ភ្នំពេញ៖ មនុស្ស ៣ នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្ដាល ក្រោយ​ពី​ពួក​គេ​បាន​បើកបរ​រថយន្ត​ក្នុង​ភាព​ស្រវឹង បំពាន​ច្បាប់ ក្នុង​កាលៈទេសៈ​ដែល​រាជ​រដ្ឋាភិបាល​ប្រកាស​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្ដាល ដើម្បី​ប្រឆាំង​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩។

លោក ឡាក់ ម៉េងធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ឱ្យ​ដឹង​នៅ​ថ្ងៃទី ២៦ មេសា​ថា ជន​សង្ស័យ​ឈ្មោះ គឹម ពិសិដ្ឋ អាយុ ៣៣ ឆ្នាំ ជា​យោធា​បម្រើ​ការ​នៅ​នាយកដ្ឋាន​វិស្វកម្ម, ទី២-ឈ្មោះ សាត សុម៉ាលី ភេទស្រី អាយុ ៤២ ឆ្នាំ និង ទី៣-ឈ្មោះ ណី ប៊ុនធឿន ជា​គ្រូ​ចិនសែ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី ២៤ ខែ​មេសា នៅ​មហាវិថី​សម្តេច​ហ៊ុនសែន (ផ្លូវ ៦០ ម៉ែត្រ) នៅ​ភូមិសាស្រ្ត​សង្កាត់ ព្រែកហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ហើយ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល​នៅ​យប់​ថ្ងៃទី ២៥ ខែ​មេសា។

លោក​ថ្លែង​ថា៖ «ពួក​គេ​ត្រូវ​បាន​ចោទ​តាម​មាត្រា ១១ អនុវត្ត​តាម​ច្បាប់​ស្តីពី​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ»។

យោង​តាម​មាត្រា ១១ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ​ដទៃ​ទៀត។ បើ​ពួក​គេ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា ពិត​ជា​បាន​ប្រព្រឹត្ត​មែន​នោះ នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៦ ខែ ទៅ ៣ ឆ្នាំ និង​ពិន័យ​ប្រាក់​ពី ២ លាន ទៅ ១០ លាន​រៀល៕