ត្បូងឃ្មុំៈ មន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្សខេត្តត្បូងឃ្មុំកាលពីម្សិលមិញបានបញ្ជូនជនសង្ស័យ ២ នាក់ទៅតុលាការខេត្តក្រោយពីឃាត់ខ្លួនដោយប៉ុនប៉ងនាំនារីខ្មែរម្នាក់ទៅរៀបការប្ដីនៅប្រទេសចិន។
លោក ថៃ វ៉ាន់ថា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តត្បូងឃ្មុំបានប្រាប់ឲ្យដឹងកាលពីម្សិលមិញថា ជនសង្ស័យឈ្មោះ ខន កុយ អាយុ ២៧ ឆ្នាំ និងប្រពន្ធឈ្មោះ ឆេង ពៅ អាយុ ៤៥ ឆ្នាំត្រូវបានឃាត់ខ្លួននៅភូមិ ទួលវិហារ ឃុំជីរោទី ២ ស្រុក ខេត្ត ត្បូងឃ្មុំកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៨។
លោក ហាក់ សៀកលីម អ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំកាលពីម្សិលមិញបានថ្លែងឲ្យដឹងថា៖ «ជន ២ នាក់ប្តីប្រពន្ធដែលសង្ស័យថាជាប់ពាក់ព័ន្ធករណីជួញដូរមនុស្សនោះគឺខាងព្រះរាជអាជ្ញាកំពុងដំណើរការសាកសួរ ហើយមិនទាន់មានការចោទប្រកាន់អ្វីនៅឡើយទេ ព្រោះជន ២ នាក់នោះសមត្ថកិច្ចទើបតែបញ្ជូនដល់តុលាការទេ»។
លោក វ៉ាន់ថា ថ្លែងថាដោយយោងតាមសម្តីនារីរងគ្រោះថា មុនពេលគេបញ្ជូននាងទៅដល់ប្រទេសចិនគឺជនសង្ស័យទាំង ២ នាក់នេះបានប្រាប់នាងថា ពួកគេមានប្អូនស្រីម្នាក់មានប្តី និងកំពុងរស់នៅប្រទេសចិន។ ក្រោយមកក្រុមជនសង្ស័យបានលួងលោមនាង និងរត់ការឲ្យនាងបានទៅដល់ប្រទេសចិននៅអំឡុងដើមឆ្នាំ ២០១៨។
ពេលពួកគេបញ្ជូននាងទៅដល់ប្រទេសចិនដោយគ្មានឯកសារគ្រប់គ្រាន់ផងនោះនាងត្រូវបានអាជ្ញាធរប្រទេសចិនចាប់ដាក់គុកពាក់ព័ន្ធការឆ្លងដែនខុសច្បាប់ ប៉ុន្តែក្រោយមកខាងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិនជួយអន្តរាគមន៍ហើយបានបញ្ជូននាងមកប្រទេសកម្ពុជាវិញ។ ជនសង្ស័យ ២ នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅក្នុងផ្ទះ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ៕