កំ​ពង់​ធំ៖ បុរស ​២ ​នា​ក់​​ ​ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់​នៅ​មុន​ក្រោយ​គ្នា​​ក្នុង​រយៈ​ពេល​ប្រមាណ​តែ​ជាង​ ២​ ម៉ោង​ប៉ុណ្ណោះ ​ដែល​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ ​កាល​ពី​ថ្ងៃ​ទី ២៦​ ​ខែ​ ឧសភា ​ឆ្នាំ ​២០​២០​ ស្ថិត​នៅ​ក្នុង​ភូមិ​-​ឃុំ​ចំនួន ​២ ​ផ្សេង​គ្នា ​ប៉ុន្តែ​ក្នុង​ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់​ធំ​តែ​មួយ។​ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​មន្ត្រី​នគរ​បាល​មូល​ដ្ឋាន​នៅ​ថ្ងៃ​ទី​ ២៧​ ខែឧសភា​។​​​ ​

លោក​ ​ខេន​ ​ឈុន​គ័រ​ ​អធិ​ការ​ស្រុក​កំពង់​ស្វាយ​ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា​ លោក​ សេង​ វ៉ាត អាយុ​ ៦​៤​ ឆ្នាំ ​មាន​ទី​លំ​នៅ​ភូមិ​មហ​រ៍​ ​ឃុំ​ជ័យ​ ​ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់​ធំ​ ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់​ នៅ​កណ្ដាល​វាល​ស្រែ​ ​ខណៈ​គាត់​កំពុង​ព្យា​យា​ម​ដឹក​គោ​ត្រឡប់​ពី​ស្រែ​ទៅ​ផ្ទះរ​បស់​គា​ត់​ ពេល​មេឃ​កំ​ពុង​ភ្លៀង​ ​លាយ​ឡំ​ជា​មួយ​ផ្គរ​រន្ទះ​។​

លោក ​ឈុន​គ័រ​ បាន​បន្ត​ថា​ ​ក្នុង​រយៈ​ពេល​ជាង​ ២ ​ម៉ោង​ក្រោយ​មក ​ក៏​មាន​ករណី​រន្ទះ​បាញ់​ស្លាប់​បុរស​ម្នាក់​ទៀត ​ឈ្មោះ ​បៀន​ ​ហ៊ីម​ អាយុ​ ៣៣​ ឆ្នាំ ​មាន​ទី​លំ​នៅ​ភូមិ​ត្រាច​ ឃុំ​ត្បែង​ ​ស្រុក​កំពុង​ស្វាយ​ ​ខណៈ​គាត់​​កំពុង​កៀង​ហ្វូង​គោ

រ​បស់​គាត់​បញ្ចូល​ក្រោល ​ដែល​ស្ថិត​នៅ​ប្រមាណ​ជាង​ ២០​ ម៉ែត្រ​ពី​ក្រោយ​ផ្ទះ​របស់​គាត់​ក្នុង​ពេល​មេឃ​កំពុង​ភ្លៀង​។​

លោក ​ឈុន​គ័រ​ ​បាន​បញ្ជាក់​ថា​៖ ​«​ចំពោះ​ករណីរ​ន្ទះ​បាញ់​នេះ​ គឺ​យើង​មិន​អាច​បន្ទោស​ទៅ​លើ​ពល​រដ្ឋ​ថា​មិន​អើពើ​យក​ចិត្ត​ទុក​ដាក់​​ស្ដាប់​និង​អនុវត្តន៍​​តាម​ការណែ​នាំ​របស់​មន្ត្រី​ជំ​នាញ​បាន​នោះ​ទេ ព្រោះ​ពួក​គាត់​ជា​កសិករ​ ​ដែល​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ពឹង​ផ្អែក​លើការ​ងារ​ដាំ​ដុះនិ​ងចិញ្ចឹម​សត្វ​»​។​

លោក​បាន​បន្ថែម​ថា​៖ ​«​ការ​ណែ​នាំ​មិន​ឲ្យ​ពួក​គាត់​បំពេញ​ការ​ងា​រស្រែ​ចំការ​ ឬមើល​ថែទាំ​សត្វ​ក្នុង​ពេល​មេឃ​កំពុង​ភ្លៀង​នោះ​ ​គឺ​ពួក​គាត់​​ពិបាក​នឹង​ទទួល​យក​ខ្លាំង​ណាស់ ​បើ​ទោះ​ជា​មាន​ករណី​ស្លាប់​ដោយ​រន្ទះ​បាញ់​នេះ​ ​កើត​ឡើង​ជា​ញឹក​ញាប់​ក្ដី​»​។​

ការ​ស្លាប់​របស់​បុរស​ទាំង​ ២​ ខាង​លើ​នេះ ​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​ករណីរ​ន្ទះ​បាញ់​​ក្នុង​រយៈ​ពេល​ ៥​ ខែ​ ដើម​ឆ្នាំ ​២០២០​ ​កើន​ឡើង ​១៤ នាក់។​ ​នេះ​យោ​ង​តាម​ប្រ​សាសន៍​របស់​លោក​ កែ​វ វី ទី​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​គណៈ​កម្មា​ធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ២៧ ខែ​ឧសភា​។​

លោក​ ​វី​ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ​ក្នុង​រយៈ​ពេល​ ៥ ខែ ​ដើម​ឆ្នាំ ២​០​២០​ នេះ​ បាតុ​ភូត​រន្ទះ​បាញ់​ បាន​បណ្ដាលឲ្យ​​មនុស្ស​ ១៤​ នាក់​ ​និង​បាន​បង្ក​រ​បួស​មនុស្ស​ ៩ នាក់។​ ស្លាប់​សត្វ​គោ​ក្របី​ សរុ​ប​ ២០​ ក្បាល និង​​ខូច​ខាត​ផ្ទះ​៨​ខ្នង​។​ ​ប៉ុ​ន្តែ​ចំនួ​ន​នេះ​ ​មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ ​ដែល​មាន​មនុស្ស​ស្លាប់​រហូត​ដល់ ​៤៦​ នា​ក់​ និង​របួស​ ៤៤ ​នាក់ ព្រម​ទាំង​ងាប់​គោ​ក្របី​អស់​ ៦៣​ ក្បាល​។​

លោក ​​វី ​បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ចំពោះ​បាតុ​ភូត​រន្ទះ​បាញ់​នេះ​បន្ថែម​ទៀត ខណៈ​ក្រសួង​ធន​ធាន​ទឹក​ ​និង​​ឧតុ​និយម​ ​បាន​ព្យាករណ៍​ថា​ ​បាតុ​ភូត​នេះ​រួ​ម​ទាំង​បាតុ​ភូត​ខ្យល់​​​កន្ត្រាក់​ ​នឹង​បន្ត​កើត​មាន​កាន់​តែ​ច្រើន​ឡើង​ ​ក្នុង​អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់​។​

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិ​យម​ ​កាល​ពី​ថ្ងៃ​ទី​ ២៥​ ​ខែ​ ឧសភា ​ឆ្នាំ ​២០២០​ បាន​ព្យាករណ៍​ថា ចាប់​ពី​ពាក់​កណ្ដាល​នៃ​សប្ដាហ៍​នេះ ​រហូត​ដល់​ដើម​ខែ​មិថុនា​ខាង​មុខ​ នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ទូទាំង​ប្រទេស​ ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​ខ្លាំង​ ​ហើយ​ក្នុង​អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់​​នឹង​មាន​បាតុ​ភូត​ខ្យល់​កន្ត្រាក់​ និង​ផ្គរ​រន្ទះ​មក​ជា​មួយ​គ្នា​ផង​ ​ដែល​គប្បី​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ដើម្បី​បង្ការ​គ្រោះ​ថ្នាក់​កើត​ឡើង​ជា​យ​ថា​ហេតុ​៕​