គ្នា​គេ​ដល់​ស្រុក​ចម្ការលើ ស្រុក​ត្បូងឃ្មុំ និង​សុំ​សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក​តាំងគោក ខេត្តកំពង់ធំ បន្ត​ទៀត​ព្រោះ​បក្ខពួក​ក្រុម​ជនសង្ស័យ​ខាងលើ​រត់​គេចខ្លួន​ទៅ​ទីនោះ​។ ចំពោះ​វត្ថុតាង​មាន​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​ ៤ ​កញ្ចប់​តូច ម៉ូតូ​ចំនួន​ ៩ ​គ្រឿង​រួម​នឹង​ទូរស័ព្ទដៃ​ចំនួន​ ២០ ​គ្រឿង​ផង​។

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​ ៣ ​នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី​ ៥ ដែល​បានចេញ​កាលពី​ដើម​ខែ​មេសា​ដោយ​គិត​ចាប់ពី​ថ្ងៃទី​ ១ ​ខែ​មករា​ដល់​ថ្ងៃទី​ ៥ ខែមេសា ឆ្នាំ ២០២០ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន ដោយ​​ចាប់​បាន​មនុស្ស​ចំនួន ៥ ៥៤៦ ​នាក់​ក្នុង​​នោះ​មាន​ជនបរទេស​ ៧៨ ​នាក់​។ វត្ថុតាង​ដែល​រឹបអូស​បាន​រួមមាន សារធាតុញៀន​ប្រភេទ​ថ្នាំ​គ្រាប់ និង​ម្សៅ​គ្រប់​ប្រភេទ​សរុប​ប្រមាណ​ជិត​ ១២០ ​គីឡូក្រាម និង​ ១១០ ​កញ្ចប់​តូច រុក្ខជាតិ​ញៀន​ប្រភេទ​កញ្ជា​ក្រៀម​ចំនួន​ជាង​ ២២៥ ​គីឡូក្រាម និង​ ៧៧ ៧០៨ ​ដើម​។

ជនសង្ស័យ​ចំនួន ៣ ១៣៣ ​នាក់​ក្នុង​ចំណោម ៥ ៥៤៦ ​នាក់​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។ ចំណែក​ជនសង្ស័យ​ ២ ៤១៣ ​នាក់​ត្រូវ​បាន​អប់រំ​ណែនាំ និង​បញ្ជូនទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​៕