
សមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរយកមកអប់រំ និងដោះលែង បន្ទាប់ពីដឹកកូនគ្រែងឈាមខុសច្បាប់។ រូបថត មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់
ព្រះសីហនុ៖ សមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួនមេឈ្មួញ ដែលនៅពីក្រោយខ្នងការដឹកជញ្ជូនកូនគ្រែងឈាមខុសច្បាប់ បន្ទាប់ពីបានឃាត់រថយន្ត ២ គ្រឿង និងមនុស្ស ៤ នាក់ នៅចំណុចភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីម្សិលមិញ។
លោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលទទួលបន្ទុកក្តាប់រួម នៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២១ បានឱ្យដឹងថា ក្រោយពីការឃាត់ខ្លួនមនុស្សទាំង ៤ នាក់ ត្រូវបានកម្លាំងជំនាញរដ្ឋបាលជលផលនាំទៅធ្វើកិច្ចសន្យា និងដោះលែងទៅវិញ ចំណែករថយន្ត ២ គ្រឿង រក្សាទុកនៅអាវុធហត្ថស្រុកព្រៃនប់។
លោកថ្លែងថា៖ «ពួកគាត់មិនមែនជាម្ចាស់ ចំណែករថយន្តយើងឃាត់ទុកនៅបញ្ជាការដ្ឋានអាវុធហត្ថស្រុកព្រៃនប់ ដោយសារវាជាមធ្យោបាយមួយដឹកបទល្មើស រីឯម្ចាស់បទល្មើសនេះ យើងកំពុងស្រាវជ្រាវរក តែនៅមិនទាន់មានតម្រុយនៅឡើយ»។
លោក ឯម ភា ថ្លែងថា មនុស្សដែលសមត្ថកិច្ចឃាត់ខ្លួនទាំង ៤ នាក់នោះ មាន ២ នាក់ជាតៃកុងឡានស៊ីឈ្នួលគេដឹកជញ្ជូន និង ២ នាក់ទៀត គឺជាអ្នកដំណើរ។ ចំណែក កូនគ្រែងឈាមទាំងអស់មានជិត ៥ តោន ត្រូវបានកម្លាំងជំនាញដកហូតយកទៅលែងចូលតំបន់សហគមន៍ព្រៃនប់ទី២ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វិញអស់ហើយ។
របាយការណ៍របស់លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានឲ្យដឹងថា រថយន្តទាំង ២ គ្រឿង មានរថយន្តម៉ាកសាំងយ៉ុង ពណ៌ស និងពណ៌ខៀវ៕