
សមត្ថកិច្ចធ្វើការហាមឃាត់រថយន្តសង្គ្រោះបន្ទាន់នៅព្រំប្រទល់ខេត្តស្ទឹងត្រែង ករណីល្មើសបម្រាមគោចរ។ រូបថត មន្ទីរព័ត៌មានខេត្តរតនគិរី
ស្ទឹងត្រែង៖ កងកម្លាំងរាជអាវុធហត្ថខេត្តរតនគិរីបានឃាត់ខ្លួនមនុស្ស ៤ នាក់ នៅព្រំប្រទល់ខេត្តស្ទឹងត្រែងនៅយប់ថ្ងៃទី ១៧ ខែមេសា ពាក់ព័ន្ធករណីល្មើសបម្រាមគោចរឆ្លងខេត្តពីភ្នំពេញទៅរតនគិរីដោយប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់។ នេះបើយោងតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី។
លោកថ្លែងថា អ្នកទាំង ៤ នាក់ ត្រូវបានយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កត្រពាំងក្រហម ស្រុកកូនមុំ ហើយសំណាករបស់ពួកគេត្រូវបានបញ្ជូនទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
លោក អ៊ុង រតនា បានឲ្យដឹងថា មនុស្សទាំង ៤ នាក់នោះ មាន ២ នាក់ ជាបុគ្គលិកកម្មករនៅមន្ទីរពេទ្យព្រះកុសមៈ និង ២ នាក់ទៀត ជាអ្នកជំងឺដែលមានរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។ មូលហេតុដែលពួកគេចាកចេញពីមន្ទីរពេទ្យអាចបណ្តាលមកពីមានការព្រួយបារម្ភ បន្ទាប់ពីមានការផ្ទុះករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងមន្ទីរពេទ្យព្រះកុសមៈ។
លោកថ្លែងថា៖ «អ្នកដែលបំពានបម្រាមគោចរហ្នឹង គឺត្រូវតែមានទោស ប៉ុន្តែបើសិនជាពួកគាត់មានលិខិតស្នាមត្រឹមត្រូវអាហ្នឹងអត់អីទេ ប៉ុន្តែគាត់ខ្វះលក្ខណៈបច្ចេកទេសមានន័យថា អត់មានលិខិតបញ្ជូន និងលិខិតបេសកកម្ម អីចឹងសមត្ថកិច្ចត្រូវតែឃាត់ខ្លួនយកទៅធ្វើចត្តាឡីស័ក ហើយបន្តនីតិវិធីពេលក្រោយទៀត»។
លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរីបានឲ្យដឹងថា មនុស្សទាំង ៤ នាក់នោះ ត្រូវបានឃាត់ខ្លួននៅចំណុចស្ពានស្រែពក ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង ពេលកំពុងជិះរថយន្តសាមុយពាក់ស្លាកលេខភ្នំពេញ 2BF-2271 នៅពីវេលាម៉ោង ២៣ និង ៣០ នាទីយប់ថ្ងៃទី ១៧ ខែមេសា។
លោកបន្តថា មនុស្សទាំង ៤ នាក់នោះ ទី១-ឈ្មោះ បៀន ពក ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅភូមិជាចជួរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ជាអ្នកបើកបរ។
ទី២-ឈ្មោះ ញ៉ឹប គត់ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅ ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាព្រូឡាន។ អ្នកទាំង ២ ជាកម្មករពេទ្យតែមិនមែនជាបុគ្គលិករដ្ឋនៅក្នុងមន្ទីរពេទ្យព្រះកុសមៈនោះឡើយ។
ទី៣-ឈ្មោះ ឃាង ចន្នី ភេទស្រី អាយុ ៦១ ឆ្នាំ ជនជាតិខ្មែរ និងទី៤-ឈ្មោះ ប៊ុត ប៊ុនរក្សា ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ។ អ្នកទាំង ២ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
លោកថ្លែងថា៖ «ពេលនេះអ្នកទាំង ៤ ត្រូវបានកងរាជអាវុធហត្ថស្រុកកូនមុំ ឃាត់ខ្លួនយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កត្រពាំងក្រហមស្រុកកូនមុំ»។
លោក កុល ផាន់ណា បានចេញសេចក្តីជូនព័ត៌មានកាលពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២១ ដោយបញ្ជាក់ថា រថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រសួងអនុញ្ញាតអោយដឹកជញ្ជូនតែអ្នកជំងឺ និងអ្នករបួសទៅកាន់មន្ទីរពេទ្យ ឬឯកជន ឬវត្ថុសំណាកសម្រាប់យកមកវិភាគនៅតាមមន្ទីរពិសោធន៍របស់ក្រសួងសុខាភិបាលប៉ុណ្ណោះ។ មិនអនុញ្ញាតឲ្យរថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជន ដឹកជញ្ជូនប្រជាជនដែលជាអ្នកដំណើរជាដាច់ខាត បើពុំនោះ ក្រសួងនឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់៕