ភ្នំពេញៈ មនុស្ស​ ៣ ​នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​វេលា​ពេលព្រឹក​ថ្ងៃទី​ ២២ ខែកុម្ភៈ ក្រោយពី​បង្ក​ហិង្សា​ដោយ​ប្រើ​ដាវ​ និង​កាំបិត​កាប់​ទៅលើ​ភាគី​ម្ខាង​ដែល​កំពុង​ជួបជុំ​ញាតិមិត្ត​ផឹកស៊ី​នៅក្នុង​ផ្ទះ បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ ២ ​នាក់​របួសធ្ងន់​ និង​ស្រាល​កាលពី​យប់​ថ្ងៃអាទិត្យ ទី​ ២១ ខែកុម្ភៈ ស្ថិត​នៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

លោក ហង្ស ណារិទ្ធ មេបញ្ជាការ​ស្ដីទី កងរាជអាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនសង្ស័យ​ ៣ ​នាក់​ ក្នុង​ចំណោម​បក្ខពួក​ ៦ ​នាក់​ ដែល​បាន​បង្ក​អំពើហិង្សា​កាប់​ប្រហារ​ទៅលើ​ក្រុម​ជនរងគ្រោះ​មួយក្រុម​នោះ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​វេលា​ម៉ោង​ ២:៤៥ ​នាទី​ឈានចូល​ថ្ងៃទី​ ២២ ខែ កុម្ភៈ​ឆ្នាំ ២០២១​។

លោក​ថ្លែងថា​៖ «​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​បរិវេណ​នៃ​ការដ្ឋាន​សាងសង់​អគារ​បុរី​ភ្នំពេញ​ផាក ដែល​មាន​ទីតាំង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីតាំង​កើតហេតុ​នោះទេ​។ នៅពេល​នេះ កម្លាំង​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ក្រុម​ជនបង្ក​ ៣ ​នាក់​ទៀត​»​។

ទោះយ៉ាងណា​លោក ណារិទ្ធ មិនបាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​ជនសង្ស័យ​ទាំងនោះ​ទេ​ប៉ុន្តែ​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចំណាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក លឹម ច័ន្ទរតនា នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែកលៀប​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ជនរងគ្រោះ​ឈ្មោះ ខែម តុលា អាយុ​ ២០ ​ឆ្នាំ ជា​កម្មករសំណង់ មកពី​ខេត្ត​ព្រៃវែង​បាន​ស្លាប់ ក្រោយពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ ១ ​ក្រុម មាន​គ្នា​ ៦ ​នាក់​ប្រដាប់​ដោយ​ដាវ​ និង​កាំបិត សម្រុកចូល​កាប់​ប្រហារ​ក្នុង​គ្រា​ដែល​ជនរងគ្រោះ​កំពុង​ជួបជុំ​ផឹកស៊ី ជាមួយ​សាច់ញាតិ នៅក្នុង​ទីធ្លា​មុខផ្ទះ​ស្ថិត​ក្នុងភូមិ​កើតហេតុ​។

ចំណែក​សាច់ញាតិ​របស់​គាត់​ ២ ​នាក់​ទៀត​រួមមាន​ឈ្មោះ សែម ហេង អាយុ ២៣ ​ឆ្នាំ និង ឈ្មោះ ចិត្រ ចាន់ឌីន អាយុ​ ២៥ ​ឆ្នាំ ដែល​អ្នក​ទាំង​ ២ ​មាន​លំនៅ​ក្នុងភូមិ​កើតហេតុ​បាន​រងរបួស​ធ្ងន់​ និង​ស្រាល​ត្រូវ​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។

លោក ច័ន្ទរតនា បាន​ថ្លែង​ដោយយោង​លទ្ធផល​ពិនិត្យ​កោសល្យវិច័យ​ឱ្យដឹងថា សព​ជនរងគ្រោះ​ឈ្មោះ ខែម តុលា ​មាន​ស្នាម​មុត​ធ្លុះ​ និង​ដាច់រយះ​ដោយ​ត្រូវ​នឹង​ផ្លែដាវ ចំ​ទ្រូង និង ភ្លៅ​ខាងស្ដាំ​។ ​ចំណែក​នៅលើ​ខ្លួន​ជនរងគ្រោះ​ឈ្មោះ សែម ហេង មាន​ស្នាម​មុត​ដាច់​ឆ្អឹងជំនីរ​ និង​ដៃ​ខាងឆ្វេង ដែល​បច្ចុប្បន្ន កំពុង​ស្ថិត​នៅក្នុង​បន្ទប់​សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​។ រីឯ​ជនរងគ្រោះ ឈ្មោះ​ ចិត្រ ចាន់ឌីន រងរបួស​ស្រាល​ដោយ​ដាច់​ម្រាមដៃ​ខាងឆ្វេង​ចំនួន​ ៣ ​ប៉ុណ្ណោះ​។

លោក ច័ន្ទរតនា ថ្លែងថា សមត្ថកិច្ច​នៅ​មិនទាន់​បានដឹង​អំពី​មូលហេតុ ដែលនាំឱ្យ​កើតមាន​អំពើហិង្សា កាប់​ប្រហារ​ដ៏ឃោរឃៅ​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​បាន​អះអាងថា មុនពេល​កើតមាន​អំពើ​កាប់​ប្រហារ​នេះ គេ​ឃើញ​ភាគី​ក្រុម​ជនរងគ្រោះ អង្គុយ​ផឹកស៊ី​ជួបជុំ​បងប្អូន​ និង​សាច់ញាតិ ដោយ​មាន​ការច្រៀង​កម្សាន្ត​លេង​នៅក្នុង​ទីធ្លា​មុខផ្ទះ​របស់​ស្ត្រី​ឈ្មោះ​​ ធូ ដែល​ជា​បងថ្លៃ​របស់​ជនរងគ្រោះ​ឈ្មោះ ខែម តុលា​។

លុះដល់​វេលា​ម៉ោងជាង​ ១០ ​យប់​គេ​ក៏​ឃើញ​ក្រុម​ជនបង្ក​ដែលមាន​គ្នា​ ៦ ​នាក់​បាន​ជិះ​ម៉ូតូ​ ២ ​គ្រឿង ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ហើយ​បាន​ឈប់​នៅមុខ​ផ្ទះ​របស់​ក្រុម​ជនរងគ្រោះ និង បាន​រោទ៍​សំឡេង​ម៉ូតូ​ខ្លាំងៗ​ធ្វើឱ្យ​ក្រុម​ជនរងគ្រោះ​ទ្រាំ​ពុំបាន​ក៏​ស្រែក​គំហក​ជេរ​ខ្លាំងៗ​ទៅកាន់​ក្រុម​ជនបង្ក​ថា​ «​នែ៎ ពួក​អាងាប់​! បើ​ពួកឯង​ចង់​រោទ៍​ម៉ាស៊ីន​ម៉ូតូ​ខ្លាំងៗ កុំ​មក​រោទ៍​នៅទីនេះ​!» ក្រោយ​ឮ​ក្រុម​ជនរងគ្រោះ​បោះពាក្យ​សម្ដី​បែប​នោះ ក្រុម​ជនបង្ក​បាន​បើក​ម៉ូតូ​ចេញ​ទៅ​យ៉ាងលឿន ប៉ុន្តែ​មិនបាន​ ១០ ​នាទី​ផង ស្រាប់តែ​ក្រុម​ជនបង្ក​បាន​បើក​ម៉ូតូ​ត្រឡប់​មកវិញ ដោយមាន​ដាវ​ និង​កាំបិត ហើយ​នាំគ្នា​សម្រុកចូល​កាប់​ក្រុម​ជន​រងគ្រោះ​ដល់​ក្នុងផ្ទះ បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួស​ ២ ​នាក់​តែម្ដង​។

បន្ទាប់មក​ក្រុម​ជនបង្ក​បាន​នាំគ្នា​បើក​ម៉ូតូឌុប​គ្នា​គេចចេញ​បាត់ទៅ​។ ទោះជា​បែបណា​ក៏ដោយ ក្នុង​រយៈពេល​ប្រមាណ​ ៤ ​ម៉ោង​ក្រោយ​កើតហេតុ ក្រុម​កម្លាំង​កងរាជ​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ព័ទ្ធចាប់​ក្រុម​ជនបង្ក​បាន​ ៣ ​នាក់ ដោយ​រឹបអូស​វត្ថុតាង​ម៉ូតូ​ ២ ​គ្រឿង ដាវ​ ២ ​ដើម និង កាំបិតប៉័ងតោ​ចំនួន​ ២ ​ដែល​ជា​មធ្យោបាយ​នៃ​បទល្មើស​៕