កំពង់ស្ពឺៈ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ស្ពឺបានបើកប្រតិបត្តិការបង្ក្រាបឆែកឆេររកសារធាតុញៀននៅក្នុងក្លិបកម្សាន្តមួយឈ្មោះ ម៉ាស្ទ័រក្លិប ក្នុងសង្កាត់រកាធំ ក្រុងច្បារមនពីម្សិលមិញម៉ោង ១ ព្រឹកឃាត់ខ្លួនមនុស្ស ១៦៤ ជាបណ្ដោះអាសន្ន ដើម្បីពិនិត្យទឹកនោមរកសារធាតុញៀនក្នុងចំណោមនោះបានរកឃើញអ្នកផ្ទុកសារធាតុញៀន ៣០ នាក់។
លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការឆែកឆេរនេះបានធ្វើឡើងក្នុងប្រតិបត្តិការកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនគរបាលការិយាល័យអន្ដរាគមន៍ និងកម្លាំងនគរបាលអធិការដ្ឋានក្រុងច្បារមនកាលពីព្រឹកថ្ងៃទី ១ ខែធ្នូ ប្រមាណម៉ោង ១ ព្រឹក។ មនុស្សទាំងនោះភាគច្រើនជាយុវជនត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺកាលពីម្សិលមិញដើម្បីសាកសួរ។
លោក សាមួន ថ្លែងថា៖ «នៅពេលធ្វើការរួច យើងសុំគោលការណ៍ទៅថ្នាក់លើ។ អ្នកទាំងអស់នេះ យើងមានតែអនុវត្តគោលការណ៍ធ្វើការអប់រំ និងធ្វើកិច្ចសន្យា ហើយអញ្ជើញឪពុកម្តាយមកទទួលយកទៅបន្សាបនៅមណ្ឌលអប់រំណាមួយដែលគាត់ពេញចិត្ត។ ក្នុង ៣០ នាក់នេះ អាណាព្យាបាលគង់តែមកយកពួកគាត់ទេ ព្រោះពួកគាត់សុទ្ធតែមានអាណាព្យាបាលដែរ»។
លោក សាមួន បានអះអាងថា ដោយសារតែការចុះត្រួតពិនិត្យតាមរយៈនីតិវិធីរដ្ឋបាលនេះមិនបានរកឃើញសារធាតុញៀននៅក្នុងក្លិបកម្សាន្ត ហេតុដូចនេះ សមត្ថកិច្ចបានសម្រេចមិនធ្វើការចោទប្រកាន់ម្ចាស់ក្លិប ឬធ្វើការផ្អាកក្លិបនោះទេ។
លោក សាមួន បានថ្លែងថា៖ «ប្រសិនជាក្លិបនោះមានរកឃើញសារធាតុញៀន រកឃើញឧបករណ៍ប្រើប្រាស់នៅក្នុងនោះ ទើបយើងមានចំណាត់ការ ហើយអ្នកដែលលេងហ្នឹង (អ្នករកឃើញសារធាតុញៀន) មិនដឹងគាត់លេងនៅកន្លែងណាផង គ្រាន់តែវាជាប់ពេលធ្វើតេស្តទឹកនោមនោះ»។
លោក សាមួន បានឲ្យដឹងថាក្នុងអំឡុងឆ្នាំ ២០១៩ នេះសមត្ថកិច្ចខេត្តបានចុះបង្ក្រាបក្លិបធំៗ ចំនួន ២ ហើយក្នុងចំណោមក្លិបធំៗទាំង ៣ ដែលកំពុងមានវត្តមាននៅក្នុងខេត្តកំពង់ស្ពឺដោយមិនរាប់បញ្ចូលក្លិបតូចនៅក្នុងខេត្តនោះទេ។
លោក រ័ត្ន ថាវី មន្ត្រីសម្របសម្រួលអង្គការសមាគមអាដហុកប្រចាំខេត្តកំពង់ស្ពឺបានឲ្យដឹងថាការចុះបង្ក្រាបនេះបង្ហាញថាមានគ្រឿងញៀន។
លោក ថាវី ថ្លែងថា៖ «ខ្ញុំគិតថា រកឃើញមនុស្ស ៣០ នាក់ផ្ទុកសារធាតុញៀន ទោះមិនមានក្នុងក្លិបហ្នឹងក៏បង្ហាញថា ក្នុងទឹកដីខេត្តនេះមានការចែកចាយច្រើនដែរ»៕