បន្ទាយមានជ័យៈ មន្ត្រី​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បុរស​ ៤ ​នាក់​បាន​ស្លាប់​ និង​ ១២ ​នាក់​ទៀត​មាន​អាការ​ឈឺក្បាល វិលមុខ ថប់ដង្ហើម និង​ក្អួតចង្អោរ សង្ស័យ​ករណី​ពុល​ស្រា​។

លោក ឈឿន ក្រៃយ៉ុង នាយក​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​ល្ងាច​ថ្ងៃ​អង្គារ​មាន​ករណី​កម្មករសំណង់​ ១៦ ​នាក់​នៅក្នុង​ស្រុក-ក្រុង​ចំនួន​ ៣ គឺ ស្រុក​ម៉ាឡៃ​, មង្គលបុរី និង​ក្រុង​ប៉ោយប៉ែត​បាន​​នាំគ្នា​ទិញ​ស្រា​ថ្នាំចិនសែ យីហោ «​តាំងកួយ​» មក​ផឹក​។ ក្រោយពី​ផឹកស្រា​នោះ​រួច ពួកគេ​ទាំង​ ១៦ ​នាក់​ក៏​មាន​អាការ​ឈឺក្បាល វិលមុខ ថប់ដង្ហើម និង​ក្អួតចង្អោរ រហូត​ដល់​សន្លប់​បាត់ស្មារតី សង្ស័យ​ជា​ករណី​ «​ពុលស្រា​»​។

លោក​ ក្រៃយ៉ុង បាន​បញ្ជាក់ថា​៖ «​ដោយសារ​អាការ​ពុល​ខ្លាំងពេក​មនុស្ស​ ៤ ​នាក់​ក្នុងចំណោម​ ១៦ ​នាក់​ ដែល​បាន​ទទួលទាន​ស្រា​ថ្នាំ​ចិនសែ​នោះ​បាន​ស្លាប់ និង ១២ ​នាក់​ទៀត​ កំពុង​ស្ថិត​ក្រោម​ការពិនិត្យ​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា-ជប៉ុន​មង្គលបុរី និង​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​»​។

លោក ក្រៃយ៉ុង បាន​ឲ្យ​ដឹង​ទៀត​ថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ករណី​នេះ​រួមមាន​ឈ្មោះ ឃ្លាំង ចិត្រា អាយុ​ ២៨ ​ឆ្នាំ​ មាន​លំនៅ​ភូមិ​ចំណោម​កើត ឃុំ​ចំណោម ស្រុក​មង្គលបុរី​, ម៉ៃ គង់ អាយុ​ ៣៦ ​ឆ្នាំ​ មាន​លំនៅ​ភូមិ​អូរអណ្ដូង​កើត ឃុំ​បន្ទាយនាង ស្រុក​មង្គលបុរី​, នេត្រ ប្រុស អាយុ​ ២២ ​ឆ្នាំ​ មាន​លំនៅ​ភូមិ​ភ្នំរូង ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ និង​ឈ្មោះ ឆន ឈឿន អាយុ​ ៣២ ​ឆ្នាំ មាន​លំនៅ​ភូមិ-ឃុំ​អូរសំព័រ ស្រុក​ម៉ាឡៃ​។

ថ្វីបើ​ជនរងគ្រោះ​ភាគច្រើន​ដែល​ទទួល​បាន​ការជួយ​សង្គ្រោះ​ព្យាបាល​ទាន់​ពេលវេលា ក្រោយពី​ពួកគេ​ផឹកស្រា​បាន​អះអាង​ថា អាការ​ជំងឺ​របស់​ពួកគេ​គឺ​បណ្ដាល​មកពី​ការផឹកស្រា​ថ្នាំចិនសែ​តាំងកួយ​លើស​កម្រិត​បណ្ដាល​ឲ្យ​ពុល​ក៏ដោយ ក៏​ក្រុម​គ្រូពេទ្យ​ជំនាញ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់ថា ករណី​នេះ​បណ្ដាល​មកពី​ស្រា​មាន​ជាតិពុល​នោះដែរ​។

លោក ឡេ ច័ន្ទសង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ ថា ថ្វីបើ​នៅពេល​នេះ​គេ​ដាក់​ការសង្ស័យ​ខ្លាំង​ទៅលើ​ស្រា​ថ្នាំ​ចិនសែ​តាំងកួយ​មាន​​កំហាប់​ជាតិ​អាល់កុល​ខ្ពស់​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ផឹក ប៉ុន្តែ​គេ​មិនអាច​សន្មត​ថា ករណី​ពុល​នេះ​បង្កឡើង​ពី​ «​ស្រា​មាន​ជាតិពុល​» ​នោះ​ទេ​។

លោក ច័ន្ទសង្វាត បាន​ថ្លែងថា​៖ «​តាម​ការរៀបរាប់​របស់​អ្នកជំងឺ អាការៈ​របស់​ពួកគេ​គឺ​បណ្ដាល​មកពី​ការពុល​ចំណីអាហារ​។ ទោះ​ជា​បែបណា ស្រាថ្នាំ​ចិនសែ​តាំងកួយ​ត្រូវ​បាន​គេ​សង្ស័យ​ជា​បុព្វហេតុ​នៃ​ការពុល​អាហារ​នេះ​ខ្លាំងជាងគេ ព្រោះ​អ្នកជំងឺ​ទាំង​ ១៦ ​នាក់​នោះ សុទ្ធតែ​បាន​ទទួលទាន​ស្រា​ថ្នាំចិនសែ​នោះ​»​។

លោក​ ច័ន្ទសង្វាត ថ្លែង​ថា​សំណាក​ស្រា និង​សំណាក​ឈាម​របស់​អ្នកជំងឺ ដែល​បាន​ស្លាប់​ក្នុង​ករណី​នេះ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពិសោធន៍​ផ្នែក​វេជ្ជសាស្ត្រ​របស់​ក្រសួង​សុខាភិបាល​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ពិសោធ ខណៈ​សមត្ថកិច្ច​ចម្រុះ​ខេត្ត​បន្ទាយមានជ័យ​កំពុង​សហការ​គ្នា ចុះ​ស្រាវជ្រាវ និង រឹបអូស​ស្រា​ថ្នាំ​ចិនសែ​យីហោ​ «​តាំង​កួយ​»​នោះ​ពី​លើ​ទីផ្សារ​ទាំងអស់​នៃ​ខេត្ត​នេះ និង ហាមឃាត់​ការចរាចរ​ទិញ​លក់​ និង​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​នូវ​ស្រា​ថ្នាំ​ចិនសែ​គ្រប់​ប្រភេទ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​កាន់តែ​ច្រើន​នៃ​ករណី​ពុល​ស្រា​ថ្នាំ​ចិនសែ​នេះ​ទៅ​ដល់​បណ្ដា​ស្រុក​ និង​ខេត្ត​មួយ​ចំនួន​ទៀត​ក្នុង​ប្រទេស​កម្ពុជា​។

លោក​ថា ស្រាថ្នាំ​ចិនសែ​តាំងកួយ​នោះ​ត្រូវ​បាន​គេ​ច្រក​នៅក្នុង​ដប​ទឹក​សុទ្ធ​ចំណុះ​ ១ ​ភាគ​ ៣ ​នៃ​លីត្រ លក់​តម្លៃ​ ១ ០០០ ​រៀល​ក្នុង​ ១ ​ដប​៕