ភ្នំពេញៈ នគរបាលខណ្ឌឫស្សីកែវបានថ្លែងឲ្យដឹងកាលពីម្សិលមិញថា មានមនុស្ស ៤ នាក់ ត្រូវបាននាំទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យផ្សេងៗពីគ្នា ក្រោយពីពួកគេបានរងរបួសធ្ងន់ និងស្រាលដោយសារករណីផ្ទុះធុងខ្យល់ ដែលពួកគេកំពុងផ្សារដែកនៅសង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ហាក់ ប៊ុនថន នាយប៉ុស្តិ៍នគរបាលសង្កាត់ច្រាំងចំរេះទី ២ បានថ្លែងថា ជនរងគ្រោះទាំង ៤ នាក់ ដែលជាជនជាតិខ្មែរអ៊ិស្លាមមានឈ្មោះ ណុះ សាមីន ភេទប្រុស អាយុ ៥៤ ឆ្នាំ ឈ្មោះ យ៉ើ បារី ភេទប្រុស អាយុ ៣២ ឆ្នាំ និងឈ្មោះ មិន យូរី ភេទប្រុស អាយុ ៣០ ឆ្នាំ និង ឈ្មោះ លី ប្រហីម ភេទប្រុស អាយុ ៣៣ ឆ្នាំបានរងរបួសធ្ងន់ និងរបួសស្រាល។
លោក ប៊ុនថន បានបន្តថាពួកគេទាំង ៤ នាក់ ត្រូវជាសាច់ញាតិគ្នា ត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងកើតហេតុ ដឹកជញ្ជូនភ្លាមៗតាមទូក និងខ្លះទៀតដឹកតាមម៉ូតូ ដើម្បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបន្ទាប់ពួកគេបានរងរបួសធ្ងន់ និងស្រាលពីការផ្ទុះធុងខ្យល់។
លោកបានបញ្ជាក់ដូច្នេះថា ឧបទ្ទវហេតុផ្ទុះធុងខ្យល់លាន់ស្នូរឡើងកក្រើកដូចមីនតោន ខណៈដែលពួកគេ (ជនរងគ្រោះ) កំពុងតែផ្សារសុខៗអាចបណ្ដាលមកពីធុងខ្យល់នៅហាលថ្ងៃអាកាសធាតុក្ដៅខ្លាំង។ ទោះយ៉ាងណាក៏ដោយលោក អ៊ីវ ឈុនផេង អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បញ្ជាក់ថាជនរងគ្រោះទាំង ៤ នាក់ បានរបួសដោយសារតែពួកគេបានយកសម្បកគ្រាប់ដេកាទៅផ្សារធ្វើជាជើងសំណាញ់ដែលបង្កឲ្យមានការផ្ទុះនេះ។ ការផ្ទុះដែលបណ្តាលឲ្យមានមនុស្សមួយចំនួនរបួសស្រាល ហើយការផ្ទុះនេះដោយសារពួកគេយកសម្បកគ្រាប់ដេកាទៅផ្សារ។
លោកបានបញ្ជាក់ថា សម្បកគ្រាប់នោះទម្ងន់ ១៤ គីឡូក្រាម ពុំមានរំសេវនោះទេ។ ខណៈពេលពួកគេកំពុងតែផ្សារវា វាក៏ផ្ទុះឡើងដែលធ្វើឲ្យជាងផ្សាររបួសធ្ងន់ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ហើយ ២ នាក់ផ្សេងដែលកំពុងអង្គុយមើលក៏រងរបួសធ្ងន់ផងដែរ៕