
មនុស្ស ៤ នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី បន្ទាប់ពីមន្ត្រីកងរាជអាវុធហត្ថឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ GRK
មណ្ឌលគិរីៈ មនុស្ស ៤ នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរីពីម្សិលមិញ បន្ទាប់ពីមន្ត្រីកងរាជអាវុធហត្ថឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសព្រៃឈើកាលពីថ្ងៃ ៦ មករា នៅឃុំស្រែក្ទម្ព ក្នុងស្រុកកែវសីមាជាមួយនឹងវត្ថុតាងរថយន្ត ១ គ្រឿង ម៉ាស៊ីនត្រង់សឺន័រ ២ គ្រឿង និងម៉ាស៊ីនត្រើយឈើ ១ គ្រឿង ។
លោក អ៊ុំ សុវណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបានថ្លែងពីម្សិលមិញថា ក្រុមជនសង្ស័យកំពុងត្រូវបានបន្តសួរនាំនៅរដ្ឋបាលព្រៃឈើខេត្តហើយត្រូវបញ្ជូនទៅសាលាដំបូងខេត្តនៅល្ងាចថ្ងៃពុធ ។
លោកបានបញ្ជាក់ថា៖ «យើងកំពុងធ្វើតាមនីតិវិធី យើងនឹងបញ្ជូនពួកគាត់ទៅតុលាការពេលចប់នីតិវិធីនៅល្ងាចនេះ (ថ្ងៃពុធ)។ យើងទទួលបានករណីនេះបន្ទាប់ពីកងរាជអាវុធហត្ថបានឃាត់ពួកគេពីបទល្មើសព្រៃឈើ» លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃអង្គារថា ការឃាត់ខ្លួននេះធ្វើឡើង ខណៈកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងស្រុកកែវសីមាចំនួន ១០ នាក់ បានចុះបង្ក្រាបនៅថ្ងៃ ៦ មករា ដោយប្រើរថយន្ត ៣ គ្រឿង ។
លោកបានបញ្ជាក់ថា៖ «យើងបានឃាត់ខ្លួនជនសង្ស័យ ៤ នាក់ និងម៉ាស៊ីនត្រង់សឺន័រ ២ គ្រឿង និងម៉ាស៊ីនត្រើយឈើ ១ គ្រឿងពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅក្នុងស្រុកកែវសីមា»។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានបញ្ជាក់ថា ករណីបង្គ្រាបបទល្មើសព្រៃឈើនៅឆ្នាំ ២០១៩ កន្លងទៅទទួលបានលទ្ធផលល្អជាងឆ្នាំ ២០១៨ ដោយសារគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចាប់ខ្លួនមន្ដ្រីមួយចំនួនក្នុងនោះមានកងរាជអាវុធហត្ថ មន្ដ្រីរដ្ឋបាលព្រៃឈើ និងមន្ដ្រីបរិស្ថាន និងឧកញ៉ារួមទាំងបក្ខពួកកាលពីអំឡុងខែកក្កដាឆ្នាំមុន ។
លោកបានបញ្ជាក់ថា៖ «យើងឃើញថាកម្លាំងគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានខិតខំប្រឹងប្រែងធ្វើសកម្មភាពទប់ស្កាត់ជារៀងរាល់ថ្ងៃ និងបង្ក្រាបបទល្មើសព្រៃឈើមានប្រសិទ្ធភាព»។
កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំមុនកម្លាំងគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅខេត្តមណ្ឌលគិរីដោយចាប់ខ្លួនមនុស្ស ៤ នាក់ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុនមេការ ២ នាក់ និងអ្នកបើកបររថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង ៤០ គ្រឿងផងដែរ។
ដោយឡែកកាលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំមុន មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសក៏បានឃាត់ខ្លួនមន្ត្រីមួយចំនួនផងដែរក្នុងនោះរួមមាន លោក ហាន សុខន ប្រធានការិយាល័យ និងជានាយកដែនជម្រកសត្វព្រៃលំផាត់ លោក សារ៉ូ រតនា នាយករងរដ្ឋបាលព្រៃឈើ និងលោក ហុងវណ្ណនេ នាយសង្កាត់រដ្ឋបាលព្រៃឈើក្នុងស្រុកលំផាត់ព្រមទាំងមេបញ្ជាការកងអាវុធហត្ថស្រុកកែវសីមា លោក សាក សារុន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ៕