
ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា រង់ចាំធ្វើតេស្ដលើកទី ២ រកមេរោគកូរ៉ូណានៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ មនុស្ស ២ នាក់បន្ថែមទៀត ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានរកឃើញមានតេស្តវិជ្ជមានកូវីដ ១៩ ចំណែកក្រសួងសុខាភិបាលក៏បានធ្វើតេស្តលើកទី២ ចំពោះអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នោះដែរកាលពីថ្ងៃម្សិលមិញ ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃម្សិលមិញបានឱ្យដឹងថា ករណីវិជ្ជមានកូវីដ ១៩ ត្រូវបានរកឃើញលើលោក ស្រៀន គីមស្រ៊ុន អាយុ ២២ ឆ្នាំ ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញដែលជានិស្សិតច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានទៅហាង Zando បឹងកេងកងកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា និងអ្នកនាង អៀម ធីតា អាយុ ៣៥ ឆ្នាំស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលបានទៅហាង Pedro នៅថ្ងៃទី ២៧ ខែវិច្ឆិកា។
នៅថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២០ ក្រសួងសុខាភិបាលបានយកវត្ថុសំណាកមន្ត្រីនៅក្រសួងមហាផ្ទៃចំពោះអ្នកដែលមិនទាន់បានធ្វើតេស្តលើកទី១ កាលពីចុងខែវិច្ឆិកាកន្លងមក ប្រមាណជាង ២ ០០០ សំណាក ហើយអ្នកដែលបានធ្វើតេស្តលើកទី១ រួចហើយត្រូវបានស្នើឱ្យមកធ្វើតេស្តជាលើកទី២ នៅថ្ងៃម្សិលមិញនេះ ដែលរួមមានទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ផងដែរ។
ទីតាំងសម្រាប់យកសំណាកលើកទី ២ ចំពោះអ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលនៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅថ្ងៃទី ៨ ខែធ្នូ នៅរាជធានី-ភ្នំពេញ គឺមាននៅរដ្ឋសភា នៅផ្ទះលោក ហេង សំរិន ប្រធានរដ្ឋសភា នៅផ្ទះលោក ស ខេង នៅអង្គភាពពីឡុតបន្ទាយទួលក្រសាំង (សម្រាប់ក្រុមពីឡុត និងក្រុមអង្គរក្សសម្តេចតេជោ) និងនៅពហុកីឡដ្ឋានជាតិអូឡាំពិក (សម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល)។
គួរបញ្ជាក់ផងដែរថា ការធ្វើតេស្តលើកទី១ ធ្វើឡើងកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា បន្ទាប់ពីមានករណីវិជ្ជមានកូវីដ ១៩ ឆ្លងចូលក្នុងសហគមន៍ដែលត្រូវបានរកឃើញលើលោកស្រី ហេង គង់ ដែលជាភរិយារបស់លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ។ អ្នកដែលបានធ្វើតេស្តលើកទី ១ នោះមានចំនួនជាង ១០ ០០០ នាក់ ត្រូវមកធ្វើតេស្តលើកទី២ នៅថ្ងៃម្សិលមិញនេះដែរក្រសួងសុខាភិបាលរួមនឹងតាមមន្ទីរសុខាភិបាលបានរៀបចំទៅតាមទីតាំងដែលបានកំណត់រួចរាល់។

មន្ត្រីពីក្រសួងមហាផ្ទៃ និងពលរដ្ឋរង់ចាំធ្វើតេស្ដកូវីដនៅស្តាត។ហេង ជីវ័ន
ដោយឡែកកាលពីថ្ងៃទី ៧ ខែធ្នូ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើឱ្យគ្រប់ថ្នាក់ដឹកនាំរាជធានី-ខេត្តទាំងអស់ពង្រឹងការគ្រប់គ្រងចត្តាឡីស័ក និងបន្តការក្រើនរំឭកណែនាំបន្ថែមអំពីការអនុវត្តវិធានការបង្ការការឆ្លងជាយថាហេតុនូវវីរុសកូវីដ ១៩ នៅតាមកន្លែងប្រកបអាជីវកម្មលក់ទំនិញ ឬផ្តល់សេវាកម្មដូចជា ផ្សារទំនើប ឱសថស្ថាន ហាងទំនិញ ធនាគារ សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាត់សក់ កែសម្ផស្ស និងកន្លែងលក់ដូរនៅក្នុងផ្សារនានា។
លោក ម៉ម ប៊ុនហេង បានថ្លែងនៅថ្ងៃទី ៧ ខែធ្នូ ថា៖ «សូមអភិបាលរាជធានី-ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បន្តទៀតក្នុងការគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ និងការគ្រប់គ្រងអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជាតាមច្រកដីគោក ទឹក និងអាកាសតាមច្រកអន្តរជាតិ និងច្រករបៀងទាំងអស់»។
លោករដ្ឋមន្ត្រីបន្តថា គ្រប់គ្នាត្រូវប្រកាន់នូវវិធានការ «៣ កុំ» ដែលមាន៖ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញ-ចូល ហើយប្រើម៉ាស៊ីនត្រជាក់ច្រើន កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ ឬការជួបជុំគ្នាច្រើន ឬពិធីដែលមានគ្នាច្រើន និងកុំនៅជិត ឬក្បែរគ្នា ឬប៉ះពាល់គ្នា ឬឱបគ្នា ឬកាន់ដៃគ្នា ជាដើម ដោយត្រូវប្រើវិធីសំពះគ្នា លើកដៃជាសញ្ញា ឬងក់ក្បាលហើយត្រូវរក្សាចម្ងាយពីគ្នា ១ ម៉ែត្រកន្លះឡើងទៅ។
គិតត្រឹមថ្ងៃម្សិលមិញនេះកម្ពុជាមានអ្នកមានវីរុសកូវីដ ១៩ ចំនួន ៣៥០ នាក់ (ស្ត្រី ៨២ នាក់) ក្នុងនោះអ្នកដែលព្យាបាលជាសះស្បើយមានចំនួន ៣០៧ នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែចំនួន ៤៣ នាក់៕