The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មនុស្ស​ ៤ ​នាក់ ​ត្រូវបាន​​ចាប់ខ្លួន​ជាមួយ​គ្រឿងញៀន​ និង​សារធាតុ​ញៀន​ជិត​ ១០០ ​គីឡូ

មនុស្ស​ ៤ ​នាក់ ​ត្រូវបាន​​ចាប់ខ្លួន​ជាមួយ​គ្រឿងញៀន​ និង​សារធាតុ​ញៀន​ជិត​ ១០០ ​គីឡូ

Content image - Phnom Penh Post
សមត្ថកិច្ច ពិនិត្យមើល​គ្រឿងញៀន​នៅឯ​ទីកន្លែង​បង្ក្រាប​កាលពី​ថ្ងៃ​ម្សិលមិញ​។ រូបថត FN

មនុស្ស​ ៤ ​នាក់ ​ត្រូវបាន​​ចាប់ខ្លួន​ជាមួយ​គ្រឿងញៀន​ និង​សារធាតុ​ញៀន​ជិត​ ១០០ ​គីឡូ

ភ្នំពេញៈ កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រួមសហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន រាជធានី-ភ្នំពេញ កាលពី​យប់​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បង្ក្រាប​ចាប់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស-ស្រី​ចំនួន ៤ នាក់​ និង​រឹបអូស​គ្រឿងញៀន និង​សារធាតុគីមី​ផ្សំ​សម្រាប់​ផលិត​គ្រឿងញៀន​ជិត​ ១០០ ​គីឡូក្រាម រួមទាំង​ម៉ាស៊ីន​ផលិត​កែច្នៃ​គ្រឿងញៀន​មួយចំនួន​។

លោក ឡឹក វណ្ណៈ ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​ទីតាំង​ ២ ​ផ្សេងគ្នា​ក្នុង​នោះ​ទីតាំង​ទី​ ១ ​ស្ថិត​នៅក្នុង​សង្កាត់​បឹងកេងកង​ទី​២ ខណ្ឌ​បឹងកេងកង និង​ទី​តាំងទី​ ២ ​ស្ថិត​ក្នុង​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។

លោក​បញ្ជាក់ថា​៖ «​ប្រតិបត្តិការ​របស់​យើង​បាន​ចាប់ផ្ដើម​តាំងពី​យប់​ថ្ងៃ​អង្គារ​ដោយ​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម ៤ ​នាក់ និង​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន​សរុប​ ៣២ ​គីឡូក្រាម​សារធាតុ​គីមី​ផ្សំ​ពាក់កណ្ដាល​សម្រេច​ចំនួន​ ៥៤ ​គីឡូក្រាម​ម៉ាស៊ីន​សម្ងួត​ ១ ​គ្រឿង ម៉ាស៊ីន​ផលិត​កែច្នៃ​ជា​ថ្នាំ​គ្រាប់​ ១ ​គ្រឿង​»​។

បើតាម​លោក វណ្ណៈ បុរស-ស្ត្រី ជនជាតិ​វៀតណាម​ដែល​រួមមាន​ឈ្មោះ ទួន អាញ់ អាយុ​ ២៤ ​ឆ្នាំ, ហ័ង វៀត អាយុ​ ២២ ​ឆ្នាំ, ធី ងុក អាយុ​ ២១ ​ឆ្នាំ និង​ឈ្មោះ ធី ងីន អាយុ​ ៣០ ​ឆ្នាំ​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​អង្គារ​នៅ​ចំណុច​ផ្ទះជួល​មួយ​កន្លែង​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​ ១១៣ ក្នុង​សង្កាត់​បឹងកេងកង​ ២ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ​។ នៅក្នុង​ប្រតិបត្តិការ​នា​យប់នោះ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន​ចំនួន ១០ ​កញ្ចប់​ធំ​មាន​ទម្ងន់​ ១០ ​គីឡូក្រាម និង ស្លាក​លេខ​ម៉ូតូ​ចំនួន​ ៣ ​បន្ទះ​។

លោក​បន្តថា ​នៅ​ព្រឹក​ថ្ងៃ​ពុធ បន្ទាប់ពី​ទទួល​បាន​ចម្លើយ​សារភាព​មួយ​ចំនួន​ពី​ក្រុម​ជនសង្ស័យ កម្លាំង​នគរបាល​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ច្បារអំពៅ និង​មាន​កិច្ច​សម្របសម្រួល​នីតិវីធី​ផ្លូវច្បាប់​ពី​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បន្ត​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ទីតាំង​ផលិត និង​កែច្នៃ​គ្រឿងញៀន​មួយកន្លែង​ទៀត​ស្ថិត​នៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ ភ្នំពេញ​។

ក្នុង​ប្រតិបត្តិការ​នេះ​ក្រុមមន្ត្រី​ជំនាញ​បាន​រឹបអូស​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន​ចំនួន​ ២២ ​គីឡូក្រាម​ សារធាតុ​ផ្សំ​ពាក់កណ្ដាល​សម្រេច​ ៥៤ ​គីឡូក្រាម ​រួមទាំង​សារធាតុ​ផ្សំ និង​ម៉ាស៊ីន​ផលិត​កែច្នៃ​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។

លោក​បញ្ជាក់ទៀត​ថា​៖ «​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​បញ្ជូន​ទៅ​ឃុំខ្លួន និង​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការ​នគរបាលជាតិ ដើម្បី​សាកសួរ​ចម្លើយ​បន្ថែម និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​ចំណាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​»​។

លោក អ៊ិន សុង អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ថ្លែង​ថា​ជនសង្ស័យ​ទាំង​ ៤ ​នាក់​ ពុំមាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​សំណុំរឿង​គ្រឿងញៀន ១០០ ​គីឡូក្រាម ដែល​សមត្ថកិច្ច​ចាប់បាន​នៅក្នុង​ខេត្តកំពង់ធំ​នោះទេ ប៉ុន្តែ​នេះ​គឺជា​ក្រុម​បណ្ដាញ​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ទៅកាន់​ប្រទេស​វៀតណាម​។

លោក​បន្តថា​៖ «​មុនពេល​បង្ក្រាប​ចាប់​ក្រុម​នេះ​បាន ក្រុម​ភ្នាក់ងារ​របស់​យើង បាន​តាមដាន​សកម្មភាព​របស់​ពួកគេ​ជាច្រើន​ខែ​មកហើយ​។ ពួកគេ​ជា​ក្រុម​បណ្ដាញ​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ទៅកាន់​ប្រទេស​វៀតណាម​»​។

បើតាម​លោក​ សុង មេក្លោង​របស់​ក្រុម​នេះ​ឈ្មោះ វ៉ូ ង៉ុកទូ (Vo Ngoc Tu) ជា​ជនជាតិ​វៀតណាម​ដែល​បច្ចុប្បន្នកំពុង​គេចខ្លួន​ពី​ការ​តាម​ចាប់​របស់​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការ​នគរបាលជាតិ ដើម្បី​នាំយក​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​។

លោក​ថា ក្រោយពី​បង្ក្រាប​ចាប់​ជនសង្ស័យ​ជនជាតិ​វៀតណាម​ទាំង​ ៤ ​នាក់​នោះ សមត្ថកិច្ច​បានសម្រេច​បិទទ្វារ​ទីតាំង​ទាំង​ ២ ​កន្លែង​នោះ​ជា​បណ្ដោះអាសន្ន ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ជន​ពាក់ព័ន្ធ​ផ្សេងទៀត​៕

អត្ថបទគួរចាប់អារម្មណ៍