បន្ទាយមានជ័យៈ សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៣ ​នាក់​ បញ្ជូន​ទៅ​តុលាការ បន្ទាប់ពី​ពួកគេ​បាន​នាំ​ពលករ​ចំនួន ១៤ ​នាក់ ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ម៉ាឡៃ​កាលពី​យប់​ថ្ងៃទី​ ១៥ មីនា ២០២១ ខណៈ​ស្នងការ​នគរបាល​ខេត្ត ព្រមាន​ចាត់វិធានការ​លើ​ករណី​នាំ​មនុស្ស​ឆ្លងដែន​យ៉ាង​ម៉ឺងម៉ាត់​។

លោក សិទ្ធ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​រួមគ្នា​ដោយ​កម្លាំង​នគរបាល​វរសេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​ ៨១៥ សហការ​ជាមួយ​មន្ត្រី​ជំនាញ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ និង​កងរាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​។

លោក​បញ្ជាក់ថា ក្រោយ​ការចាប់ខ្លួន ជនសង្ស័យ​ទាំង​ ៣ ​នាក់​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ដោយ​ចោទប្រកាន់​ពី​បទជួញដូរ​មនុស្ស​ខុសច្បាប់ ហើយ​បញ្ជូនទៅ​តុលាការ ដើម្បី​មាន​នីតិវិធី​តាមផ្លូវ​ច្បាប់​បន្ត ខណៈ​មន្ត្រី​ជំនាញ​បាន​ស្រាវជ្រាវ​នៃ​អំពើ​ជួញដូរ​មនុស្ស​ឆ្លងដែន​នេះ​ជាយូរ​មកហើយ​ក្នុង​អំឡុងពេល​កម្ពុជា​កំពុង​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​បន្ថែមថា​៖ «​មុននឹង​យើង​ចាប់គាត់ ដោយសារ​តែ​គាត់​ប្រព្រឹត្ត​នូវ​អំពើ​ជួញដូរ​មនុស្ស ដោយ​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​នៅតាម​ច្រក​របៀង ដែលជា​កន្លែង​ដែល​យើង​បាន​ឃាត់ខ្លួន​គាត់​។ គាត់​ចេះតែ​បំពាន​ការហាមឃាត់​នេះ​យើង​ត្រូវតែ​អនុវត្ត​ច្បាប់​»​។

លោក សិទ្ធ ឡោះ បាន​អះអាងថា សមត្ថកិច្ច​នៅតែ​បន្ត​រឹតបន្តឹង​លើ​កិច្ចការងារ ការពារ និង​បង្ក្រាប​មេខ្លោង​ជួញដូរ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​បន្តទៀត ដោយ​ការដាក់​ពង្រាយ​កម្លាំង​ឈរជើង​នៅតាម​បណ្តា​ច្រកព្រំដែន ដើម្បី​ទប់ស្កាត់​ការឆ្លងដែន​ខុសច្បាប់​នេះ​។

ជនសង្ស័យ​ទាំង​ ៣ ​នាក់​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ឈ្មោះ ចក់ វី ហៅ ០៩ ភេទ​ប្រុស អាយុ ៤១ ​ឆ្នាំ រស់នៅ ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ជា​មេខ្លោង ឈ្មោះ យ៉ាត ប៊ុននី ភេទ​ប្រុស អាយុ ៣៨ ​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងជរ ឃុំ​ចំណារលើ ស្រុក​ស្ទោង ខេត្តកំពង់ធំ និង​ឈ្មោះ អោម ចាន់រ៉ា អាយុ ៦៣ ឆ្នាំ ដែល​ត្រូវជា​ម្ចាស់ផ្ទះ​សំណាក់ ម៉ី ម៉ី​។

លោក បេន សំអាត អធិការនគរបាល​ស្រុក​ម៉ាឡៃ​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា មេខ្យល់​ទាំង​ ២ ​នាក់​ បាន​នាំ​ពលករ​ប្រុស-ស្រី​ចំនួន​ ១៤ ​នាក់​ យក​មក​លាក់ខ្លួន​នៅក្នុង​ផ្ទះសំណាក់ ម៉ី ម៉ី ស្ថិត​នៅ​ភូមិ​ដូង ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដើម្បី​ត្រៀម​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​នៅ​យប់​ថ្ងៃទី​ ១៥ ខែ មីនា ឆ្នាំ​ ២០២១​។ ចំពោះ​ឈ្មោះ អោម ចាន់រ៉ា ភេទ​ប្រុស អាយុ​ ៦៣ ​ឆ្នាំ​ ជា​ម្ចាស់​ផ្ទះសំណាក់ ម៉ី ម៉ី មិន​សហការ​ជាមួយ​សមត្ថកិច្ច​ដែល​បានផ្តល់​ទីតាំង​ឱ្យ​មេខ្យល់​លាក់​ពលករ​។

លោក ស៊ុំ ចាន់គា ​អ្នក​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​បន្ទាយមានជ័យ និយាយថា ការដែល​សមត្ថកិច្ច​ចាប់ផ្តើម​មាន​ចំណាត់ការ​លើ​ក្រុម​ជន​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​នេះ ក៏​ព្រោះ​ពួកគេ​មាន​ការភ័យ​ពី​ការ​អស់​តំណែង​បន្ទាប់ពី​មាន​បទបញ្ជា​ពី​លោកនាយករដ្ឋមន្ត្រី ខណៈ​មន្ត្រី​ព្រំដែន​ចំនួន​ ២ ​រូប ​ក៏​ត្រូវបាន​អស់តំណែង​រួចមកហើយ​។

លោក​យល់ថា បើ​សមត្ថកិច្ច​ពិតជា​បង្ក្រាប​ក្រុម​ជន​មេខ្យល់ ពិតប្រាកដ​មែន នោះ​ពួកគេ​នឹង​អាច​ធ្វើបាន ព្រោះ​ក្រុម​ទាំងអស់​នេះ​អាច​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ ក៏​ព្រោះតែ​មានការ​បើកដៃ​ពី​មន្ត្រី​ខិលខូច​នៅតាម​ព្រំដែន​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ទាក់ទង​នឹង​ស្ថានភាព​នៃ​ការនាំ​មនុស្ស​ឆ្លងដែន​នេះ គឺមាន​ការថយចុះ ប៉ុន្តែ​មិនមែន​បណ្តាល​មកពី​កត្តា​ដែល​សមត្ថកិច្ច​មាន​វិធានការ​ចាប់​ក្រុម​មេខ្យល់​នោះទេ ព្រោះ​ចាប់​ ១ ​ដោះលែង ១ ០០០ ទៅវិញ​។ វា​ថយចុះ នៅតាម​ព្រំដែន​នៅក្នុង​សម័យ​កូវីដ​១៩​នេះ ដែលមាន​ការបិទច្រក​ព្រំដែន ហើយ​ថៃ​មានការ​រឹតបន្តឹង​ការចូល​ក្នុង​ប្រទេស​របស់​គេ​»​។

គិត​ចាប់ពី​ថ្ងៃទី​ ១៣ ខែកុម្ភៈ មកដល់​ថ្ងៃទី​ ២៣ ខែ កុម្ភៈ ឆ្នាំ​ ២០២១ អាជ្ញាធរ​តាម​ព្រំដែន​បាន​ចាប់ខ្លួន​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ បាន​ចំនួន​ ៨៥ ​នាក់ ក្នុងនោះ​ពី​វៀតណាម​មាន​ជាង​ ១០ ​នាក់​។ នេះ​បើតាម​តួលេខ​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​៕