The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មនុស្ស ​៤ ​នាក់​ស្លាប់ ​និង​ជាង ​២ ០០០ គ្រួសារ​ រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង​

មនុស្ស ​៤ ​នាក់​ស្លាប់ ​និង​ជាង ​២ ០០០ គ្រួសារ​ រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង​

Content image - Phnom Penh Post
ប្រជាពលរដ្ឋកំពុងត្រូវបានជួយសង្រ្គោះពីទឹកជំនន់ នៅខេត្តព្រះសីហនុ។ រូបថត ហ្វេសប៊ុក គួច ចំរើន

មនុស្ស ​៤ ​នាក់​ស្លាប់ ​និង​ជាង ​២ ០០០ គ្រួសារ​ រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង​

ព្រះសីហនុ​/រតនគិរីៈ ​យ៉ាង​ហោច​ណាស់​មនុស្ស ​៤ ​នាក់​បាន​ស្លាប់​ និង​ជាង ២ ០០០ ​គ្រួសារ ​កំពុង​តែ​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ជំនន់​ទឹក​ភ្លៀង​ដែល​បាន​ធ្លាក់​ភ្លៀង​ខ្លាំង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ និង​រតនគិរី​ ព្រោះ​តែ​ទទួល​​រង​ឥទ្ធិពល​ខ្យល់​ព្យុះ ​និង​ភ្លៀង​។ នេះបើ​យោង​តាម​របាយការណ៍​បឋម​ស្តីពី​ស្ថានភាព​ទឹក​នៅ​ក្នុង​ខេត្ត​ទាំង ​២​។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​ មនុស្ស ​៣ ​នាក់​ស្លាប់ ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ និង​ក្មេង​ស្រី​អាយុ ​១៥ ​ឆ្នាំ ​ម្នាក់​ស្លាប់ ​នៅ​ខេត្ត​រតនគិរី​។​

លោក ​ឃាង ​ភារម្យ​ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះ​សីហនុ ​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ​ជា​អកុសល​ពលរដ្ឋ​ខ្មែរ​ជា​កម្មករ​សំណង់ ​២ នាក់​ ប្តី​ប្រពន្ធ​បាន​ស្លាប់​ ព្រោះ​របង​សំណង់​កំពុង​សាងសង់​រលំ​សង្កត់​ កាល​ពី​ថ្ងៃទី ​៨ ​និង​ជនជាតិ​ចិន​ម្នាក់​ទៀត​ ជា​មេការ​ការដ្ឋាន​សំណង់​រោងចក្រ​ផលិត​ឥដ្ឋ​ស្លាប់​នៅ​ថ្ងៃទី ​៩​ ដោយ​ត្រូវ​របង​រលំ​សង្កត់​​ផង​ដែរ ​ដោយសារ​តែ​ទឹក​ហូរ​រលំ​របង​ការដ្ឋាន​ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​បិតត្រាំង ​ស្រុក​ព្រៃនប់​ លោក​ ភារម្យ​ ថ្លែង​ថា​ អាជ្ញាធរ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​បាត់បង់​ជីវិត​ ២ នាក់​ប្តី​ប្រពន្ធ​ ទៅ​ស្រុក​កំណើត​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ហើយ​។​

លោក​ គួច​ ចំរើន ​អភិបាល​ខេត្ដ​ព្រះសីហនុ ​បាន​ថ្លែង​​ថា​ កងកម្លាំង ​និង​បណ្ដា​អង្គភាព​ពាក់ព័ន្ធ​ទាំង​អស់​នៅ​ក្នុង​ខេត្ត​បាន​ត្រៀម​ជា​ប្រចាំ​ដើម្បី​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដោយសារ​ជំនន់​ទឹក​ភ្លៀង​នេះ បើសិន​ជា​ស្ថានភាព​នេះ​ ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន​។​

លោក ​ចំរើន​ ថ្លែង​ថា៖ ​«​(យើង) ​មិន​ត្រូវ​ទុក​ប្រជាជន​ណា​ម្នាក់​ឲ្យ​មាន​បញ្ហា​ ដោយ​មិន​ត្រូវ​បាន​​ជួយ​សង្គ្រោះ​នោះ​ទេ​»​។​ ​

ខណៈ​នៅ​ឯ​ខេត្ត​រតនគិរី​ តាម​របាយការណ៍​បឋម​ស្តីពី​ស្ថានភាព​ទឹក​ និង​ផល​ប៉ះពាល់​ដោយសារ​ទឹក​ជំនន់​ របស់​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​ថា​ ប្រជាពល​រដ្ឋ​ប្រមាណ​ជាង​ ២ ១៨០ ​គ្រួសារ ​រួម​ទាំង​ផល​ដំណាំ ​ស្រែ​ចម្ការ ​សាលារៀន​ ផ្លូវ​ថ្នល់​ សត្វ​ពាហនៈ ​នៅ​ក្នុង​ស្រុក​លំផាត់​ ស្រុក​កូនមុំ ​និង​នៅ​តាម​ទន្លេ​ស្រែពក ​និង​ទន្លេ​សេសាន​ បាន​រង​ផល​ប៉ះពាល់​ដោយសារ​ទឹក​ជំនន់​។​

របាយការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្មេង​ស្រី​ម្នាក់​បាន​បាត់​ខ្លួន ​ក្នុង​ករណី​លិច​ទូក​ចម្លង​ក្នុង​គ្រោះ​ទឹក​ជំនន់​ទឹក​ភ្លៀង​នៅ​ស្រុក​លំផាត់​ កាល​ពី​ថ្ងៃទី ​៩​ និង​បាន​រក​សព​ឃើញ​នៅ​ថ្ងៃ​ដដែល​។ ​ជន​រងគ្រោះ​ឈ្មោះ ​រ៉ា ​រចនា​ ​ភេទ​ស្រី ​អាយុ ​១៥ ​ឆ្នាំ ​ជា​​សិស្ស​នៅ​អនុវិទ្យាល័យ​លំផាត់​។

លោក​ គិត ទ្រី​ អភិបាលរង ​និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ដ​រតនគិរី​ បាន​ថ្លែង​ថា​ពេល​នេះ​កម្ពស់​ទឹក​ទន្លេ​ស្រែពក​លំផាត់​បាន​ស្រក​ចុះ​ច្រើន​ហើយ ​ហេតុ​ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ខ្លាំង​ដោយ​ហេតុ​ជំនន់​ដំបូង​បាន​ឡើង ​២ ​ម៉ែត្រ​ ហួស​ពី​កម្រិត​ប្រកាស​អាសន្ន​។

លោក​ ទ្រី​ ថ្លែង​ថា​៖ «​ជំនន់​នេះ​ មិន​មាន​ជា​បញ្ហា​សុខភាព​ដល់​ពលរដ្ឋ​ទេ ហើយ​យើង​ក៏​មាន​គ្រូ​ពេទ្យ​នៅ​ប្រចាំ​ការ​គ្រប់​ពេល​នៅ​កន្លែង​ទីទួល​សុវត្ថិភាព​ជាមួយ​ពលរដ្ឋ​ដែរ​ ដូច្នេះ​មិន​មាន​ប៉ះពាល់​បញ្ហា​សុខភាព​ទេ​»​។​​​ ​​​​​

លោក ​ចាន់​ យុត្ថា ​អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​បាន​ ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃទី ​១០​ ដល់​ថ្ងៃទី ​១៧​ ខែ​សីហា ​នេះ ស្ថានភាព​ភ្លៀង​ និង​ខ្យល់​មួយ​រយៈ​ថ្មីៗ​កន្លង​មក​ ​​មាន​ការ​វិវឌ្ឍ​យ៉ាង​លឿន​ស្ទើរ​មិន​ដែល​ជួប​ប្រទះ​នោះ​ទេ​នៅ​កម្ពុជា​​ ហើយ​នៅ​សល់​​ព្យុះ​ ២ ​ទៀត​ ឥទ្ធិពល​បាន ​និង​កំពុង​ស្រូប​ទាញ​ធ្វើ​ឲ្យ​ប្រព័ន្ធ​សម្ពាធ​ទាប​​កាត់​ភាគ​ខាង​ជើង​ឡាវ ​និង​វៀតណាម​។ ​ខ្យល់​មូសុង​និរតី​នៅ​បន្ត​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​តំបន់​មាត់​សមុទ្រ​។​

លោក​ ​យុត្ថា ​បាន​អះអាង​ថា​ ស្ថានភាព​បែប​នេះ​បាន​ធ្វើ​ឲ្យ​បណ្ដា​ខេត្ដ​នៅ​តំបន់​មាត់​សមុទ្រ​ជាពិសេស ​ខេត្ដ​កោះកុង ​និង​ខេត្ដ​ព្រះសីហនុ ​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន​។ ​លើ​ផ្ទៃ​សមុទ្រ​នឹង​អាច​មាន​ភ្លៀង និង​​ខ្យល់​ខ្លាំង​ និង​រលក​បក់បោក​ខ្ពស់​ រីឯ​ខេត្ដ​ព្រះវិហារ​ សៀមរាប​ បាត់ដំបង​ ប៉ៃលិន​ បន្ទាយមានជ័យ ​និង​ខេត្ដ​ឧត្ដរមានជ័យ​ និង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​បរិមាណ​​ពី​តិច​ទៅ​បង្គួរ​។ ខេត្ដ​កំពង់ស្ពឺ ​តាកែវ ​កណ្ដាល​ និង​រាជធានី​ភ្នំពេញ​ និង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​បរិមាណ​ពី​តិច​ទៅ​មធ្យម​។​

Content image - Phnom Penh Post
អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​សង្គ្រោះ​ពល​រដ្ឋ​មកកាន់ទួល​សុវត្ថិភាព​។ រូបថត ហ្វេសប៊ុក​

លោក​ ​ភារម្យ​ ថ្លែង​កាល​​ម្សិលមិញ​ថា ​ភ្លៀង​នៅ​បន្ត​ធ្លាក់​​រហូត ​ហើយ​តំបន់​ទំនាប​មួយ​ចំនួន​ក្នុង​ក្រុង​ព្រះសីហនុ​ទឹក​នៅ​តែ​​បន្ត​ឡើង​។ ​ប៉ុន្ដែ​មិន​ទាន់​ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន​​ធ្ងន់ធ្ងរ​ទេ​ ទោះបី​ផ្លូវ​មួយ​ចំនួន​ក្នុង​ស្រុក​ព្រៃនប់​ជំនន់​ទឹក​ភ្លៀង​នៅ​បន្ត​ជន់​លិច ​និង​ត្រូវ​ផ្អាកការ​ធ្វើ​ដំណើរ​ ខណៈ ​វិធានការ​រំដោះ​ទឹក​ភ្លៀង​ចេញ​ពី​ក្រុង​កំពុង​បន្ត​​ស្ដារ​ និង​កាយ​ប្រឡាយ​ឲ្យ​ធំ​ដើម្បី​បើក​ឲ្យ​ទឹក​ហូរ​ចេញ​បាន​លឿន​។​

លោក​ សុខ ​សុទ្ធី​ អភិបាល​រង​ និង​ជា​អ្នក​នាំពាក្យ​ខេត្ដ​កោះកុង​ថ្លែង​​ថា​ ភ្លៀង ​២-​៣ ​ថ្ងៃ​កន្លង​មក​នេះ​ ​ទឹក​ភ្លៀង​បាន​ហូរ​ធ្លាក់​ពី​លើ​ភ្នំ ​ច្រោះ​​កាត់​ផ្លូវ​ជា​តិ​លេខ ​៤៨​ ​ដែល​តភ្ជាប់​ចេញ​ពី​ផ្លូវ​ជាតិ​លេខ ​៤​ ឆ្ពោះ​ទៅ​ខេត្ត​កោះកុង ​ត្រង់​ចំណុច​ស្ពាន​ភូមិ​ដូង ​ហៅ​ស្ពាន​តាតៃ ​ដោយ​បាក់​ដី​ និង​ដុំថ្ម​ខ្លះៗ​ធ្លាក់​​មក​លើ​ថ្នល់​ ​ប៉ុន្ដែ​​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​យក​គ្រឿង​ចក្រ​កាយ​ប្រឡាយ​ទឹក​សម្រួល​ធ្វើ​ចរាចរ​ជា​ប្រក្រតី​ឡើង​វិញ​ហើយ​​។

លោក​ ​សុទ្ធី​ ថ្លែង​​ថា​ ពេល​នេះ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ តែ​មិន​ខ្លាំង​ដូច​កាល​ពី​ថ្ងៃ​សៅរ៍​ទេ​។ ​ក្រុង ​និង​ស្រុក​ទាំង ​៧ ​ក្នុង​ខេត្ដ​កោះកុង ​បាន​​​រង​ឥទ្ធិពល​ពី​ជំនន់​ទឹក​ភ្លៀង​ស្ទើរ​តែ​គ្រប់​កន្លែង​ទាំង​អស់ ​គ្រាន់​តែ​ស្ថានភាព​តិច ​ឬ​ច្រើន​ប៉ុណ្ណោះ​។​ ហើយ​នៅ​ស្រុក​កោះកុង​ និង​​មណ្ឌល​សីមា​រង​ឥទ្ធិពល​ពី​ជំនន់​ទឹក​ភ្លៀង​នេះ​ខ្លាំង​ជាង​គេ​។​ ប៉ុន្ដែ​មក​ដល់​ពេល​នេះ​ ខេត្ដ​កោះកុង​នៅ​មិន​ទាន់​មាន​ពលរដ្ឋ​រងគ្រោះ​ធ្ងន់ធ្ងរ​ទេ​។​

លោក ​សុទ្ធី​ បាន​ថ្លែង​ថា​ សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​បូក​សរុប​ចំនួន​ពលរដ្ឋ​រងគ្រោះ​នៅ​ឡើយ​ ​ខណៈ​ដែល​សមត្ថកិច្ច​កំពុង​ជួយ​សង្គ្រោះ​ពួក​គាត់​មក​កាន់​ទីទួល​សុវត្ថិភាព​ដែល​បាន​ត្រៀម​ទុក​សិន​។​

ដោយ​ឡែក ​​លោក ​យុត្ថា ​ថ្លែង​ថា​ ក្នុង​មួយ​រយៈពេល​នេះ ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ច្រើន​បង្គួរ​ទៅ​ខ្លាំង​នៅ​អាង​ទន្លេ​មេគង្គ ​ពិសេស​នៅ​ប្រទេស ​ឡាវ​ ប្រទេស ​ថៃ ​និង​ប្រទេស ​វៀតណាម​ ដែល​បណ្ដាល​ឲ្យ​ទឹក​ទន្លេ​ស្រែពក ​និង​ទន្លេ​មេគង្គ​ចាប់​ឡើង​បន្តិច​ តែ​ពុំ​ទាន់​មាន​ភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ​។

លោក​ កែវ ​វី​ អ្នក​នាំពាក្យ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​មិន​អាច​សុំ​ការ​បក​ស្រាយ​ជុំវិញ​ចំនួន​ពលរដ្ឋ​រងគ្រោះ​ពី​ជំនន់​ទឹក​ភ្លៀង​នេះ​បាន​ទេ​កាល​ពី​ម្សិលមិញ​។​

លោក ​ម៉ម ​ប៊ុនហេង​ រដ្ឋមន្រ្ដី​ក្រសួង​សុខាភិបាល​ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ​ក្រុម​ការងារ​ក្រសួង​បាន​នាំ​យក​នូវ​សម្ភារ​ បរិក្ខារ​ពេទ្យ​ រួម​ទាំង​មុង​ជ្រលក់​ថ្នាំ​ជិត​ ២ ​ពាន់​មុង​ ទៅ​កាន់​ខេត្ដ​ ព្រះសីហនុ​ និង​ខេត្ដ​រតនគិរី។

លោក​ ប៊ុនហេង ថ្លែង​ថា​៖ «​យើង​ និង​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល​ជំងឺ ​និង​ផ្ដល់​សម្ភារ​ផ្សេងៗ​ដល់​ប្រជា​ពលរដ្ឋ​ ដែល​​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ដ​ទាំង ​២ ដើម្បី​លើក​ទឹក​ចិត្ដ​ដល់​ក្រុម​ការងារ​ និង​ពិនិត្យ​ព្យាបាល​ដល់​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​»៕

អត្ថបទគួរចាប់អារម្មណ៍