បាត់ដំបងៈ មនុស្ស​ ២ ​បាន​ស្លាប់ និង​ផ្ទះ​ ១៨ ​ខ្នង​បាន​រង​ការខូចខាត​យ៉ាងដំណំ បន្ទាប់ពី​មាន​ភ្លៀង​លាយឡំ​ខ្យល់កន្ត្រាក់ និង​ផ្គររន្ទះ​បាន​វាយប្រហារ​ទៅលើ​ស្រុក​ចំនួន​ ៤ ​ក្នុង​ខេត្តបាត់ដំបង​ក្នុង​រយៈពេល​ ២ ​ថ្ងៃ​ជាប់​គ្នា​នេះ​។

លោក មូល ធន នាយក​រដ្ឋបាល​ខេត្តបាត់ដំបង​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃ​អង្គារ​ថា ភ្លៀងខ្យល់ និង​ផ្គររន្ទះ​កាលពី​ថ្ងៃទី​ ៤ និង ទី ​៥ ខែមេសា ឆ្នាំ​ ២០២១ បាន​បង្ក​ឱ្យ​ពលរដ្ឋ​ ២ ​នាក់​នៅ​ស្រុក​ភ្នំព្រឹក​ស្លាប់ និង​ងាប់​គោ​ ២ ​ក្បាល​នៅ​ស្រុក​បាណន់ ព្រមទាំង​បង្ក​ការខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​សរុប​ ១៨ ​ខ្នង​ក្នុង​នោះ​ ២ ​ខ្នង​នៅ​ស្រុក​ភ្នំព្រឹក ៨ ​ខ្នង​នៅ​ស្រុក​គាស់ក្រឡ ៧ ​ខ្នង​នៅ​ស្រុក​បាណន់ និង​ ១ ​ខ្នង​ទៀត​នៅ​ស្រុក​ថ្មគោល​។

លោក​ថ្លែងថា​៖ «​យើង​បាន​ផ្សព្វផ្សាយ​អប់រំ​ជារឿយៗ​អំពី​ស្ថានភាព​គ្រោះថ្នាក់ នៅមុន​ពេល និង​អំឡុងពេល​មេឃ​កំពុង​ភ្លៀង​។ ប៉ុន្តែ​ប្រជាកសិករ​យើង​ភាគច្រើន គាត់​រីករាយ​នឹង​ការងារ​ដាំដុះ​នៅពេល​មេឃ​កំពុង​ភ្លៀង ទោះបី​ជា​មាន​ខ្យល់​បក់បោក និង​ផ្គរ​រន្ទះ​គួរឱ្យ​ខ្លាច​បែបណា​ក៏ដោយ​»​។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំព្រឹក​ដែល ​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​កាលពី​ថ្ងៃ​អង្គារ កុមារី អៀង លីណា អាយុ​ ១២ និង​អ្នកស្រី ង៉ែត ហឿន អាយុ​ ៥២ ​ឆ្នាំ​ដែល​អ្នក​ទាំង​ ២ មាន​ទីលំនៅ​ភូមិ​ភ្នំតូច ឃុំ​ពេជ្រចិន្ដា ស្រុក​ភ្នំព្រឹក​បាន​ស្លាប់​ដោយ​ករណី​រន្ទះបាញ់​កាលពី​រសៀល​ថ្ងៃទី​ ៥ ខែ​មេសា ឆ្នាំ​ ២០២១​។

បន្ថែម​ពីលើ​របាយការណ៍​នេះ លោក សុង សុភ័ក្រ អធិការ​ស្រុក​ភ្នំព្រឹក​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ជនរងគ្រោះ​ទាំង​ ២ បាន​ស្លាប់​ក្នុង​ស្ថានភាព​ និង​ទីតាំង​ដាច់​ដោយឡែក​ពីគ្នា​។ ក្នុងនោះ​កុមារី​រងគ្រោះ អៀង លីណា ត្រូវបាន​រន្ទះបាញ់​ស្លាប់​នៅ​ចម្ងាយ​ប្រមាណ​ ១០០ ​ម៉ែត្រ​ពី​ផ្ទះ​របស់​នាង​ក្នុង​ភូមិ​ភ្នំតូច គ្រា​ដែល​កំពុង​ជិះ​កង់​ត្រឡប់​ពី​ទៅ​តាម​ហៅ​ម្ដាយ​នៅឯ​ស្រែ មុនពេល​មាន​ភ្លៀងខ្យល់ និង​ផ្គររន្ទះ​កើតឡើង​។

ចំណែក​អ្នកស្រី ង៉ែត ហឿន ត្រូវបាន​រន្ទះបាញ់​ស្លាប់​នៅ​ចំណុច​ចម្ការ​ដំឡូងមី ស្ថិត​ក្នុង​ភូមិ​ភ្នំតូច ខណៈ​គាត់​ និង​ប្ដី​ព្រមទាំង​កូនៗ​របស់​គាត់​ ៥ ​នាក់​ទៀត​កំពុង​នាំគ្នា​កាយ​ដី​ពូន​គុម្ព​ដំឡូង​ក្នុង​អំឡុងពេល​មេឃ​កំពុង​ចាប់ផ្ដើម​ធ្លាក់ភ្លៀង​។

លោក​បាន​ថ្លែងថា​៖ «​វា​ជា​ករណី​រន្ទះបាញ់​ដំបូង​នៅក្នុង​ឆ្នាំនេះ ដែល​បង្ក​ឱ្យ​មាន​ជនរងគ្រោះ​ ២ ​នាក់​ស្លាប់​នៅក្នុង​ភូមិសាស្ត្រ​របស់​យើងខ្ញុំ​»​។

បើតាម​លោក​ សុភ័ក្រ ក្រៅពី​ករណី​រន្ទះបាញ់​ក៏​មាន​ខ្យល់​កន្ត្រាក់​កើតឡើង ដែល​យ៉ាងហោចណាស់​ផ្ទះ​អ្នកភូមិ​ចំនួន​ ២ ​ខ្នង​ត្រូវ​បាន​ប៉ើងរបើក​ដំបូល​ផងដែរ​។ ទោះជា​យ៉ាងនេះ​ក៏ដោយ​ប្រជាកសិករ​នៅក្នុង​ស្រុក​ភ្នំព្រឹក​ហាក់​ដូចជា​មិន​ភ័យព្រួយ ឬ ខ្លាចរអា​ចំពោះ​បាតុភូត​ទាំង​នេះឡើយ​។ អ្នកភូមិ​នៅតែ​បន្តធ្វើ​ការងារ​ដាំដុះ​​នៅពេល​មាន​ភ្លៀង​ធ្លាក់ និង​ផ្គររន្ទះ​ដដែល​។

ថ្វីបើ​អ្នកភូមិ​មិន​ភ័យខ្លាច​ចំពោះ​បាតុភូតធម្មជាតិ​ទាំងនេះ ប៉ុន្តែ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ម្សិលមិញ​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់កន្ត្រាក់​ដែល​អាច​កើត​មាន​ក្នុង​អំឡុងពេល​មេឃ​រកកល់ភ្លៀង និង​កំពុង​ធ្លាក់ភ្លៀង​ដោយ​ក្រសួង​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​ ៧-១៣ ខែ​មេសា​ខាង​មុខ​នេះ​នឹងមាន​ភ្លៀងខ្យល់ និង​ផ្គររន្ទះ​កើតឡើង​ច្រើន ជាពិសេស​ខេត្ត​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​។

យោងតាម​សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃទី​ ៦ មេសា ២០២១ ដែល​ ភ្នំពេញ ប៉ុស្តិ៍​ បាន​ទទួល​បាន​ឱ្យដឹងថា ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​បាន​​គូសបញ្ជាក់ថា ចាប់ពី​ថ្ងៃទី​ ៧-១៣ ខែមេសា​នេះ កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់​អាគ្នេយ៍​បក់​ពី​សមុទ្រ​ចិន​ខាងត្បូង ដែល​ធ្វើឱ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល តំបន់​ជួរ​ភ្នំដងរែក និង​ខ្ពង់រាប​ឦសាន និង​តំបន់​មាត់សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​។ ព្រម​ជាមួយ​គ្នា​នេះ បាតុភូត​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​ក៏​នឹង​កើតមាន​ផងដែរ ពិសេស​បណ្ដា​ខេត្ត​នៅ​ភាគ​ពាយព្យ​កម្ពុជា​៕