ភ្នំពេញៈ ស្ត្រី​ម្នាក់​ដែល​ជា​មេខ្លោង​រួម​ជាមួយ​អ្នក​សមគំនិត​ ៣ ​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់ខ្លួន និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ពី​បទ​ជួញដូរ​ស្ត្រី​ខ្មែរ​ចំនួន​ ៣០ ​នាក់​ឱ្យ​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​ដោយ​ខុស​ច្បាប់​។

ប្រតិបត្តិការ​បង្ក្រាប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នៅ​ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ដោយ​កម្លាំង​សមត្ថកិច្ច​របស់​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​ពួកគេ​បាន​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​នេះ​រួច​មក​។

អគ្គស្នងការ​នគរបាល​ជាតិ​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​ ៤ ​នាក់​នោះ​រួម​មាន​ឈ្មោះ ស៊ូ សុភាព ភេទ​ស្រី អាយុ​ ៣៧ ​ឆ្នាំ​ជា​មេខ្លោង និង​អ្នក​សមគំនិត​ ៣ ​នាក់​ផ្សេង​ទៀត​រួមមាន​ឈ្មោះ ឃួន សារ៉ាវុធ អាយុ​ ៤៨ ឆ្នាំ ឈ្មោះ សុខ សុទ្ធារក្ស អាយុ​ ៣៤ ឆ្នាំ និង​ឈ្មោះ ផល ផា អាយុ ៣៤ ​ឆ្នាំ​។

លោក កែវ ធា ប្រធាន​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ដោយ​លោក​បាន​បង្វែរ​សំណួរ​ទៅ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ​។

ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួង​មហាផ្ទៃ​លោក ប៉ុល ភិធេយ្យ មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការបំភ្លឺ​បាន​ទេ​។

ចំណែកឯ​លោក ហ៊ុន សុធី អធិការ​ខណ្ឌ​ទួលគោក​ និង​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក៏​មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ដែរ​។

យោង​តាម​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឱ្យ​ដឹង​ថា​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួងលោម​ និង​ជ្រើសរើស​នារី​ខ្មែរ​ចំនួន​​ ៣០ ​នាក់​មកពី​កន្លែង​ផ្សេងៗ​គ្នា​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​នាំទៅ​ប្រទេស​ចិន​ជា​កន្លែង​ដែល​ពួកគេ​ត្រូវ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​ចាប់ពី​ឆ្នាំ​ ២០១៤ ​ដល់​ខែ​ឧសភា​ឆ្នាំ​ ២០១៨​។ ក្នុង​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ផ្តល់​ប្រាក់​ឲ្យ​ចន្លោះ​ពី ៥០០០ ​ទៅ​ ១០០០០ ​ដុល្លារ​។

ក្នុង​ប្រតិបត្តិការ​នោះ​ប៉ូលិស​បាន​រឹបអូស​រថយន្ត​ចំនួន ២ ​គ្រឿង​ទូរស័ព្ទដៃ​ចំនួន ៨ ​គ្រឿង​ និង​ប្រាក់​ចំនួន ៩៥០០ ដុល្លារ​ពី​ជនសង្ស័យ​ទាំង​នោះ​។

យោង​តាម​គេហទំព័រ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា​៖ «​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​បង្ក្រាប​មេខ្យល់​ដែល​បាន​ធ្វើ​សកម្មភាព​នាំ​នារី​ខ្មែរ ៣០ ​នាក់​យក​ទៅ​លក់​»​។

ជនសង្ស័យ​ទាំង ៤ នាក់ និង​ភ័ស្តុតាង​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​។

លោក អាន ភិន មន្ត្រី​ឃ្លាំមើល​សិទិ្ធ​មនុស្ស​របស់​អង្គការ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​កំពង់ស្ពឺ​បាន​ថ្លែង​ថា​រហូត​មក​ដល់​ពេល​នេះ​អង្គការ​អាដហុក​បាន​ទទួល​ពាក្យបណ្តឹង​ចំនួន​ ៥ ពី​គ្រួសារ​ជនរងគ្រោះ​បន្ទាប់ពី​កូនស្រី​របស់​ពួកគេ​ត្រូវ​បាន​គេ​បោកប្រាស់​ថា ឲ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ចិន​។

លោក​បាន​បញ្ជាក់​ថា​មេខ្លោង​បាន​ប្រកាស​ជ្រើសរើស​ស្ត្រី​ខ្មែរ​ឱ្យ​ទៅ​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​នៅឯ​ប្រទេស​ចិន​ដោយ​សន្យា​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ចាប់ពី​ ១០០០ ទៅ​ ១៥០០ ដុល្លារ​ក្នុង​ ១ ​ខែ ប៉ុន្តែ​នៅពេល​ដែល​ពួកគេ​ទៅ​ដល់​ប្រទេស​ចិន​ពួកគេ​ត្រូវ​បាន​បង្ខំ​ឱ្យ​រៀបការ​។

លោក​បន្ត​ថា​៖ «​បន្ទាប់ពី​រៀបការ​ជាមួយ​ប្តី​ទី​ ១ ​ហើយ​ពួកគេ​មួយ​ចំនួន​ត្រូវ​បាន​គេ​លក់​បន្ត​ឱ្យ​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​ផ្សេង​ទៀត​ក្នុង​តម្លៃ​ចន្លោះ​ពី​ ១៥០០០ ​ទៅ​ ២០០០០ ​ដុល្លារ​»​។

លោក ភិន ស្វាគមន៍​ចំពោះ​ការបង្ក្រាប​នេះ​ហើយ​លោក​បាន​អំពាវនាវ​ឱ្យ​តុលាការ​ចាត់​វិធានការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​ជនសង្ស័យ​ទាំង​នោះ និង​ស្វែងរក​ឲ្យ​មាន​ការ​ផ្តល់​សំណង​ដល់​ជនរងគ្រោះ ឬ​ក្រុម​គ្រួសារ​របស់​ពួកគេ​៕ NS