The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មនុស្ស ​៤ នាក់ ​ត្រូវ​បាន​ឃាត់ និង​ឃុំ​ខ្លួន ពាក់ព័ន្ធ​ការ​កាប់​ទន្ទ្រាន​ព្រៃ​នៅ​កំពង់ធំ និង​កោះកុង

មនុស្ស ​៤ នាក់ ​ត្រូវ​បាន​ឃាត់ និង​ឃុំ​ខ្លួន ពាក់ព័ន្ធ​ការ​កាប់​ទន្ទ្រាន​ព្រៃ​នៅ​កំពង់ធំ និង​កោះកុង

Content image - Phnom Penh Post
ពលរដ្ឋ ដែលរងការចោទប្រកាន់ទន្ទ្រានព្រៃឈើ។ រូបថត FN

មនុស្ស ​៤ នាក់ ​ត្រូវ​បាន​ឃាត់ និង​ឃុំ​ខ្លួន ពាក់ព័ន្ធ​ការ​កាប់​ទន្ទ្រាន​ព្រៃ​នៅ​កំពង់ធំ និង​កោះកុង

កំពង់ធំ​/​កោះកុង:​ មនុស្ស ​៤ នាក់ ត្រូវ​បាន​ឃាត់ ​និង​ឃុំ​ខ្លួន ​ពាក់ព័ន្ធ​ការ​កាប់​ទន្ទ្រាន​ព្រៃ​ក្នុង​ដែន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​មក​កាន់​កាប់​ដោយ​ខុស​ច្បាប់ ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​តំបន់​ដោយ​ឡែក​ពី​​គ្នា​នៅ​​ក្នុង​ខេត្ត​កោះកុង​ និង​ខេត្ត​កំពង់ធំ​កាល​ពី​សប្ដាហ៍​មុន។

លោក​ សេង ​ប៊ុណ្ណា ​អនុប្រធាន ​និង​ជា​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ធំ​បាន​ចេញ​​ដីកា​កាល​ពី​ថ្ងៃទី ​៩ ​សីហា​ ​ប៉ុន្តែ​​ភ្នំពេញ​ប៉ុស្ដិ៍ ​ទើប​ទទួល​បាន​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​ សាល​ដីកា​បាន​បញ្ជា​ឲ្យ​ភ្នាក់ងារ​សមត្ថកិច្ច​នៃ​កម្លាំង​សាធារណៈ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ទាំង​ ៣ នាក់​ ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ធំ​បណ្ដោះអាសន្ន​ ដោយ​អនុវត្ត​​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់។​ ជន​សង្ស័យ​ទាំង ​៣ នាក់ ​មាន​មេភូមិ​ម្នាក់ ​និង​បក្ខពួក​ ២ នាក់​ទៀត​ ត្រូវ​បាន​​ចោទ​ប្រកាន់ ​កាប់​គាស់​រុករាន​ ឆ្ការ​ដុត​ ឈូស​ឆាយ​ដី​ព្រៃ​ ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ ​ស្ថិត​នៅ​ភូមិ​តាឡែក​ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក។

យោង​តាម​ដីកា​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា ​ជន​ត្រូវ​ចោទ​ទាំង ​៣ នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី ៧ ​ខែ ​សីហា​ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​ កាប់​គាស់ ​រុករាន​ ឆ្ការ​ដុត​ និង​ឈូស​ឆាយ​ដី​ព្រៃ​ ដើម្បី​ធ្វើ​ជា​កម្មសិទិ្ធ ​ប្រព្រឹត្ត​នៅ​ក្នុង​ដែន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ជាំ​ម្រេច​ ស្ថិត​នៅ​ភូមិ​តាឡែក ​ឃុំ​សាលា​វិស័យ ​ស្រុក​ប្រាសាទ​បល្ល័ង្ក ​ខេត្ត​កំពង់ធំ​ ក្នុង​ចន្លោះ​ឆ្នាំ​​ ​២០១៦​ និង​ ​២០១៩ ​តាម​មាត្រា ​៦២​ ​នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​ ២០១៨​។​​

ជន​ត្រូវ​ចោទ​ទាំង ​៣ នាក់​នោះ ​រួមមាន​ឈ្មោះ​ទី១​-​សោម​ ច័ន្ទកុម្ភៈ ​អាយុ ​៤២ ​ឆ្នាំ ​ជា​ប្រធាន​សហគមន៍​ការពារ​ធម្មជាតិ​ជាំ​ម្រេច ទី២​-​ឈ្មោះ ​ហេង​ សារឿន​ ហៅ ​ម៉ៅ ​អាយុ ​៦៧ ​ឆ្នាំ ​ជា​ប្រធាន​ភូមិ​តាឡែក​ និង​ទី៣-​ឈ្មោះ ​សិត​ ហាន​ អាយុ ​៣៣ ​ឆ្នាំ ​ជា​បក្ខពួក​ ដោយ​ពួក​គេ​ទាំង ​៣ នាក់​ រស់នៅ​ភូមិ​តាឡែក​ ឃុំ​សាលា​វិស័យ ​ស្រុក​ប្រាសាទ​បល្ល័ង្ក ​ខេត្ត​កំពង់ធំ​។​

លោក​ តុប ​កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ​ បាន​ថ្លែង​ថា​ ក្នុង​នាម​ពួក​គាត់​ជា​អ្នក​គ្រប់គ្រង​ដី​សហគមន៍​ជាំ​ម្រេច​ទាំង​មូល ​ប៉ុន្ដែ​ពួក​គាត់​មិន​បាន​ជួយ​ការពារ​ បែរ​ជា​បាន​ឃុបឃិត​គ្នា​យក​ដី​សហគមន៍​ទៅ​លក់​ឲ្យ​ពលរដ្ឋ​ដទៃ​ដែល​មក​ពី​ខេត្ត​ផ្សេងៗ​។​ លើស​ពី​នេះ​ ពួក​គាត់​បាន​លាក់បាំង​ព័ត៌មាន​ពលរដ្ឋ​សហគមន៍​ ដោយ​មិន​ឲ្យ​មាន​ការ​តវ៉ា​អ្វី​ឡើយ​។​

លោក​បន្ត​ថា​ ប្រជាពល​រដ្ឋ​ចំនួន​ ១៨០ ​នាក់​ តំណាង​រាប់​រយ​គ្រួសារ ​ដែល​ជា​សមាជិក​សហគមន៍​បាន​សម្រេច​ចិត្ត​ប្តឹង​ជន​ត្រូវ​ចោទ​ទាំង ​៣ នោះ ព្រម​ទាំង​មាន​ជន​ខិលខូច​មួយ​ចំនួន​ទៀត​ បាន​ឃុបឃិត​គ្នា ​បើក​ដៃ​ឲ្យ​ប្រជាពលរដ្ឋ​ផ្សេង​ចូល​កាប់​រាន​ឈូសឆាយ​ដី​ក្នុង​ដែន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ជាំ​ម្រេច​ប្រមាណ​ជិត ​៣០ ​ហិកតា ដោយ​ពួក​គាត់​ទាំង ​៣ នាក់​ បាន​ចេញ​លិខិត​ទិញ​-​លក់ ​ដោយ​ខ្លួន​ឯង​ផ្ទាល់​។​

លោក​ កក្កដា ​ថ្លែង​ថា​៖ ​«​យើង​ជា​អ្នក​ដឹកនាំ​គួរ​នាំ​គ្នា​ផ្សព្វផ្សាយ​ពង្រឹង​សហគមន៍​ ប៉ុន្ដែ​បែរ​ជា​ឃុបឃិត​គ្នា​លក់​ដី​សហគមន៍​ទៅ​វិញ។​ អ៊ីចឹង​ខ្ញុំ ​មាន​តែ​ប្រើ​ផ្លូវ​ច្បាប់​អនុវត្ត​លើ​ពួក​គាត់​ហើយ​ ព្រោះ​បើ​នាំ​គ្នា​លក់​អនាធិបតេយ្យ​បែប​នេះ ​អ៊ីចឹង​ក្មេងៗ​ជំនាន់​ក្រោយ​មាន​ដី​ឯណា​រស់នៅ ​អ៊ីចឹង​ត្រូវ​តែ​អនុវត្ត​ និង​គោរព​ច្បាប់​ទាំង​អស់​គ្នា​»​។​

ករណី​ស្រដៀង​គ្នា​នេះ ​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​ បាន​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​កម្លាំង​អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​នៅ​ថ្ងៃទី ​១១​ ​ខែ ​សីហា ​ឆ្នាំ ​២០១៩ ​នេះ ចាប់​ខ្លួន​បុរស​ម្នាក់ ​ក្រោយ​ធ្វើ​សកម្មភាព​កាប់​គាស់ ​រុករាន​ដី​ព្រៃ ​ឆ្ការ​ ដុត​ និង​ឈូសឆាយ​ដី​ព្រៃ​ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ស្ថិត​នៅ​ភូមិ​តាធង ឃុំ​ដងពែង ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​។​

លោក​ ម៉ន​ ផល្លា​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​ កាល​ពី​ម្សិលមិញ​ មិន​ទាន់​អាច​ទាក់ទង​​បាន​ទេ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​ ចុះ​ថ្ងៃទី ​១១ ​សីហា​នេះ​ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​កាល​ពី​​ម្សិលមិញ​បង្ហាញ​ថា​ ប្រពន្ធ​ជន​សង្ស័យ​ឈ្មោះ ​ខន​ ផុន​ ស្នើសុំ​​កាត់​ឆ្វៀល​ផ្ទៃដី​ ចំនួន ​១០ ​ហិកតា ​ក្នុង​នោះ​ដី ៤ ​ហិកតា ជន​សង្ស័យ​បាន​អាស្រ័យ​ផល​ និង​ធ្វើ​លំនៅឋាន​រស់នៅ​ដោយ​គ្មាន​ការ​ហាមឃាត់​ពី​អាជ្ញាធរ​ និង​ពី​មន្ត្រី​បរិស្ថាន​ទេ​ ប៉ុន្តែ​ដី ​៦ ហិកតា​ទៀត ​ជា​ដី​អភិរក្ស​ដែល​មន្ត្រី​បរិស្ថាន ​និង​កម្លាំង​អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ​តែងតែ​ធ្វើ​ការ​ណែនាំ ​និង​ហាមឃាត់​​ជន​សង្ស័យ​កុំ​ឲ្យ​កាប់​ទន្ទ្រាន​ តែ​ជន​សង្ស័យ​នៅ​តែ​ព្យាយាម​លួច​កាប់​ទន្ទ្រាន​ដី​អភិរក្ស​នោះ​ដដែល​ទើប​ធ្វើ​ឲ្យ​មាន​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​តែ​ម្តង​។​

មន្ទីរ​បរិស្ថាន​បាន​បញ្ជាក់​ថា​ ករណី​ដែល​បង្ក​ឡើង​ដោយ​ជន​សង្ស័យ​ខាង​លើ​នេះ​ ផ្ទុយ​ពី​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ មាត្រា ​៦២​ ចំណុច ​១​ ​កាប់​គាស់ ​រុករាន​ដី​ព្រៃ ​ឆ្ការ​ ដុត​ និង​ឈូស​ឆាយ​ដី​ព្រៃ​ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ ដែល​តម្រូវ​ឲ្យ​មន្ទីរ​បរិស្ថាន​ រៀបចំ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ ដើម្បី​បន្ត​នីតិវិធី​។​

លោក​ ស៊ឹង​ សែនករុណា ​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​(ADHOC)​ បាន​ថ្លែង​ថា ​​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​ជន​គ្មាន​ឥទ្ធិពល​ ឬ​គ្មាន​អំណាច​នេះ ​គឺ​ជា​ផ្នែក​តូច​មួយ​នៃ​សកម្មភាព​រំលោភ​យក​ដី​ព្រៃ ឬ​ដី​ពលរដ្ឋ​សហគមន៍​។ ប៉ុន្តែ​កន្លង​មក​ បុគ្គល​មាន​ឥទ្ធិពល​មួយ​ចំនួន​ មិន​ត្រូវ​បាន​ដាក់​ទោសទណ្ឌ​អ្វី​ទេ ​ក្រោយ​ពី​ពួក​គេ​បាន​រំលោភ​យក​ដី​របស់​ពលរដ្ឋ និង​ដី​ព្រៃ​ដែន​អភិរក្ស​ ដោយ​គ្រាន់​តែ​រឹបអូស​ដី​ទាំង​នោះ​ទុក​ជា​​សម្បត្តិ​រដ្ឋ​វិញ​ប៉ុណ្ណោះ។

លោក ថ្លែង​ថា៖ «​ចំណាត់​ការ​អនុវត្ត​ច្បាប់​ ត្រូវ​តែ​ធ្វើ​ដូច​គ្នា​ទាំង​អ្នក​មាន​ និង​អ្នក​ក្រ ​ព្រោះ​កន្លង​មក ​យើង​មិន​សូវ​បាន​ឃើញ​ គេ​ចាប់​ឧកញ៉ា ​រំលោភ​ដីធ្លី​ដាក់​គុក​​ប៉ុន្មាន​ទេ ​បើ​អ្នក​ក្រក្រី ​គឺ​យើង​ឃើញ​មាន​ច្រើន​ដែរ​»​៕

អត្ថបទគួរចាប់អារម្មណ៍