
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដសាំងយ៉ុងដឹកឈើបុកជាមួយរថយន្ដដឹកទំនិញធុនធំដឹកដំឡូងមីស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះកាលពីយប់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២១។ ប៉ូលិស
ក្រចេះ: មនុស្ស ៣ នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដសាំងយ៉ុងដឹកឈើបុកជាមួយរថយន្ដដឹកទំនិញធុនធំដឹកដំឡូងមីស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះកាលពីយប់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២១។
លោក ខឹម ប៉ោស្រេង អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ស្រុកសំបូរ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ដសាំងយ៉ុងពណ៌សគ្មានស្លាកលេខ បើកបរដោយខ្វះការប្រុងប្រយ័ត្នវ៉ាជែងលើផ្លូវកោងក្នុងទិសដៅខាងត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុក៏បានមកបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-3033 ពេញទំហឹង។
របាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់នេះមានទី ១ ឈ្មោះ កង រតនា អាយុ ២១ ឆ្នាំមានលំនៅភូមិកោះខ្ញែរ ឃុំអូរគ្រៀង ស្រុកសំបូរ (អ្នកបើកបរ) ទី ២ ឈ្មោះ សុខ ថាល់ អាយុ ២៨ ឆ្នាំ (អ្នករួមដំណើរ) និងទី ៣ ឈ្មោះ សោម ផល្លា អាយុ ១៨ ឆ្នាំ (អ្នករួមដំណើរ)។ ដោយឡែកអ្នកបើករថយន្ដដឹកទំនិញឈ្មោះ ជា សុជាតិ អាយុ ២៥ ឆ្នាំរត់គេចខ្លួនពីកន្លែងកើតហេតុ។
លោក ខឹម ប៉ោស្រេង បញ្ជាក់ថា សាកសពជនរងគ្រោះទាំង ៣ នាក់ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តខូចខាតធ្ងន់ធ្ងរទាំង ២ គ្រឿង គឺរថយន្តសាំងយ៉ុងដឹកឈើសិប្បកម្មរនូតគ្រែ រីឯរថយន្តធន់ធំដឹកដំឡូងមីស្ងួតត្រូវបានកម្លាំងជំនាញចរាចរណ៍ស្រុកអូសយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរគ្រៀងជាបណ្ដោះអាសន្ន។
លោក ខឹម ប៉ោស្រេង ប្រាប់ថា សមត្ថកិច្ចនឹងអញ្ជើញម្ចាស់រថយន្តទាំង ២ ចូលមកដើម្បីសម្របសម្រួលសំណងរដ្ឋប្បវេណីនៅកន្លែង រួចហើយនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕