កណ្តាលៈ យ៉ាង​ហោចណាស់​មាន​កម្មករ​ ២ ​នាក់ និង​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ម្នាក់​បាន​ស្លាប់ និង​កម្មករ​ចំនួន ៥០ ​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ស្រាល​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​រថយន្ត​ដឹក​ដី​បើក​បុក​រថយន្ត​ដឹក​កម្មករ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​ ១ ​ក្នុង​ភូមិសាស្ត្រ ឃុំ​គគីរធំ ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។

លោក​ សួន សម្បត្តិ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​គគីរធំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច ៣ ​នាក់​ស្លាប់​នៅ​នឹង​កន្លែង និង ៥០ ​នាក់​ទៀត រងរបួស​ធ្ងន់​ និង​ស្រាល​។ អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​រាជធានី-ភ្នំពេញ ដើម្បី​ពិនិត្យ​ព្យាបាល​។

បើ​តាម​លោក សម្បត្តិ ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មាន​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​ដឹក​ដី ឈ្មោះ​ ម៉ម ពេជ្រសារ៉ាត់ អាយុ ៣៨ ​ឆ្នាំ​មាន​លំនៅ​ភូមិ​សំរោងក្អែរ ឃុំ​ជ័យកំពក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល និង​ ២ ​នាក់​ទៀត​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ក្នុង​តំបន់​សួន​ឧស្សាហកម្ម​ឃុំ​សំរោងធំ ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​រួមមាន​ឈ្មោះ លន់ចាន់ថា អាយុ​ ៣៤ ​ឆ្នាំ​ជា​កម្មការិនី​នៅ​រោងចក្រ​ SKYLINE APPAREL CO., LTD និង​ម្នាក់​ទៀត​ឈ្មោះ យ៉ែម វណ្ណា អាយុ​ ៣០ ​ឆ្នាំ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ Hong Xing​។

លោក​ សម្បត្តិ បញ្ជាក់ថា​៖ «​យោងតាម​លទ្ធផល​នៃ​ការចុះពិនិត្យ​ និង​វាស់វែង​ភាពជាក់ស្ដែង​នៅលើ​ទីតាំង​កើតហេតុ​របស់​មន្ត្រី​នគរបាល​ជំនាញ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់​នេះ​បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ខ្វះ​ការប្រុងប្រយ័ត្ន បើក​បំពាន​ចូលក្នុង​គន្លង​ផ្លូវ​របស់​រថយន្ត​ដឹក​កម្មករ​»​។

លោក​បន្តថា ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​បាន​ស្ទូច​អូស​យក​រថយន្ត​បង្ក​ (​រថយន្ត​ដឹក​ដី​) និង​រថយន្ត​ដឹក​កម្មករ​ទៅ​រក្សា​ទុក​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​រង់ចាំ​តំណាង​ភាគី​ទាំងសងខាង​ចូល​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់​ ខណៈ​សព​ជនរងគ្រោះ​ត្រូវ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ និង​សាច់ញាតិ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ជុំវិញ​ករណី​នេះ បុគ្គលិក​រដ្ឋបាល​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ SKYLINE APPAREL CO., LTD ម្នាក់​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ «​បាន​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​កម្មការិនី​ដ៏ឆ្លាតវៃ និង​សកម្ម​ម្នាក់​របស់​រោងចក្រ​ និង​ ២៦ ​នាក់​ផ្សេងទៀត​រងរបួស​ប៉ះពាល់​ដល់​ខ្សែចង្វាក់​ផលិតកម្ម​របស់​រោងចក្រ​»​។ បុគ្គលិក​រូបនោះ ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ផ្ដល់​យុត្តិធម៌ សម្រាប់​កម្មករ​កម្មការិនី​រងគ្រោះ ដោយ​ធ្វើការ​ស្រាវជ្រាវ និង​ស្វែងរក​តំណាង​ភាគី​ក្រុមហ៊ុន​ឡាន​ដឹកដី ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ​មក​ទទួលខុសត្រូវ​លើ​ករណីនេះ​។

លោក ស៊ុំ សោភ័ណ នាយករង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប.ស.ស) ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា នៅពេល​នេះ​ក្រុមការងារ​របស់ ប.ស.ស កំពុង​ចុះ​សម្របសម្រួល អន្តរាគមន៍​ចេញថ្លៃ​ពិនិត្យ​ព្យាបាល​ដល់​កម្មករ​ដែល​រងរបួស និង​ចុះ​ជួប​សួរសុខទុក្ខ និង​ផ្ដល់​ថវិកា​មួយ​ចំនួន​ដល់​ក្រុម​គ្រួសារ​កម្មការិនី ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដើម្បី​រៀបចំ​ពិធី​បុណ្យសព​៕