
សមត្ថកិច្ចពាក់ព័ន្ធចុះទៅប្រមូលសំណាកស្រាដែលពុល។ រូបថត នគរបាល
កំពង់ឆ្នាំងៈ សាលាដំបូងខេត្តកំពង់ឆ្នាំងចោទប្រកាន់មនុស្សចំនួន ៣ នាក់ពីបទមនុស្សឃាតដោយអចេតនា ដែលពាក់ព័ន្ធនឹងករណីពុលស្រាសបណ្តាលឱ្យមានមនុស្សឈឺ និងស្លាប់ជាច្រើននាក់ កាលពីសប្តាហ៍មុន ដែលហេតុការណ៍នៃការពុលនេះកើតឡើងក្នុងភូមិជីប៉្រង ឃុំជៀប ស្រុកទឹកផុស។
ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តកំពង់ឆ្នាំងលោក ឡុង ស៊ីណា ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា មនុស្ស ៣ នាក់ដែលមានការពាក់ព័ន្ធនឹងករណីពុលស្រាស ត្រូវបានលោកធ្វើការចោទប្រកាន់ពីបទ«មនុស្សឃាតដោយអចេតនា»។
យោងតាមច្បាប់ក្រមព្រហ្មទណ្ឌមាត្រា ២០៧ បានចែងថា បទមនុស្សឃាតដោយអចេតនាគឺជាអំពើបណ្តាលឱ្យស្លាប់អ្នកដទៃដោយការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា និងការបំពានលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។
បទមនុស្សឃាតដោយអចេតនានេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀលទៅ ៦ លានរៀល។
លោក អៀ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា គិតពីថ្ងៃទី ២៨ ខែវិច្ឆិកា ដល់ល្ងាចថ្ងៃទី ២ ខែធ្នូ មន្រ្តីជំនាញនៃស្នងការដ្ឋាននគរបាលរួមនឹងសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការផ្អាក និងបិទទីតាំងផលិត លក់ស្រាស និងរឹបអូសនូវវត្ថុធាតុជាច្រើនទៀតនៅទូទាំងខេត្តកំពង់ឆ្នាំង។
បើតាមលោកស្នងការរង ទីតាំង ផលិតស្រាសចំនួន ៣៤៦ កន្លែងត្រូវបានបិទ និងផ្អាក រីឯកន្លែងលក់-ចែកចាយស្រាស និងស្រាថ្នាំចំនួន ៥៤៣ កន្លែងក៏ត្រូវបានបិទផងដែរ។ ដកហូតស្រាសដែលច្នៃហើយ (លាយរួច) ចំនួន ១០៩០ លីត្រ និង ៤១៨ កាន ស្រាថ្នាំចំនួន ៨០ កែវជ័រ (កែវសម្រាប់ត្រាំស្រា) និង ៥៦ ដបទឹកសុទ្ធ មេស្រាចំនួន ៦៥ លីត្រ និងមេដំបែកន្លះគីឡូក្រាម។
លោក ប៊ុនធឿន ថ្លែងថា៖ «យើងបានធ្វើការឃាត់មនុស្សចំនួន ៨ នាក់ដែលពាក់ព័ន្ធនឹងការផលិតស្រាក្នុងនោះមានការពាក់ព័ន្ធច្រើន ប៉ុន្តែអ្នកខ្លះបានផលិតទៅតាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ។ ប៉ុន្តែអ្នកខ្លះផលិតមានសារធាតុមេតាណុលខ្ពស់ដែលនាំឱ្យមានមនុស្សស្លាប់ និងឈឺ»។
លោកស្នងការរងបន្ថែមថា សមត្ថកិច្ចបាននិងកំពុងដំណើរការនីតិវិធីដោយក្នុងនោះមនុស្សចំនួន ៣ នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តចោទប្រកាន់តាមច្បាប់ ឯមនុស្ស ៥ នាក់ទៀតកំពុងធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាល។ លោកថាសមត្ថកិច្ចនៅតែបន្តណែនាំអប់រំ ដកហូត និងផ្អាកកន្លែងផលិតណាដែលគ្មានស្តង់ដា គ្មានច្បាប់ និងគ្មានអាជ្ញាប័ណ្ណ។
ជាមួយគ្នានេះប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោក ប្រាក់ វ៉ុន ឱ្យដឹងពីម្សិលមិញថា គិតមកដល់ពេលនេះ (ម្សិលមិញ) តាមការស្រាវជ្រាវរកឃើញមានអ្នកស្លាប់កើនឡើង ប៉ុន្តែមិនមែនជាការស្លាប់បន្តបន្ទាប់នៃការពុលក្នុងពិធីបុណ្យសពនោះទេ។ មានន័យថា អ្នកជំងឺមកមន្ទីរពេទ្យខេត្តនៅថ្ងៃទី ២៨ ខែវិច្ឆិកា គឺដោយសារការពុលស្រាស ដែលបានចូលរួមក្នុងពិធីបុណ្យសពអ្នកភូមិ។
លោកថា៖ «ប៉ុន្តែនៅពេលដែលយើងព្យាបាល និងគ្រប់គ្រងសភាពការណ៍នេះចប់សព្វគ្រប់ ក្រុមការងារនៃមន្ទីរសុខាភិបាល និងក្រសួងសុខាភិបាលបានចុះទៅមូលដ្ឋានដើម្បីស្រាវជ្រាវធ្វើការបញ្ជាក់បន្ថែម និងធ្វើការអន្តរាគមន៍ជាបន្តបន្ទាប់ទៀត ដែលធ្វើឱ្យយើងរកឃើញចំនួនអ្នកស្លាប់ដោយសារពុលស្រាសនៅតាមភូមិដែលកើតមានឡើងមុនថ្ងៃទី ២៨ ខែវិច្ឆិកា ដែលក្រុមការងារអាចសន្និដ្ឋានថាជាប់ពាក់ព័ន្ធនឹងការពុលស្រាដូចគ្នា»។
លោក ប្រាក់ វ៉ុន បន្តថា បើគិតចំនួនសរុបក្នុងហេតុការណ៍ទាំងមូលគឺមានមនុស្សចំនួន ១៥ នាក់បានបាត់បង់ជីវិត ដែលចំនួនអ្នកស្លាប់ខ្លះនៅភូមិក្នុងអំឡុងថ្ងៃទី ២៦ និង ២៧ ខែវិច្ឆិកា។ ដូចនេះក្រុមការងារអាចសរុបបានថាអ្នកដែលស្លាប់នោះគឺមានជាប់ពាក់ព័ន្ធនឹងការបរិភោគស្រា។
ចំណែកអ្នកឈឺកើនឡើងចំនួន ១៦៤ នាក់ដោយបូកបន្ថែមទិន្នន័យដែលក្រុមការងារទទួលបានពេលចុះធ្វើការស្រាវជ្រាវបន្ថែម ប៉ុន្តែមកដល់ពេលនេះ (ម្សិលមិញ) អ្នកនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តមានតែចំនួន ២ នាក់ទៀតប៉ុណ្ណោះ។
កាលពីថ្ងៃទី ១ ធ្នូ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប នៃក្រសួងពាណិជ្ជកម្មបានបង្ហាញពីលទ្ធផលនៃការធ្វើតេស្តសំណាកស្រាដែលបង្កឱ្យប្រជាពលរដ្ឋជាច្រើននាក់ពុលរហូតមានអ្នកបាត់បង់ជីវិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងគឺបណ្តាលមកពីស្រាមានសារធាតុមេតាណុលក្នុងកម្រិតខ្ពស់ចាប់ពី ១០,៥% រហូតដល់ ១៧,២៥ % ដែលវាលើសកម្រិតអនុញ្ញាត៕