កែបៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​បញ្ជាក់​កាលពី​ម្សិលមិញ​ក្រោយ​បិទ​បញ្ចប់​ជា​ស្ថាពរ​នូវ​ប្រតិបត្តិ​ការរុករក​ជនរងគ្រោះ​នៅក្រោម​​គំនរ​បាក់បែក​នៃ​អគារ​រលំ​ជិត​ ២ ​ថ្ងៃ​បាន​ឲ្យ​ដឹងថា មាន​មនុស្ស​ស្លាប់​ចំនួន​ ៣៦ ​នាក់ និង​របួស​ ២៣ ​នាក់​។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​អះអាង​ផងដែរ​ថា នឹង​មិន​មាន​មន្ត្រី​ណា​ម្នាក់​ត្រូវបាន​ដក​ពី​តំណែង​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នោះទេ​។

បេសកកម្ម​ជួយសង្គ្រោះ​ជនរងគ្រោះ​ពី​ការបាក់​អគារ​ ៦ ​ជាន់​នៅ​ខេត្ត​កែប បាន​បញ្ចប់​កាលពី​វេលា​ថ្ងៃត្រង់​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ដោយ​ប្រើពេល ៤៣ ​ម៉ោង និង​ ២០ ​នាទី​។ តួលេខ​ចុងក្រោយ​បញ្ជាក់ថា អ្នក​រស់រាន​មាន​ជីវិត​មាន​ចំនួន​សរុប ២៣ នាក់​ក្នុង​នោះ​ស្ត្រី​ចំនួន ៨ នាក់​។ ចំណែក​ជនរងគ្រោះ​ស្លាប់​មាន​ចំនួន​ ៣៦ ​នាក់​ក្នុង​នោះ​មាន​ស្ត្រី ១៤ ​នាក់​។ សរុប​ទាំង​ស្លាប់​ទាំង​របួស​មាន​ចំនួន​ ៥៩ ​នាក់​ក្នុង​នោះ​មាន​ស្ត្រី ២២ ​នាក់​ហើយ​ក្នុង​ចំនួន​នេះ​ក៏មាន​ក្មេងៗ​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហ៊ុន សែន ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​។

លោក ហ៊ុន សែន បាន​ថ្លែងថា​ក្នុង​ប្រតិបត្តិការ​ជា​អាទិភាព​ទី​ ១ គឺ​ទៅលើ​ការសង្គ្រោះ​ជីវិត​មនុស្ស​ដែល​ត្រូវធ្វើ​ការសង្គ្រោះ​ដោយ​ការប្រុងប្រយ័ត្ន ព្រោះ​បើ​មិន​ដូច្នោះ​ទេ​អាច​ធ្វើឲ្យ​ជនរងគ្រោះ​ស្លាប់ និង​អាទិភាព​ទី​ ២ គឺ​ការប្រយ័ត្ន​មិន​ឲ្យ​មាន​ការពុះ​ច្រៀក​ដោយ​គ្រឿងចក្រ​លើ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​គំនរ​អគារ ដោយ​ចំណុច​ទាំង​ ២ ​នេះហើយ ដែល​ធ្វើឲ្យ​ប្រតិបត្តិការ​ហាក់ដូចជា យឺត​បន្តិច​។

ស្ត្រី​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ឆន ផល្លី មកពី​ខេត្ត​បន្ទាយមានជ័យ​គឺជា​​អ្នក​ដែល​ត្រូវបាន​ជួយសង្គ្រោះ​ក្រោយ​គេ​ចេញ​ពី​ជាន់​ក្រោម​បំផុត​នៃ​អគារ​បាក់​រលំ​។

អ្នកស្រី​បាន​ឲ្យ​ដឹងថា អ្នកស្រី​គឺជា​កម្មករ​លាយ​ស៊ីម៉ងត៍​នៅ​អគារ​នេះ​ហើយ​បាន​ជាប់​នៅក្រោម​ផ្ទាំង​ថ្ម ប៉ុន្តែ​អាច​វារ​មករក​កន្លែង​ស្រឡះ​បាន នៅពេល​ដែល​គ្រឿងចក្រ​កាយ​ជិត​ដល់​ហើយ​បាន​យក​ជើង​ធាក់​ឲ្យ​ដី​ហុយ​ឡើងលើ​ដើម្បី​ឲ្យ​គេ​ដឹង ហើយ​បន្ទាប់មក​អ្នកស្រី​ត្រូវ​បាន​ជួយសង្គ្រោះ​។

អ្នកស្រី ផល្លី បាន​ថ្លែង​ឲ្យ​ដឹងថា​៖ «​ថ្ងៃនោះ​ (៣ មករា​) ខ្ញុំ​កំពុង​អង្គុយលេង​ជាមួយ​ប្អូន ៣ ​នាក់ ជិតគ្នា​។ ពេលនោះ​ម៉ោង​ ៤ និង​ ២១ ​នាទី​ខ្ញុំ​ថា​ដល់​ម៉ោង​ដាំបាយ​ហើយ ខ្ញុំ​ទៅ​ដាំបាយ​ហើយ​មិន​ទាន់​បាន​ក្រោក​ផង​គ្រឹប​ផ្កាប់​មុខ​គ្រហីត​។ បន្ទាប់មក​ងងឹតសូន្យ​ឈឹង ខ្ញុំ​ថា ខ្ញុំ​ខ្វាក់ភ្នែក​ហើយ ព្រោះ​ដី​ខ្ទាត​ចូល​។ ខ្ញុំ​បាន​កូន​មួយ តែ​ស្លាប់​ហើយ​អាយុ​ ១៨ ​ឆ្នាំ​វា​កំពុង​អង្គុយលេង​ហ្គេម​លើ​ម៉ូតូ នៅ​ខាង​។ វា​គេ​រកឃើញ​ក្រោយ​គេ​»​។

អ្នកស្រី​រៀបរាប់​បន្តថា​៖ «​ខ្ញុំ​ដឹងថា ខ្ញុំ​មិន​រួច​ខ្លួន​ទេ​ព្រោះ​វា​មាំ​ហើយ​ច្រើន​ជាន់ ហើយ​ខ្ញុំ​នៅ​ជាន់​ក្រោម​។ ខ្ញុំ​គិតថា ខ្ញុំ​មិន​សង្ឃឹម​ទេ ខ្ញុំ​លា​ម៉ែ លា​ឪ​តាំងពី​ដួល​គ្រឹប​ភ្លាម​។ ប្ដី​ខ្ញុំ​នៅ​ជាន់​ទី​ ៤​។ តាម​ខ្ញុំ​ដឹង​អគារ​នេះ​គេ​ធ្វើ​សម្រាប់​ជួល​»​។

លោក ហ៊ុន សែន បាន​បញ្ជាក់ថា មូលហេតុ​នៃ​ការបាក់​រលំ​អគារ​អាច​មាន​ ២ គឺ​ទី​ ១ មេការ​សាងសង់​មិន​ធ្វើតាម​ការ​គូសប្លង់​ដោយ​ដាក់​ទំហំ​ដែក​តូច​ជាង​កម្រិត​ដែក​ដែល​បានកំណត់​នៅក្នុង​ប្លង់​។ ចំណែក​កំហុស​ទី​ ២ គឺ​ទាក់ទិន​នឹង​ការដក​ក្ដារពុម្ព​ប្លង់សេ​លឿន​ពេក ព្រោះ​ជា​ធម្មតា​ត្រូវ​ទុកពេល​ប្រមាណ​ ២០ ​ថ្ងៃ ប៉ុន្តែ​តាម​ព័ត៌មាន​ដែល​ទទួល​បាន​ក្ដារពុម្ព​ប្លង់សេ​នៅ​អគារ​នោះ​ត្រូវបាន​ដក​មិន​ដល់​ ១០ ​ថ្ងៃ​។

លោក ហ៊ុន សែន អះអាង​ថា​៖ «​មេការ​សំណង់​នេះ និង​កូនៗ​របស់គាត់​ក៏បាន​ទទួល​មរណភាព​ក្នុង​ហេតុការណ៍​នេះដែរ​»​។

ទោះបី​យ៉ាងណា​ក៏ដោយ​លោក​នាយករដ្ឋមន្ត្រី​បាន​កោតសរសើរ​ដល់​ក្រុមការងារ​ជួយសង្គ្រោះ​ដែល​មកពី​ស្ថាប័ន​ផ្សេងៗ រួមទាំង​ក្រុមគ្រូពេទ្យ​ផង​ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ ប៉ុន្តែ​កម្លាំង​ទាំងនោះ​ត្រូវ​បន្ថែម​ការហ្វឹកហាត់​បន្ត​ទៀត​។ ទន្ទឹមគ្នា​នេះដែរ​លោក​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ឯកជន និង​អ្នកជំនាញ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ដែល​បាន​ចូលរួម​ក្នុងការ​ជួយសង្គ្រោះ​នោះ ហើយ​ក៏​បាន​ស្នើសុំ​ឲ្យ​អ្នក​ជំនាញ​ចិន​ជួយផ្ដល់​ការហ្វឹកហាត់​ដល់​កម្ពុជា​បន្ថែម​ទៀត​ផងដែរ​។

លោក ហ៊ុន សែន ក៏បាន​អះអាង​ផងដែរ​ថា​នៅពេល​មាន​ឧប្បត្តិហេតុ​ភ្លាម​មាន​អ្នកសរសេរ​សារ​ទៅ​លោក​តាមរយៈ តេឡេក្រាម ឬ​តាម​វ៉ាត់​ស្អាប់​ដោយ​ធ្វើការ​ស្ដីបន្ទោស និង​ស្នើ​ឲ្យ​ដក​អ្នកនេះ​ ឬ​អ្នកនោះ ប៉ុន្តែ​ក្នុង​ពេល​ប្រតិបត្តិការ​នោះ​មិនមែន​ជា​ពេល​ដែល​ត្រូវ​រក​អ្នកណា​ខុស​អ្នកណា​ត្រូវ​ទេ ហើយ​អភិបាលខេត្ត​កែប​នឹង​មិន​ត្រូវ​បាន​ដក​ពី​តំណែង​ទេ​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​ខ្ញុំ​អាច​បញ្ជាក់​ដើម្បី​ចៀសវាង​ពី​ការសង្ស័យ​ណាមួយ​។ អភិបាលខេត្ត​កែប និង​មន្ត្រី​ក្នុង​រដ្ឋបាល​របស់​ខេត្ត​មិន​ត្រូវបាន​ដក​ចេញពី​តំណែង​ទេ​។ ខ្ញុំ​សុំ​បញ្ជាក់​។ នៅមាន​ប្រធាន​គណបក្ស​នយោបាយ​មួយ​បង្ហោះ​សារ​ចេញ​ភ្លាម​លើកដំបូង បង្ហោះ​ថា​ខេត្ត​ព្រះសីហនុ អភិបាលខេត្ត​​លាលែង តើ​ខេត្ត​កែប​ទៅជា​អ្វី​។ បន្ទាប់​ទៅ​ចេញ​សារ​មួយ​បន្ថែម​ទៀត​រហូត​ដល់​ខ្ញុំ​ចូលទៅ comment (​បញ្ចេញមតិ​) នៅក្នុង​ហ្វេសប៊ុក​នោះ​ថា សុំ​ឯកឧត្តម​កុំ​ប្រើពេល​វេលា​នេះ​រុញ​ឲ្យ​ខ្លោច​រោច​ឲ្យ​ឆៅ​»​។

លោក​បាន​បន្តថា​៖ «​ខ្ញុំ​ចង់​បញ្ជាក់ថា រឿងរ៉ាវ​ទាក់ទង​នឹងរ​លំបាក់​អគារ​នេះ វា​មិនមែន​កើត​មាន​តែ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ សុំ​អស់​លោក​មើល​ការផ្សាយ​នានា​ដែល​ខ្ញុំ​ផ្សាយ​ឡើងវិញ​ពី​ម្សិល តើ​មាន​ព្រឹត្តិការណ៍​ប៉ុន្មាន​នៅ​លើ​ពិភពលោក​នេះ​ដែល​បាន​បាក់​អគារ​នៅក្នុង​ឆ្នាំ ២០១៩ រាប់ទាំង​សហរដ្ឋអាមេរិក​។ បើសិន​ជា​រឿង​ទាំងនេះ​ទាមទារ​ឲ្យ​ដកមន្ត្រី​នេះ​រហូត​ដល់​ខ្ញុំ​អាច​នឹង​ពិនិត្យ​ទៅលើ​មន្ត្រី​របស់ខ្ញុំ​មួយចំនួន​ដែល​កំពុង​ស្ថិត​នៅក្នុង​ជួរ​រដ្ឋាភិបាល​ដែល​បង្ហោះ​ហ្វេសប៊ុក​ចេញ ព្រោះ​តាំងពី​រឿង​នេសាទ រឿង​ស្អី​ប្រមូលផ្ដុំ​មកលើ​អគារ​សំដៅ​រុញច្រាន​ឲ្យ​ខ្ញុំ​ដកតំណែង​អភិបាល​ខេត្ត​កែប​តែម្ដង​»​។

លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា បើទោះបីជា​ហេតុការណ៍​នេះ​កើត​នៅលើ​ដែនដី​របស់​ខេត្ត​កែប​ក៏ដោយ ក៏​អភិបាល​ និង​មន្ត្រីខេត្ត​មិនជាប់​ពាក់ព័ន្ធ​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​ព្រឹត្តិការណ៍​ដួលរលំ​សណ្ឋាគារ​នៅ​សហរដ្ឋអាមេរិក​, ការឆេះ​សារមន្ទីរ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង និង​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​អូស្ត្រាលី​ដោយ​ក្នុង​ព្រឹត្តិការណ៍​ទាំងនោះ មិនមាន​ការបង្ខំ​ឲ្យ​មាន​ការចុះ​ចេញពី​តំណែង​ទេ​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​ប៉ុន្តែ​ខ្ញុំ​សុំ​សួរ គ្រាន់តែ​នាយករដ្ឋមន្ត្រី អូស្ត្រាលី កំពុងតែ​ភ្លើង​ឆេះ​ព្រៃ​ជូន​កូន​ទៅលេង​នៅ​អាមេរិក គេ​ជេរ​ពេញ​ប្រទេស តើ​នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង​ទេ​?»​។

កាលពី​ថ្ងៃ​សៅរ៍ គេហទំព័រ​អគ្គស្នងការ​នគរបាលជាតិ​បាន​សរសេរ​ថា ម្ចាស់​សំណង់​ឈ្មោះ ឯក សារុន និង​​ប្រពន្ធ​ឈ្មោះ ឈីវ សុធី កំពុង​ត្រូវ​បាន​ស្នងការ​សាកសួរ​។

ខណៈ​នៅ​រសៀល​ម្សិលមិញ​ដែរ​លោក ហ៊ុន សែន ក៏បាន​បញ្ជាក់​ថា​ម្ចាស់​សំណង់​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ ហើយ​សំណង​រដ្ឋប្បវេណី​នឹង​ត្រូវ​ធ្វើឡើង​ស្រប​ទៅ​តាម​ច្បាប់ ហើយ​ក៏​បានបង្ហាញ​ក្ដី​សង្ឃឹម​ថា ឧប្បត្តិហេតុ​បែប​នេះ​នឹង​ត្រូវ​បាន​កាត់បន្ថយ​បន្ទាប់ពី​ច្បាប់​ស្ដីពី​សំណង់​បាន​ចូល​ជា​ធរមាន​កាលពី​ប្រមាណ​ ២ ​ខែ​មុន ហើយ​ឧប្បតិ្តហេតុ​បែបនេះ​អាច​នឹងត្រូវ​លុបបំបាត់​ទាំងស្រុង​តែម្ដង​។ ភ្លាមៗ​បន្ទាប់ពី​ព្រឹត្តិការណ៍​បាក់​រលំ​អគារ​នេះ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បង្កើត​គណៈកម្មការ​ដើម្បី​ធ្វើ​កោសល្យវិច័យ​លើ​អគារ​នេះ​។ ប៉ុន្តែ​ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​សុំ​ការបញ្ជាក់​ពី​លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ទេ​អំពី​ដំណើរការ​ធ្វើ​កោសល្យវិច័យ​នេះ​។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​អរ​ព្រះគុណ​ដល់​ព្រះមហាក្សត្រ​ក៏ដូចជា​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ និង​សប្បុរសជន​នានា​ដែល​បាន​ចូលរួម​ចំណែក​ឧបត្ថម្ភ​ដល់​ជនរងគ្រោះ​ដែល​មាន​ថវិកា​សរុប​ជាង​ ១,៧ លាន​ដុល្លារ​។ ប៉ុន្តែ​អ្នក​ដែល​លោក​ត្រូវតែ​អរគុណ​ខ្លាំងជាងគេ​គឺ​កម្លាំង​ប្រតិបត្តិការ​នៅ​កន្លែង​កើតហេតុ​។

លោក​ក៏បាន​បញ្ជាក់​សាជាថ្មី​ថា អ្នក​រងរបួស​នឹង​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ម្នាក់ៗ​ ១​ ម៉ឺន​ដុល្លារ ប៉ុន្តែ​មាន​ចំនួន​ ៧ ​នាក់​នឹងត្រូវ​ទទួលបាន​ ២ ​ម៉ឺន​ដុល្លារ​។ សម្រាប់​សាកសព​ម្នាក់ៗ​ទទួល​បាន​ ៥ ​ម៉ឺន និង​សម្រាប់​ធ្វើ​បុណ្យ​ ១០ ​លាន​រៀល​បន្ថែម​។ លោក​ថា​លោក​នឹង​ពិនិត្យមើល​ដល់​ក្រុមគ្រួសារ​ដែល​បាត់បង់​បង្គោលគ្រួសារ​ដោយ​ពួកគេ​អាច​នឹង​ទទួល​បាន​ការឧបត្ថម្ភ​បន្ថែម​៕

វីដេអូ៖