បាត់ដំបងៈ ជនសង្ស័យ​ចំនួន​ ៣ ​នាក់​ក្នុង​ចំណោម​ ៤ ​នាក់​ត្រូវ​បាន​នគរបាល​ខេត្តបាត់ដំបង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ពី​ម្សិលមិញ ពាក់ព័ន្ធ​ការដឹកជញ្ជូន​គ្រឿងញៀន​ប្រភេទ​ ICE (​ម៉ា​ទឹកកក​) ​ចំនួន​ ៥ ​គីឡូក្រាម បន្ទាប់ពី​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ២៨ ខែធ្នូ ខណៈ​ពួកគេ​កំពុង​ដឹកជញ្ជូន​គ្រឿងញៀន​នៅ​ភូមិ​ព្រែកមហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​/​ខេត្តបាត់ដំបង​។

លោក​ កុយ ហៀង ស្នងការរង​នគរបាល​ខេត្តបាត់ដំបង​ទទួល​ផែន​គ្រឿងញៀន​ថ្លែង​ពី​ម្សិលមិញ​ថា​ជនសង្ស័យ​ទាំង​ ៣ ​នាក់​ត្រូវ​បាន​នគរបាល​ខេត្ត​បាត់ដំបង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​ ២៩ ធ្នូ បន្ទាប់ពី​បញ្ចប់​ការសាកសួរ​តាម​នីតិវិធី​ច្បាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ចំនួន​ ៥ ​គីឡូក្រាម​នោះ​។

លោក​ថា​៖ «​ប៉ុន្ដែ​ខ្ញុំ​មិនទាន់​ដឹងថា​តុលាការ​បាន​សម្រេច​ឃុំខ្លួន​ហើយ ឬ​នៅទេ​។ យើង​នៅ​បន្ត​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​យកមក​ផ្ដន្ទាទោស​តាមច្បាប់​»​។

លោក​បន្ថែមថា ជនសង្ស័យ​ទាំង​ ៣ ​នាក់​ក្នុងចំណោម​បក្ខពួក​ ៤ ​នាក់​ បាន​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ហើយ​បន្ត​មក​ខេត្ត​បាត់ដំបង ប៉ុន្ដែ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្តបាត់ដំបង​ចាប់ខ្លួន និង​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ​ ICE (​ម៉ា​ទឹកកក​) ​ចំនួន​ ៥ ​គីឡូក្រាម ខណៈ​ពួកគេ​កំពុង​ជិះ​ម៉ូតូ​ដឹក​ដាក់​ក្នុង​ការុង​ធ្វើដំណើរ​តាម​ផ្លូវ​លេខ​ ១ មក​ដល់​ភូមិ​ព្រែក​មហាទេព​។

លោក​ ផាន់ រតនា អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្តបាត់ដំបង​ពី​ម្សិលមិញ មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បានទេ ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​។

តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ពី​ម្សិលមិញ គឺ​ក្រុម​ឈ្មួញ​គ្រឿងញៀន​ដែល​ត្រូវបាន​ឃាត់ខ្លួន​រួមមាន ឈ្មោះ​ ទូច សារុំ អាយុ​ ៥៩ ​ឆ្នាំ រស់នៅ​ភូមិ​ដើមជ្រៃ សង្កាត់​អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ សន សារ៉ាត ហៅ​ ហើម អាយុ​ ៣៥ ​ឆ្នាំ​រស់នៅ​ភូមិ​កូវ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ ហ៊ាង ហួយ អាយុ​ ៤៧ ​ឆ្នាំ​រស់នៅ​ភូមិ​អូរស្មាច់ សង្កាត់​អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។ រីឯ​បក្ខពួក​ម្នាក់ទៀត​ជា​ស្ត្រី​ដែល​ធ្វើដំណើរ​ផ្សេងគ្នា​បានគេច​ខ្លួន​។

របាយការណ៍​បន្តថា ជនសង្ស័យ​បាន​សារភាព​ថា ពួកគេ​យក​ខេត្ត​បាត់ដំបង​ជា​គោលដៅ​ជួញដូរ​គ្រឿងញៀន​។ ប៉ុន្ដែ​ពេល​ចូលដល់​ក្រុង​បាត់ដំបង​ក៏ត្រូវ​បាន​សមត្ថកិច្ច​ស្ទាក់ចាប់​រួមទាំង​វត្ថុតាង​ទាំងអស់​។

បើតាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ដកស្រង់​សម្ដី​លោក​ សុខ និមល ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ពី​ម្សិលមិញ​ថា​គ្រឿងញៀន​ទាំងនេះ​មាន​ប្រភព​ដំបូង​នាំ​ចេញពី​ប្រទេស​ឡាវ​រួច​នាំ​ចូលទៅ​ប្រទេស​ថៃ និង​បាន​ចូល​បន្ត​មក​ប្រទេស​កម្ពុជា​។ បន្ទាប់ពី​ទទួល​បាន​របាយការណ៍​សម្ងាត់​កម្លាំង​ជំនាញ​កម្ពុជា​កំណត់​បាន​មុខសញ្ញា​ក្រុម​ឈ្មួញ​គ្រឿងញៀន​នេះ​ដែល​បាន​ដឹកជញ្ជូន​សំដៅ​មក​ខេត្ត​បាត់ដំបង​៕