ភ្នំពេញៈ បុរស​ ៣ ​នាក់ ​បាន​ស្លាប់​កប់​ក្នុង​ការដ្ឋាន​ខុនដូ​កំពុង​សាងសង់​មួយកន្លែង បន្ទាប់ពី​មាន​ហេតុការណ៍​បាក់​រន្ទា​កម្ពស់​ ១៦ ​ជាន់​ ធ្លាក់​សង្កត់​ជនរងគ្រោះ​ទាំង​ ៣ ​នាក់​ ដែល​កំពុង​ធ្វើការ​ថែម​ម៉ោង​នៅក្នុង​ការដ្ឋាន​នេះ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ប៉ុន្តែ​សាកសព​ជនរងគ្រោះ​ទើប​តែ​ត្រូវបាន​ប្រទះឃើញ​កាលពី​យប់​ថ្ងៃ​អាទិត្យ​។

ជនរងគ្រោះ​ទាំង​ ៣ ​នាក់ ​ត្រូវ​បាន​គេ​អះអាង​ថា ទី​១ ​មាន​ឈ្មោះ​ សុខ សម្បត្តិ អាយុ​ ២១ ​ឆ្នាំ ទី​២ ​ឈ្មោះ យ៉ែម ទីន អាយុ​ ៣៥ ​ឆ្នាំ និង​ទី​៣ ​ឈ្មោះ​ ធីម ធីរ៉ង អាយុ​ ៣១ ​ឆ្នាំ ពួកគេ​មាន​មុខរបរ​ជាជាង​ជណ្ដើរយន្ត​។

អ្នកស្រី ញឺ តាំងសួន ដែល​ត្រូវជា​សាច់ញាតិ​ជនរងគ្រោះ​ឈ្មោះ​ សុខ សម្បត្តិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រុម​គ្រួសារ​បាន​ឆោឡោ​រក​ជនរងគ្រោះ ដែល​បាន​បាត់​ខ្លួន​តាំងពី​ម៉ោង ៨ ​កន្លះ​យប់​ថ្ងៃ​សៅរ៍ បន្ទាប់ពី​ទូរស័ព្ទ​ប្រាប់​ភរិយា​ខ្លួន​ថា ធ្វើការ​ថែម​ម៉ោង​នៅ​ការដ្ឋាន​។ អ្នកស្រី​បន្ត​ថា​ ក្រោយមក​ជនរងគ្រោះ​ក៏​បាន​បាត់​ដំណឹង​រហូត​ទទួល​បាន​ព័ត៌មាន​ថា ប្អូន​របស់​អ្នកស្រី​ស្លាប់ និង​រក​សាកសព​ឃើញ​នៅ​យប់​ថ្ងៃអាទិត្យ​នៅពេល​មាន​កម្មករ​ចូលធ្វើការ​វិញ​។

អ្នកស្រី​បន្ថែម​ថា ក្រោយ​រកឃើញ​ក៏​បាន​រាយការណ៍​ទៅ​ប៉ូលិស ប៉ុន្តែ​ក្រោយពី​ពិនិត្យ និង​សាកសួរ​រួច ទើប​យក​សាកសព​ចេញ​ពី​ឃ្លុប​ជណ្តើរយន្ត​នៅ​ម៉ោង​ប្រមាណ​ ១០ ​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ​។

អ្នកស្រី​បញ្ជាក់ថា​៖ «​ពេល​ទៅ​មើល​កន្លែង​កើតហេតុ​បាន​ឃើញ អ្នកខ្លះ​ឃើញ​ជើង អ្នក​ខ្លះ​ឃើញ​ដៃ ហើយ​ប្អូន​ខ្ញុំ​ដែល​នៅ​កំពង់ធំ​ហ្នឹង​គឺ​ឃើញ​ក្បាល​ជង្គង់ ស្លៀកខោ​ខៅប៊យ ហើយ​សង្ស័យ ព្រោះ​គេ​ចំណាំបាន​។ យើង​មិន​ដឹង​ថា​ធ្លាក់​យ៉ាងម៉េច ហើយ​មូល​ហេតុ​អ្វី ប៉ុន្តែ​គ្រាន់តែ​ពេល​ហ្នឹង​មាន​ឃើញ​ដែករន្ទា និង​កម្ទេចកម្ទី​ក្ដារ សំណង់​គ្រប់​ប្រភេទ​គ្រប​ពី​លើ​»​។

អ្នកស្រី​បន្តថា នៅពេល​ឃើញ​បែប​នេះ​ក៏​បាន​រាយការណ៍​ទៅ​អាជ្ញាធរ ហើយ​ប៉ូលិស​បាន​ចុះ​មក​កត់​កំណត់ហេតុ​ទាំងយប់​ ប៉ុន្តែ​ដោយសារ​តែ​សាច់ញាតិ និង​ការចរចា​សំណង​មិន​ត្រូវរ៉ូវ​គ្នា ទើប​ឈាន​ដល់​ព្រឹក​ថ្ងៃ​ចន្ទ ទើប​បាន​កាយ​យក​សាកសព​ជនរងគ្រោះ​ចេញ​។

ចំណែក​លោកស្រី យ៉ែម យ៉ន ដែល​ត្រូវ​ជា​បងស្រី​បង្កើត​ជនរងគ្រោះ​ឈ្មោះ យ៉ែម ទីន បាន​អះអាង​ដែរ​ថា ក្រោយ​ជួប​ហេតុការណ៍​នេះ​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​នីមួយៗ​ទទួល​បាន​ប្រាក់​សំណង​ចំនួន ៣ ​ពាន់​ដុល្លារ​ ដែល​សំណង​ជា​ទឹកប្រាក់​នេះ អ្នកស្រី​ក៏​មិនដឹងថា​ទទួល​បាន​ពី​ក្រុមហ៊ុន​ម៉ៅការ​សំណង់ ឬ​ពី​ក្រុមហ៊ុន​ខុនដូ​នោះទេ​។ អ្នកស្រី​អះអាង​ថា​ ទឹកប្រាក់​ទាំងនេះ​មិន​អាច​ទ្រទ្រង់​គ្រួសារ​ប្អូន​របស់​ខ្លួន​ឲ្យ​ល្អប្រសើរ​ទេ ព្រោះ​រូបគេ​មាន​កូន​នៅក្នុង​បន្ទុក​ដល់​ទៅ​ ២ ​នាក់​។

អ្នកស្រី​បញ្ជាក់ថា​៖ «​មេ​គេ​មិន​ដឹង​ខាង​ណា​ទេ គេ​ផ្តល់​ឲ្យ​ប្រហែល​ជា​ ៣ ​ពាន់​ដុល្លារ​។ ចំពោះ​ខ្ញុំ ខ្ញុំ​មិន​គិតថា ច្រើន​ទេ គឺ​តិច​ណាស់ ប៉ុន្តែ​មនុស្ស​យើង​ដល់​ថ្នាក់​ស្លាប់​ដល់​ទៅ ៣ ​ថ្ងៃ​ហើយ យើង​ទុក​អត់​បាន យើង​ទុក​តទៅ​ទៀត​គឺ​អត់​កើត​។ ប្អូន​ខ្ញុំ​មាន​កូន​ដល់​ទៅ​ ២ ហើយ​កូន​ក្រោយ​ទើប​តែ​មាន​អាយុ​បាន​ ១ ​ខួប​ ដែល​ចង់​បាន​សំណង​បន្ថែមទៀត ដើម្បី​ជួយ​កូនៗ​គ្នា​»​។

បើ​តាម​ការអះអាង​របស់​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​បាន​ឱ្យ​ដឹងថា ការដ្ឋាន​ខុនដូ​កំពុង​សាងសង់​នេះ​មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ ប៉ុន្តែ​មិនដឹង​មាន​ឈ្មោះ​អ្វី ឬ​ជា​របស់​អ្នកណា​នោះ​ទេ គឺ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ ៦៥ ត្រង់ចំណុច​ខាង​កើត​សណ្ឋាគារ​ហូលីដេ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ និង​មាន​កម្ពស់​ ១៦ ​ជាន់​។

លោក ​សុខ ពេញវុធ អភិបាលខណ្ឌ​ដូនពេញ​លោក​ ឆាយ ធិរិទ្ធ ចៅសង្កាត់រង​ទី​ ២ សង្កាត់​ស្រះចក លោក​ ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាល​ខណ្ឌ​ដូនពេញ និង​លោក កាន់ វណ្ណៈ នាយប៉ុស្តិ៍​នគរបាល​សង្កាត់​ស្រះចក​មិន​អាច​សុំ​ការបញ្ជាក់​អំពី​ឧបទ្ទវហេតុ​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​។ អ្នកខ្លះ​អះអាង​ថា​ចុះ​ខេត្ត ចំណែក​អ្នកខ្លះ​ឆ្លើយ​ថា​មិនដឹង និង​អ្នក​ខ្លះ​ទៀត​អះអាង​ថា​មិន​បាន​ចុះទៅ​កន្លែង​កើតហេតុ​មិនអាច​និយាយ​បាន​។

លោក ស ម៉ូរ៉ា ប្រធាន​សហជីព​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា​ថ្លែង​ថា ជនរងគ្រោះ​គួរតែ​ទទួល​បាន​សំណង​ស្រប​ទៅ​តាម​ច្បាប់​កំណត់ ហើយ​ក្នុង​ករណី​ដែល​រកឃើញ​ថា ឧបទ្ទវហេតុ​បង្កឡើង​ដោយសារ​ការធ្វេសប្រហែស ឬ​រកឃើញ​ថា​ការដ្ឋាន​សាងសង់​នេះ​មិន​បាន​គោរព​តាមច្បាប់ ឬ​តាម​ស្តង់ដា​សុវត្ថិភាព និង​បច្ចេកទេស​នោះ​ទេ ក្រុមហ៊ុន​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​ព្រហ្មទណ្ឌ​។

លោក​ ម៉ូរ៉ា បាន​បញ្ជាក់​ថា​៖ «​ក្នុង​ច្បាប់​របស់​យើង បើ​និយាយ​ពី​ច្បាប់​ការងារ​មិន​បង្ហាញ​ពាក់ព័ន្ធ​នឹង​ករណី​ទោស​ព្រហ្មទណ្ឌ​ទេ ប៉ុន្តែ​បើ​ច្បាប់​ក្នុង​ក្រមព្រហ្មទណ្ឌ​អាច​ចង្អុលបង្ហាញ​ពាក់ព័ន្ធ​នឹង​ការធ្វេសប្រហែស និង​ពាក់ព័ន្ធ​អ្វី​ផ្សេងៗ​របស់​អ្នកគ្រប់គ្រង ដោយ​ចាត់ទុក​ថា​អំពើ​មនុស្សឃាត​ដោយ​អចេតនា​អីហ្នឹង ក៏​នាំ​ឲ្យ​មាន​ទោស​ដែរ​»​។

ទោះយ៉ាង​ណា​លោក ស ម៉ូរ៉ា មិនអាច​សន្និដ្ឋាន​បាន​ទេ ថា​តើ​អ្នកគ្រប់គ្រង​ការដ្ឋាន​សាងសង់​នេះ​អាច​ជាប់ចោទ​ពី​បទល្មើស​ព្រហ្មទណ្ឌ​ដែរ​ឬ​អត់​នោះ​ទេ ព្រោះ​វា​អាស្រ័យ​ទៅ​លើ​ការស៊ើបអង្កេត​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​។ លោក​អះអាង​ថា បើ​សមត្ថកិច្ច​រក​មិនឃើញ​កំហុស ហើយ​នេះ​ជា​ឧបទ្ទវហេតុ​ដោយ​ចៃដន្យ អ្នកគ្រប់គ្រង​ការដ្ឋាន​នេះ​នឹង​មិន​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ឡើយ​៕