ព្រះសីហនុៈ មនុស្ស​ប្រុស​ និង​ស្រី​ចំនួន​ ៥០ ​នាក់​ក្នុង​ចំណោម​ជាង​ ១០០ ​នាក់ បាន​លួច​រត់​កាលពី​យប់​ថ្ងៃ​សុក្រ សប្ដាហ៍​មុន​ចេញពី​មណ្ឌល​បន្សាប​គ្រឿងញៀន​កែវផុស ស្ថិត​ក្នុង​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។

លោក រស់ កី អធិការ​នគរបាល​ស្រុក​ស្ទឹងហាវ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រោយពី​ទទួល​របាយការណ៍​អំពី​មនុស្ស​រត់ចេញ​ពី​មណ្ឌល​បន្សាប​គ្រឿងញៀន កម្លាំង​ជំនាញ​ចម្រុះ​បានចេញ​អន្តរាគមន៍​ភ្លាមៗ​រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ​បាន​ស្រាវជ្រាវ​នាំខ្លួន​មនុស្ស​ ១៣ ​នាក់ ​ត្រឡប់មក​មណ្ឌល​វិញ​។

លោក កី ថ្លែងថា​៖ «​ចំពោះ​អ្នក​លួច​រត់​ចេញពី​មណ្ឌល​នោះ​មិនមាន​ទោសកំហុស​អី​ទេ ព្រោះ​អ្នក​ទាំងនោះ​ក៏​សុទ្ធតែ​ជា​អ្នករងគ្រោះ​ដោយ​គ្រឿងញៀន​ដែរ​ទេ​»​។

លោក កី អះអាង​ថា មនុស្ស​ដែល​ជាប់​គ្រឿងញៀន​ទាំងអស់​នោះ​ត្រូវបាន​បញ្ជូន​មកពី​មណ្ឌល​បន្សាប​គ្រឿងញៀន​ក្រាំងធ្នង់​នៅ​រាជធានី​ភ្នំពេញ​ ហើយ​មូលហេតុ​ដែល​ពួកគេ​លួច​រត់​ព្រោះ​មិន​ស៊ាំ​ជាមួយ​ការរស់នៅ​ទីតាំង​ថ្មី​។ ពួកគេ​បាន​នាំគ្នា​គាស់​ចម្រឹង​បង្អួច​ ១ ​ផ្ទាំង​នៅក្នុង​មណ្ឌល​ហើយក៏​នាំគ្នា​ប្លោះ​របង​ចេញ​ទៅ​ខាងក្រៅ​។

បើ​តាម​ប្រធាន​មណ្ឌល​បន្សាប​គ្រឿងញៀន​ កែវ ផុស បាន​ឱ្យ​ដឹងថា មណ្ឌល​បន្សាប​គ្រឿងញៀន​នេះ​ជា​ការគ្រប់គ្រង​ដោយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។ សាងសង់​សម្រាប់​ព្យាបាល​ជនរងគ្រោះ​ដោយ​គ្រឿងញៀន​។

មន្ត្រី​ដដែល​នេះ​បាន​ឱ្យ​ដឹងថា​កាលពី​ថ្ងៃទី​ ២០ ​វិច្ឆិកា​ ខាង​មណ្ឌល​បន្សាប​គ្រឿងញៀន​ក្រាំងធ្នង់​បាន​ដឹក​ជនរងគ្រោះ​ដោយសារ​ធាតុ​ញៀន​ប្រុស​ស្រី​ចំនួន​ ១០៣ ​នាក់​ ពី​មណ្ឌល​បន្សាប​គ្រឿងញៀន​ក្រាំងធ្នង់​ដើម្បី​ទៅ​រស់នៅ និង​បន្សាប​សារធាតុញៀន​នៅ​ទីនោះ​។ សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ដែល​កំពុង​គេចខ្លួន​យក​មក​វិញ​តាមរយៈ​អាណាព្យាបាល​៕