មណ្ឌលគិរីៈ បុរស ២ នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុផ្សេងគ្នា ដោយបុរសម្នាក់បានស្លាប់ ដោយសារយកផាវមកកែច្នៃធ្វើគ្រាប់បែកទៅបោកយកត្រីតាមអូរ ឬប្រឡាយកាលពីថ្ងៃទី ១៩ វិច្ឆិកា ឆ្នាំ ២០១៩ នៅស្រុកអូររាំង ឯបុរសម្នាក់ទៀតបានដើរប៉ះខ្សែលួសរាយសម្រាប់ឆក់សត្វតាមវាលស្រែនៅស្រុកកោះញែកកាលពីថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០១៩។
លោក ថៃ វណ្ណៈ អធិការរងនគរបាលស្រុកអូររាំងទទួលបន្ទុកផែនព្រហ្មទណ្ឌ បានថ្លែងពីម្សិលមិញថា ជនរងគ្រោះឈ្មោះ ព្យើល ព្លើន ជនជាតិព្នងបានស្លាប់ ដោយសារគាត់បានយកផាវគ្រាប់បែកចំនួន ៣០ គ្រាប់ ដាក់ក្នុងកំប៉ុង ១ និងយកដងកាំបិតទៅដំកំប៉ុង ដើម្បីឱ្យគ្រាប់ផាវនោះចូលណែនក្នុងកំប៉ុងសម្រាប់យកទៅបោកចូលក្នុងទឹកយកត្រី នៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌុលគិរី។ ប៉ុន្ដែក្នុងអំឡុងពេលគាត់កំពុងដំកំប៉ុងនោះ ស្រាប់តែផ្ទុះតែម្ដង។
លោកបានបន្តថា ក្រោយពេលផ្ទុះ សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យ និងស៊ើបអង្កេតដោយសមត្ថកិច្ចបានសាកសួរភរិយាជនរងគ្រោះ និងក្មួយស្រីគាត់ម្នាក់ដែលនៅកន្លែងកើតហេតុនោះ។ សមត្ថកិច្ចបានពិនិត្យឃើញថា ជនរងគ្រោះបានដាច់ប្រអប់ដៃខាងឆ្វេង ហើយកាំបិតដែលយកទៅដំកំប៉ុងនោះបានខ្ទាតមកចាក់ជាប់ភ្នែក និងសម្បកកំប៉ុងខ្ទាតមកចំដើមទ្រូងបណ្ដាលឱ្យស្លាប់ភ្លាមៗ។
លោក វណ្ណៈ បញ្ជាក់ថា៖ «នៅពេលសមត្ថកិច្ចយើងបានពិនិត្យរួចរាល់ និងបានសាកសួរសាក្សីនៅកន្លែងកើតហេតុគឺគាត់ពិតជាស្លាប់ដោយសារកែច្នៃគ្រាប់ផាវនេះមែន ដោយមិនមានការសង្ស័យពាក់ព័ន្ធអំពើឃាតកម្មផ្សេងៗទៀតទេ ហើយសមត្ថកិច្ចយើងបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី»។
ចំណែកករណីដាច់ដោយឡែកមួយទៀត បុរសម្នាក់ជាជនជាតិខ្មែរបានស្លាប់ ខណៈជនរងគ្រោះបានដើរប៉ះខ្សែលួសរាយសម្រាប់ឆក់សត្វតាមវាលស្រែនៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ប៉ុន្ដែសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ស្រែដែលរាយលួសឆក់សត្វនោះទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកោះញែកហើយ។
លោក ខ្លូត សុឃា អធិការនគរបាលស្រុកកោះញែកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា បុរសម្នាក់ជាម្ចាស់ស្រែដែលរាយខ្សែលួសឈ្មោះ អ៊ួក ធឿន អាយុ ៤២ ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី ១៩ ខែវិច្ឆិកា ដើម្បីសាកសួរ បន្ទាប់ពីបុរសរូបនេះបានដាក់ពង្រាយខ្សែលួសឆក់សត្វនៅក្នុងស្រែរបស់ខ្លួន ដែលឆក់មនុស្សស្លាប់។
លោកបន្តថា ជនរងគ្រោះឈ្មោះ យិន ឃីម ភេទប្រុសអាយុ ៤០ ឆ្នាំ ជនជាតិខ្មែររស់នៅភូមិអូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរីបានស្លាប់នៅនឹងកន្លែង ក្រោយពីជនរងគ្រោះបានត្រឡប់មកពីកាប់ឈើក្នុងព្រៃ។
លុះដល់កន្លែងកើតហេតុបែកកង់គោយន្តពេលនោះជនរងគ្រោះបានចុះទៅដងទឹកផឹកក្នុងស្រែដោយដើរទៅប៉ះនឹងខ្សែលួសរាយទុកឆក់សត្វកណ្ដុរស្លាប់តែម្តង។
លោក សុឃា បានបញ្ជាក់ថា៖ «យើងកំពុងសាកសួរម្ចាស់ស្រែហ្នឹងដែលគាត់ដាក់ពង្រាយលួសឆក់សត្វនៅស្រែគឺគាត់ឆ្លើយសារភាពថា ពិតជាបានរាយលួសមែន ប៉ុន្ដែដាក់ក្នុងន័យកុំឱ្យជ្រូកព្រៃ ឬសត្វព្រៃផ្សេងៗទៀតចូលមកស៊ីស្រូវគាត់។ ទោះយ៉ាងណា សមត្ថកិច្ចយើងបានបញ្ជូនគាត់ទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីនៅថ្ងៃទី ២០ វិច្ឆិកានេះ ដើម្បីបន្តនីតិវិធីច្បាប់។ ចំណែកសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ»។
តាមរបាយការណ៍រយៈពេល ៩ ខែ ក្នុងឆ្នាំ ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលភ្នំពេញប៉ុស្ដិ៍ទទួលបានពីម្សិលមិញឲ្យដឹងថា សម្រាប់រយៈពេល ៩ ខែនៃឆ្នាំនេះ សំណុំរឿងបទល្មើសមានចំនួន ២ ២២២ ករណី បើប្រៀបធៀបក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០១៨ មានការថយចុះចំនួន ២៦ ករណី។ ក្នុងនោះបទល្មើសទឹកសាបចំនួន ២ ០៣៤ ករណី និងសមុទ្រចំនួន ១៨៨ ករណី៕