កោះកុងៈ យ៉ាងហោចណាស់ក្មេងប្រុស ២ នាក់បានស្លាប់ កាលពីព្រឹកថ្ងៃទី ២៨ ខែមេសា ដោយករណីពុលផ្សិត ខណៈមនុស្សប្រុសស្រី ៦ នាក់ទៀត ដែលជាឪពុកម្ដាយ និងបងៗរបស់ពួកគេ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
លោក ធាន ភើប នាយនគរបាលប៉ុស្តិ៍ឃុំដងពែងបានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ២៩ មេសា ថា កុមាររងគ្រោះក្នុងករណីពុលផ្សិតខាងលើនេះ គឺឈ្មោះ ប៊ុណ្ណា សៀវម៉ាន់ អាយុ ១៣ ឆ្នាំមានទីលំនៅក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង និង ប្អូនប្រុសបង្កើតរបស់គាត់ ឈ្មោះ ប៊ុណ្ណា កូម៉ា អាយុ ១០ ឆ្នាំ។
លោកបញ្ជាក់ថា៖ «កុមារា ឈ្មោះ ប៊ុណ្ណា សៀវ ម៉ាន់ បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល នៅវេលាម៉ោង ៩: ១៥ នាទីព្រឹក ចំណែកកុមារា ឈ្មោះ ប៊ុណ្ណា កូម៉ា ស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំពេញ វេលាម៉ោង ៥:៣០ នាទីល្ងាច។ រីឯឪពុកម្ដាយ និងបងៗរបស់ពួកគេ ៦ នាក់ទៀត កំពុងបន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុងនៅឡើយ»។
បើតាមលោកនាយប៉ុស្ត៍ ដោយសារឪពុកម្ដាយ និងបងៗរបស់ពួកគេ កំពុងស្ថិតនៅសម្រាកព្យាបាលជំងឺ[ដោយករណីពុលផ្សិត] នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុងនៅឡើយនោះ សពកុមារារងគ្រោះត្រូវបានអាជ្ញាធរ និង សាច់ញាតិក្នុងមូលដ្ឋានជួយរៀបចំពិធីបុណ្យសពឲ្យពួកគេតាមប្រពៃណី។
យ៉ាងណាក៏ដោយ លោក ប៊ុណ្ណា ភក្ដី អាយុ ២៤ ឆ្នាំដែលជាកូនទី ២ នៃគ្រួសារជនរងគ្រោះនេះ ដែលបានជាសះស្បើយល្អប្រសើរជាងគេនោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍តាមរយៈទូរស័ព្ទពីមន្ទីរពេទ្យខេត្តកោះកុងមកថា នៅពេលនេះ ស្ថានភាពឪពុកម្ដាយ និងប្អូនៗរបស់គាត់មួយចំនួនបានធូរស្រាលបន្តិចហើយ។ លើកលែងតែបងប្រុសរបស់គាត់ឈ្មោះ ប៊ុណ្ណា យ៉ា អាយុ ២៦ ឆ្នាំ និង ប្អូនប្រុសរបស់គាត់ឈ្មោះ ប៊ុណ្ណា ស៊ីមិន អាយុ ១៨ ឆ្នាំ ដែលនៅមានអាការៈធ្ងន់ធ្ងរ ដែលគ្រូពេទ្យបានប្រាប់ថា មានសង្ឃឹមរស់ប្រមាណ ៤០-៥០ ភាគរយប៉ុណ្ណោះ។
យុវជន ភក្ដី ដែលទើបបានទទួលដំណឹងអំពីការស្លាប់របស់ប្អូនប្រុសគាត់ ២ នាក់នៅព្រឹកថ្ងៃទី ២៩ ខែមេសា បានប្រាប់ភ្នំពេញប៉ុស្តិ៍ទាំងសំឡេងខ្សឹកខ្សួលថា៖ «ប្អូនប្រុសខ្ញុំ ២ នាក់បានស្លាប់កាលពីថ្ងៃម្សិលមិញ [ថ្ងៃទី ២៨ ខែមេសា] ហើយថ្ងៃនេះ គ្រូពេទ្យបានប្រាប់ឲ្យខ្ញុំ និងក្រុមគ្រួសារទប់ចិត្តឲ្យរឹងមាំ ចំពោះអាការៈជំងឺបងប្រុស និងប្អូនប្រុសខ្ញុំទាំង ២ នាក់ថាមានសង្ឃឹមព្យាបាលជាតែ ៤០-៥០ ភាគរយប៉ុណ្ណោះ។ ព្រោះជាតិពុលបានឆ្លងរាលដាលដល់ថ្លើម និង សរសៃឈាមបេះដូងទៅហើយ»។
បើតាមការរៀបរាប់របស់ភក្ដី ករណីពុលផ្សិតក្នុងគ្រួសាររបស់លោកដែលមានសមាជិកសរុប ៨ នាក់ នេះបានកើតឡើងតាំងពីថ្ងៃទី ២៤ ខែមេសា មកម្ល៉េះ បន្ទាប់ពីក្រុមគ្រួសារបានបរិភោគអាហារជាមួយសម្លប្រហើរ ដែលមានលាយផ្សិត ដែលម្ដាយរបស់គាត់ ឈ្មោះ ធុយ ហាន អាយុ ៤០ ឆ្នាំបានដកវាពីគុម្ពឫស្សីតាមដងព្រៃជាប់ជើងភ្នំព្រះអង្គកែវ។
ប៉ុន្តែនៅថ្ងៃដំបូងនោះ គឺពួកគាត់មិនចាប់អារម្មណ៍ថាពុលផ្សិតនោះទេ ព្រោះក្រុមគ្រួសាររបស់គាត់គ្មាននរណាម្នាក់មានអាការៈរាករូស ឬ ចុកពោះ និង ក្អួតចង្អោរនោះទេ។ លើកលែងតែប្អូនស្រីគាត់ម្នាក់ ឈ្មោះ ប៊ុណ្ណា នីតា អាយុ ២២ ឆ្នាំ ប៉ុណ្ណោះដែលមានអាការៈវិលមុខ និង ឈឺក្បាល ហើយបានធូរស្រាលទៅវិញ ក្រោយពីបានលេបថ្នាំ បំបាត់ការឈឺចាប់ ដែលគាត់បានទៅឲ្យគេផ្សំពីបន្ទប់ព្យាបាលឯកជនមួយនៅក្នុងភូមិ។
លោកបន្តថា នៅថ្ងៃទី ២៥ ម្ដាយរបស់គាត់បានទៅជីកត្រពាំង ហើយដកផ្សិតនោះយកមកស្ងោរហូបទៀត គឺ ស្លរដាក់លាយផ្សិតទាំងព្រឹកទាំងល្ងាច។ នៅម៉ោង១ រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី ២៦ ខែមេសា ទើបគ្រួសាររបស់គាត់ទាំង ៨ នាក់មានអាការៈ ចុកណែនពេញក្នុងពោះ និងរាគ ក្អួត ដែលក្នុងនោះ ប្អូន ប្រុសរបស់គាត់ ២ នាក់ គឺ ប៊ុណ្ណា សៀវម៉ាន់ និង ប៊ុណ្ណា កូម៉ា មានអាការៈធ្ងន់ធ្ងរជាងគេ ដោយបានសន្លប់បាត់ស្មារតី ហើយបានស្លាប់កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១។
ករណីនេះ លោក សួន ស៊ីថា អភិបាលរង ស្រុកស្រែអំបិលបានអំពាវនាវដល់ប្រជាពលរដ្ឋ បញ្ឈប់ការដកផ្សិតព្រៃ ដែលមិនស្គាល់ច្បាស់ថាជាផ្សិតអ្វីឲ្យពិតប្រាកដ មកបរិភោគ ដែលនាំឲ្យពុលគ្រោះថ្នាក់ដល់អាយុជីវិត។
លោកថ្លែងថា៖ «ផ្សិតដែលដុះក្នុងព្រៃ យើងមិនស្គាល់ច្បាស់ទេ ហើយភាគច្រើនជាផ្សិតពុល។ ដូច្នេះយើងត្រូវប្រុងប្រយ័ត្ន និងមិនត្រូវដកវាមកធ្វើជាម្ហូបអាហារនោះទេ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត»។
កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ ពលរដ្ឋខ្មែរអ៊ិស្លាមមួយគ្រួសារមានគ្នា ៤ នាក់ នៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានពុលផ្សិតដែលពួកគេដកមកពីព្រៃផងដែរ ប៉ុន្តែសំណាងល្អ ពួកគេត្រូវបានអ្នកជិតខាង និងអាជ្ញាធរមូលដ្ឋានជួយអន្តរាគមន៍បញ្ជូនទៅកាន់មន្ទីរពេទ្យ ព្យាបាលបានទាន់ពេលវេលា៕