ព្រះសីហនុ៖ ពលរដ្ឋ​ខ្មែរ​អ៊ិស្លាម​មួយ​គ្រួសារ​មាន​គ្នា ៤ នាក់ នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​បាន​ពុល​ផ្សិត ដែល​ពួក​គេ​បាន​ដក​មក​ពី​ក្នុង​ព្រៃ​ក្បែរ​ចម្ការ​របស់​ពួក​គេ​មក​ធ្វើ​ជា​ម្ហូប​អាហារ។

ប៉ុន្តែ​សំណាង​ល្អ អ្នក​ជិត​ខាង​ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ជួយ​អន្តរាគមន៍​បញ្ជូន​ពួក​គេ​ទៅ​កាន់​មន្ទីរពេទ្យ​បាន​ទាន់​ពេលវេលា។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​នគរបាល​មូលដ្ឋាន​នា​រសៀល​ថ្ងៃទី ២១ ខែ​មេសា​នេះ។

លោក ហ៊ន ហ៊ុយ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំទឹកថ្លា បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ថា អ្នក​ស្រី កូប អៃសះ អាយុ ៦២ ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​ព្រែកទាល់ ព្រម​ទាំង​កូន​ប្រុស​គាត់ ២ នាក់ រួម​មាន​ឈ្មោះ តេះ ហ្សើប៊ឺត អាយុ ២៤ ឆ្នាំ និង តេះ ហាហ្វីស អាយុ ៣២ ឆ្នាំ និង​កូន​ប្រសារ​ស្រី​របស់​គាត់​ម្នាក់​ទៀត​ឈ្មោះ សុះ កើរីយ៉ាស់ អាយុ ១៨ ឆ្នាំ បាន​ពុល​ផ្សិត ក្រោយ​ពី​ពួក​គាត់​បាន​នាំ​គ្នា​បរិភោគ​អាហារ​ពេល​ល្ងាច ជាមួយ​សម្ល​ស្ងោរ​ផ្សិត​ដែល​កូន​ប្រុស​ទាំង ២ របស់​គាត់​បាន​ដក​មក​ពី​ព្រៃ នា​ល្ងាច​ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២១។

លោក​ថ្លែង​ថា៖ «កម្លាំង​សមត្ថកិច្ច​យើង បាន​ចុះ​ជួយ​អន្តរាគមន៍​ដឹក​ជញ្ជូន​ពួក​គាត់​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃនប់​ភ្លាមៗ ក្រោយ​ពី​ទទួល​សេចក្ដី​រាយការណ៍​ពី​ប្រជាការពារ​ភូមិ កាល​ពី​យប់​ថ្ងៃ​កើត​ហេតុ អំពី​ស្ថានភាព​នៃ​អាការៈ​ពុល​អាហារ​របស់​ពួក​គាត់។ នៅ​ពេល​នេះ ពួក​គាត់​មាន​អាការៈ​ធូរ​ស្រាល​ឡើង​វិញ​ហើយ លើកលែង​តែ​អ្នកស្រី កូប អៃសះ ដែល​មាន​វ័យ​ចំណាស់ និង​មាន​សុខភាព​ខ្សោយ​ប៉ុណ្ណោះ ដែល​ក្រុម​គ្រូពេទ្យ​តម្រូវ​ឲ្យ​នៅ​សម្រាក​ព្យាបាល​មួយ​ថ្ងៃ​ទៀត»។

លោក តេះ ហាហ្វីស ដែល​ជា​កូនច្បង​នៃ​គ្រួសាររ​ងគ្រោះ និង​ដែល​បាន​ធូរស្រាល​ក្រោយ​ពី​ទទួល​បាន​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា នៅ​ល្ងាច​ថ្ងៃទី ២០ ខែ​សីហា គាត់​និង​ប្អូន​ប្រុស​របស់​គាត់​ឈ្មោះ តេះ ហ្សើប៊ឺត បាន​នាំ​គ្នា​កាប់​អុស ហើយ​ក៏​ប្រទះ​ឃើញ​ផ្សិត​ទាំង​នោះ​ដុះ​នៅ​តាម​ដង​ព្រៃ​ជាប់​ចម្ការ​របស់​គាត់ ក៏​បាន​នាំ​គ្នា​ដក ដោយ​គិត​ថា ផ្សិត​ទាំង​នោះ​ជា​ផ្សិត​កញ្ជូ។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ និង​ប្អូន​របស់​ខ្ញុំ​បាន​ដក​ផ្សិត​នោះ​បាន​ជិត ២ គីឡូក្រាម ហើយ​ប្រពន្ធ​ខ្ញុំ​ក៏​បាន​ស្ងោរ​វា​ធ្វើ​ម្ហូប សម្រាប់​អាហារ​ពេល​ល្ងាច​នោះ។ ប្រមាណ​ជា ២ ម៉ោង​ក្រោយ​មក ពួក​យើង​ទាំង​បួន​នាក់ ក៏​មាន​សភាព​ចុក​ពោះ ឈឺ​ក្បាល រាក និង​ក្អួត​ចង្អោរ ហើយ​ម្ដាយ​ខ្ញុំ​ក៏​បាន​សន្លប់»។

លោក ហាហ្វីស បាន​បន្ថែម​ថា នៅ​ពេល​នោះ គាត់​ក៏​បាន​ស្រែក​ហៅ​អ្នក​ជិត​ខាង​ឲ្យ​ជួយ ហើយ​អ្នក​ជិត​ខាង​បាន​ទូរស័ព្ទ​ទាក់ទង​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ជួយ​អន្តរាគមន៍​ដឹក​ពួក​គាត់​ទៅ​កាន់​មន្ទីរពេទ្យ​បាន​ទាន់​ពេលវេលា។ នៅ​ពេល​នេះ ម្ដាយ​របស់​គាត់​ក៏​បាន​ដឹង​ខ្លួន​ឡើង​វិញ​ដែរ។

លោក​បាន​ថ្លែង​ថា៖ «បើ​គ្មាន​ការ​ជួយ​អន្តរាគមន៍​ពី​អ្នក​ជិត​ខាង និង​អាជ្ញាធរ​មូលដ្ឋាន​ទាន់​ពេល​ទេ​នោះ គ្រួសារ​យើង​ខ្ញុំ​ទាំង ៤ នាក់ ម៉ែ និង​កូន​នឹង​ត្រូវ​ស្លាប់​ទាំង​អស់»៕