
ជនសង្ស័យ ៣ នាក់ ពាក់ព័ន្ធបទល្មើសកាប់គាស់ និងឈូសឆាយដីព្រៃខុសច្បាប់ក្នុងខេត្តមណ្ឌលគិរី ត្រូវបានឃាត់ខ្លួនថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២១។ រូបថត មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរីៈ
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភ៌គ ប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី ៥ ខែឧសភានេះថា សមត្ថកិច្ចមន្ទីរបរិស្ថានឃាត់ខ្លួនមនុស្ស ៣ នាក់នោះ ពេលកំពុងឈូសឆាយដីព្រៃ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២១ ក្នុងពេលដែលមន្ត្រីឧទ្យានុរក្សចុះល្បាតនៅចំណុចដៃអូរតេ ស្ថិតក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងរបៀងអភិរក្សជីវៈចម្រុះឦសាន។
លោកថ្លែងថា៖ «មកដល់ថ្ងៃទី ៥ ខែឧសភានេះ ជនទាំងនោះមិនទាន់បានបញ្ជូនទៅតុលាការនៅឡើយទេ ហើយពេលនេះខាងខ្ញុំកំពុងសាកសួរ។ គាត់ទាំង ៣ នាក់ហ្នឹង ទៅស៊ីឈ្នួលគេ ដើម្បីឈូសឆាយព្រៃ អ៊ីចឹងយើងកំពុងតែធ្វើការស្រាវជ្រាវ ថាតើម្ចាស់ដីហ្នឹងមួយណា មកពីណាកំពុងឲ្យពួកគាត់បង្ហាញនូវឯកសារ។ ហើយរឿងហ្នឹង មិនទាន់ចប់ទេ ព្រោះកំពុងស្ថិតក្នុងនីតិវិធីស៊ីបអង្កេត» ។
លោក កែវ សុភ៌គ បានឱ្យដឹងថា សមត្ថកិច្ចជំនាញបរិស្ថានបានដកហូតវត្ថុតាងរួមមាន គ្រឿងចក្រអេស្កាវាទ័រ ម៉ាក CAT ពណ៌លឿង ចំនួន ១ គ្រឿង អាល់ប៊ុល ម៉ាក CAT D5 ចំនួន ១ គ្រឿង អាប៊ុល ម៉ាក CASE 650G ពណ៌លឿង ចំនួន ១ គ្រឿ ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន ២ គ្រឿង និងម៉ាស៊ីនភ្លើងចំនួន ១ គ្រឿង វត្ថុតាងទាំងអស់នោះត្រូវបានរក្សាទុកបណ្ដោះនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។
លោក គ្រើង តុលា អ្នកប្រឹក្សាយោបល់ក្រុមការងារបណ្តាញសហគមន៍ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី បានឲ្យដឹងថា មានការឃាត់ខ្លួនអ្នកកាប់រានដីព្រៃដោយខុសច្បាប់ ប៉ុន្តែការឃាត់ខ្លួននោះ ធ្វើឡើងភាគច្រើនចំពោះតែប្រជាពលរដ្ឋដែលជាអ្នកស៊ីឈ្នួលធ្វើការ ចំណែកអ្នកដែលមានអំណាចនៅពីក្រោយខ្នងមិនសូវឃើញមានការឃាត់ខ្លួន ដើម្បីដោះស្រាយតាមច្បាប់នោះទេ។
លោកថ្លែងថា៖ «អ្នកដែលស៊ីឈ្នួលគេរកព្រឹកខ្វះល្ងាច គឺភាគច្រើនត្រូវជាប់ខ្នោះជាប់ច្រវ៉ាក់ ច្រើននាក់ណាស់បាទ ប៉ុន្តែអ្នកដែលជាម្ចាស់គ្រឿងចក្រ ម្ចាស់ដីអី មិនសូវដែលមានពីណាជាប់ខ្នោះទេ។ ខ្ញុំឃើញថា អ្នកម្ចាស់ដី ឬឧកញ៉ាធំៗហ្នឹងមិនដែលឃើញត្រូវបានចាប់ខ្លួនទេ ចាប់តែអ្នកស៊ីឈ្នួល ហើយទោះជារកឃើញថា ដីនោះជារបស់អ្នកណា ក៏ខ្ញុំឃើញមន្ត្រីជំនាញមិនដែលឃើញហ៊ានចាប់ទេ» ។
លោក គ្រើង តុលា ស្នើសុំមន្ត្រីជំនាញបរិស្ថានធ្វើការងារដោយអនុវត្តច្បាប់យ៉ាងណាឲ្យបានស្មើភាពគ្នាចំពោះមុខច្បាប់ត្រឹមត្រូវ។
លោកថ្លែងថា៖ «ពេលខ្លះប្រជាពលរដ្ឋសាមញ្ញគាត់ធ្វើការកាប់ព្រៃយ៉ាងច្រើនណាស់ ២ ហិកតាក្នុងមួយគ្រួសារតែប៉ុណ្ណឹងទេ ដើម្បីអាស្រ័យផលទ្រទ្រង់គ្រួសារគាត់ទេ ប៉ុន្តែអ្នកមានលុយមានអំណាចម្នាក់ឯងសុទ្ធតែ ១០ ហិកតា ឬ ៣០ ទៅ ៤០ ហិកតា អត់ឃើញចាប់ ហើយប្រជាពលរដ្ឋរាប់រយគ្រួសារបានដីតែ ១០ ឬ ២០ ហិកតាហ្នឹងថាច្រើន»៕