បុរស ៣​ នាក់​ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ​សម្រេច​ឃុំខ្លួន​ជាបណ្ដោះអាសន្ន ​ដោយ​ចោទ​ប្រកាន់​ពី​បទ​កាប់​ទន្រ្ទាន​ដីព្រៃ​ក្នុង​តំបន់​ដែនជម្រ​កកែវ​សីម៉ា ​ដើម្បី​ធ្វើ​ជាកម្មសិទ្ធិ​ឯកជន​តាមមាត្រា​ ៦២​ និង​មាត្រា​ ៥៦ នៃច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ។

លោក​ ព្រំ វិបុលរតនៈ ​ប្រធាន​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ​បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ នៅថ្ងៃ​ចន្ទ​ថា ​ជន​សង្ស័យ​ឈ្មោះ ​ឆោម វិជ្ជា​ អាយុ​ ២៦ ឆ្នាំ ​មាន​ទីលំនៅ ​ភូមិ​ប៉ោ​ដើម​ចេក​ ឃុំ​ក្រញ៉ូង​សែន​ជ័យ​ ស្រុក​ស្នួល ​ខេត្ត​ក្រចេះ ​និង​ប្អូន​ប្រុស​របស់​គាត់​ឈ្មោះ ​ឆោម វាសនា ​អាយុ​ ២២ ឆ្នាំ ​ព្រមទាំង​អ្នក​ជិតខាង​របស់​គាត់​ម្នាក់​ទៀត ​ឈ្មោះ​ ឈិត សំអាត ​អាយុ​ ៤៤ ឆ្នាំ។ ជន​ទាំង ៣​ ត្រូវបាន​មន្ត្រី​ឧទ្យានុរក្ស ​ដែនជម្រក​សត្វព្រៃកែវ​សីម៉ា ​ចាប់​ឃាត់​ខ្លួន​កាលពី​យប់​ថ្ងៃទី ១២​ ខែ មីនា​ ឆ្នាំ ២០២១ ​ខណៈ​កំពុង​ធ្វើ​សកម្មភាព​កាប់​រុករាន​ដីព្រៃ ​ក្នុង​តំបន់​ដែន​ជម្រាក​សត្វព្រៃ​កែវ​សីម៉ា។

លោក ​វិបុលរតនៈ ​បានថ្លែង​ថា​៖ «ជន​សង្ស័យ​ទាំង ៣ ​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​បទល្មើស​ជាក់​ស្ដែង។ ក្រុម​ជនសង្ស័យ​ត្រូវបាន​មន្ត្រី​ជំនាញ​យើង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ​ដោយ​ចោទ​ប្រកាន់​ក្នុង​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី៤ ​តាម​បញ្ញតិ​មាត្រា​ទី៥៦ ​និង​មាត្រា ៦២​ នៃ​ច្បាប់​ការពារ​តំបន់​ធម្មជាតិ»។

បើ​តាម​លោក ​វិបុលរតនៈ ​ក្រុម​ជនសង្ស័យ​ទាំង ៣ ​ត្រូវបាន​តុលាការ​ខេត្ត​មណ្ឌល​គិរី ​សម្រេច​ឲ្យ​នាំយក​ទៅ​ឃុំ​ខ្លួន​ជាបណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​មណ្ឌលគិរី​ កាលពី​រសៀល​ថ្ងៃទី ១៤ ​ខែ មីនា ​ឆ្នាំ ២០២១។ ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពី​បទកាប់​ទន្ទ្រាន​ដីព្រៃ​ក្នុង​តំបន់​ការពារ​និង​អភិរក្ស ​ដែន​ជម្រក​សត្វព្រៃ​កែវ​សីម៉ា ​តាមបញ្ញត្តិ​មាត្រា ៥៦​ និង​មាត្រា ៦២ ​នៃ​ច្បាប់​ការពារ​ធនធាន​ធម្មជាតិ ​បន្ទាប់​ពី​ជនសង្ស័យ​ទាំង ៣ ​បានសារភាព​ថា​ពួកគេ​បានធ្វើ​សកម្មភាព​កាប់​និង​ដុត​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ខាង​លើនេះ ​អស់​ប្រមាណ​ ៤ ហិកតា ​ដើម្បី​ពង្រីក​ផ្ទៃដី​កសិកម្ម​របស់​ខ្លួន។

លោក​បន្តថា ​យោងតាម​បញ្ញតិ្ត​មាត្រា​ ៥៦​ និង​ ៦២ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ​ជនសង្ស័យ​ទាំង ៣​ នឹងត្រូវ​ប្រឈម​ការផ្តន្ទា​ទោស​ជាប់​ពន្ធនាគារ​ពី​ ៥​ ឆ្នាំ ​ទៅ​ ១០ ​ឆ្នាំ ​ឬ​ទោស​ពិន័យ​ជា​ប្រាក់​ពី​ ១៥ លានរៀល​ ទៅ​ ១៥០​ លាន​រៀល​។​ បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង ៣ ​កំពុង​ត្រូវបាន​ឃុំខ្លួន ​នៅ​ពន្ធនាគារ​ខេត្ត​មណ្ដល​គិរី ​ដើម្បី​រង់ចាំ​ការជំនុំជំរះ​អង្គសេចក្ដី​នៅ​ពេល​ក្រោយ។

លោក ​វិបុលរតនៈ ​ក៏បាន​ឲ្យដឹង​ផងដែរ​ថា ​ថ្វីបើ​ប្រទេស​កម្ពុជា ​កំពុង​ប្រឈម​ចំពោះ​ការរីករាល​ដាល​នៃ​ជំងឺ​ឆ្លង​កូវិដ ១៩ ​ប៉ុន្តែ​មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន ​នៅ​តែ​សកម្មភាព​ក្នុង​ការចុះល្បាត​ការពារ​និង​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​និង​សត្វ​ព្រៃ​ជា​ប្រចាំ។ មន្ត្រី​ឧទ្យានុរក្សបានបង្ក្រាប​ចាប់​ឃាត់​ខ្លួន​ជនប្រព្រឹត្ត​បទល្មើស ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅតុលាការ ​ជា​បន្ត​បន្ទាប់​ដើម្បី​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់៕