ភ្នំពេញៈ មនុស្ស​ ២ ​នាក់​ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការទទួល​ផែនការ​ពី​ខាងក្រៅ ដើម្បី​ធ្វើការ​តវ៉ា​ឲ្យ​មាន​ការដោះលែង​លោក រ៉ុង ឈុន ដែល​តុលាការ​បានសម្រេច​ឃុំខ្លួន​កាលពី​ចុង​សប្ដាហ៍​ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា មនុស្ស​ ២ ​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​រួមមាន​ឈ្មោះ ទុំ វុទ្ធី អតីត​សមាជិក​គណៈកម្មការ​ប្រតិបត្តិ ខេត្ត​ស្វាយរៀង​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ និង​ឈ្មោះ ឈួ ផេង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ពាក់ព័ន្ធ​នឹង​ការញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។

លោក​ថ្លែងថា​៖ «​អត់​មាន​រឿង​អី​ក្រៅពី​ទទួលបញ្ជា​ពី​មេ​នៅក្រៅ​ប្រទេស​មក​ដោះលែង រ៉ុង ឈុន ទេ​។ មាន​ឯកសារ​មាន​សំឡេង​ស្រួលបួល​ណាស់​នៃ​ការទទួល​បញ្ជា​បាន​ន័យ​ថា បាន​​រៀបចំ​ផែនការ​ប៉ុនប៉ង​ធ្វើ​សកម្មភាព​តែម្ដង​។ មិនមែន​ចេញ​ពី​ឆន្ទៈ​អី​ឯណា​ទេ​»​។

លោក​បន្តថា ក្រៅពី​នេះ​មាន​មនុស្ស​ ២ ​នាក់​ទៀត​ត្រូវបាន​សមត្ថកិច្ច​អប់រំ ហើយ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ អ្នក​ទាំង​ ២ ​នាក់​នេះ​មាន​ស្ត្រី​ឈ្មោះ ឈិន សុវណ្ណា មុខរបរ កម្មករ​រោងចក្រ និង​ឈ្មោះ អ៊ុក សំអូន អតីត​ចៅសង្កាត់​ដង្កោ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​។

លោក គុជ គឹមឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មិនអាច​សុំ​ការបញ្ជាក់​ពី​ករណី​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការញុះញង់​បាន​ទេ​កាលពី​ម្សិលមិញ​។

ចំណែក​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែងថា ជា​ទិដ្ឋភាព​ច្បាប់ បើ​សមត្ថកិច្ច​រកឃើញ​ថា​មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា សកម្មភាព​របស់​បុគ្គល​ណា​ម្នាក់​បង្កើត​បាន​ជា​បទល្មើស​នោះ អ្នកប្រព្រឹត្ត​ប្រឈមមុខ​នឹង​បទចោទ​ទៅតាម​ច្បាប់​កំណត់​។ ប៉ុន្តែ​អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ថ្លែង​ថា សិទ្ធិ​ក្នុង​ការប្រមូលផ្ដុំ​ដោយ​សន្តិវិធី​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ​។

អ្នកស្រី​ថ្លែងថា​៖ «​ការវាយបក​លើ​ពលរដ្ឋ​ដែល​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​ដោយ​ស្របច្បាប់​ក្នុង​ការធ្វើការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី​នោះ​គឺ​ធ្វើឲ្យ​ខូច​ដល់​តួនាទី​របស់​កម្ពុជា​ក្នុង​ការគោរព​សិទ្ធិមនុស្ស ហើយ​វា​រឹតត្បិត​បុគ្គល​មិន​ឲ្យ​ចូលរួម​ក្នុងសង្គម​»​។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​កាលពី​ថ្ងៃ​សៅរ៍​ដោយ​ចោទប្រកាន់​ពី​បទញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម​តាម​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។

ការចោទប្រកាន់​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក​បាន​ចុះទៅ​ជួប​ពលរដ្ឋ​នៅ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ហើយ​ពលរដ្ឋ​អះអាង​ថា កម្ពុជា​បាត់​ដី​ទៅ​វៀតណាម​។ ប៉ុន្តែ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ច្រានចោល​ការលើកឡើង​នេះ ហើយ​ចាត់ទុក​ថា​ជា​ការញុះញង់ និង​បំភ័ន្ត​សាធារណមតិ​ជាតិ និង​អន្តរជាតិ​៕