
អាជ្ញាធរបញ្ជូនមនុស្ស ៥ នាក់ទៅតុលាការ ករណីឈូសឆាយកាប់រានដីព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមា។ រូបថត សហការី
មណ្ឌលគិរី៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឃាត់ខ្លួនមនុស្ស ៥ នាក់ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងករណីបទល្មើសកាប់គាស់ ដុត ឆ្ការ រុករានទន្ទ្រាន ហ៊ុមព័ទ្ធយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃកែវសីមា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចេញផ្សាយនៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ នេះ ឱ្យដឹងថា មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២៥ ខែមេសា បានចុះល្បាតក្នុងភូមិសាស្ត្រនៅចំណុចក្បែរទឹកខួប ស្ថិតក្នុងភូមិអូររណា ឃុំស្រែខ្ទម ស្រុកកែវសីមា ក្នុងដែនជម្រកសត្វព្រៃកែវសីមា និងជាតំបន់អនុវត្តគម្រោង REED+។
នៅក្នុងការចុះល្បាតនេះ ក្រុមការងារប្រទះឃើញជនសង្ស័យចំនួន ៨ នាក់ កំពុងធ្វើសកម្មភាពដាំដំឡូងលើទីតាំងដីដែលត្រូវបានកាប់គាស់ និងរុករាន ដោយខុសច្បាប់ ហើយក៏ជាទីតាំងដីព្រៃដែលមន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវិធីកន្លងមកដែរ។
បើតាមសេចក្តីប្រកាសព័ត៌មាននេះ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន ៤ នាក់ យកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។
ក្នុងចម្លើយសារភាពរបស់ជនសង្ស័យទាំង ៤ នាក់ បានបញ្ជាក់ថា ពួកគាត់មកស៊ីឈ្នួលដាំដំឡូងលើដីនេះឲ្យឈ្មោះ សយ ស៊ីថា ហៅ ពៅ ភេទប្រុស មានទីលំនៅភូមិអូរណា ឃុំស្រែខ្ទម ស្រុកកែវសីមា។
បន្ទាប់ពីមានការឃាត់ខ្លួននេះ មានម្ចាស់គណនី Facebook ឈ្មោះ ស៊ីថា ដេលី ប្រេកឃីងញ៉ូ បានបង្ហោះសារនៅលើបណ្ដាញសង្គម ដោយបាននិយាយធានាអះអាងថា ដីដែលប្រជាពលរដ្ឋចំនួន ៤ នាក់ បានចូលដាំដំឡូង ហើយត្រូវជំនាញបរិស្ថានបានចាប់ឃាត់នេះជាដីរបស់ខ្លួន។
មន្ត្រីឧទ្យានុរក្សបានបន្តស្រាវជ្រាវករណីនេះ ហើយនៅព្រឹកថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ បានឃាត់ខ្លួនម្ចាស់គណនី Facebook ឈ្មោះ ស៊ីថា ដេលី ប្រេកឃីងញ៉ូ មកសាកសួរនៅមន្ទីរបរិស្ថានខេត្ត។
ផ្អែកតាមចម្លើយសារភាពរបស់ជននេះឆ្លើយថា គណនី Facebook ឈ្មោះ ស៊ីថា ដេលី ប្រេកឃីងញ៉ូ ជាកម្មសិទ្ធិរបស់ខ្លួន ហើយខ្លួនបានបង្ហោះអត្ថបទពាក់ព័ន្ធករណីមន្ត្រីជំនាញបរិស្ថានចាប់ឃាត់មនុស្សចំនួន ០៤ នាក់ ចូលដាំដំឡូងពិតប្រាកដមែន។
អនុលោមតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិមន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បានឃាត់ខ្លួនបុរសម្នាក់នោះ យកមកសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។
ទោះជាយ៉ាងណានៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ មិនបានបញ្ជាក់ពីទំហំដី ដែលត្រូវបានជនល្មើស កាប់រុករានដោយខុសច្បាប់នេះទេ។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងទៅ លោក កែវ សុភ័ក្ត្រ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី សុំធ្វើអត្ថាធិប្បាយបានទេ នៅថ្ងៃទី ២៨ ខែមេសានេះ ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក បានស្វាគមន៍ចំពោះមន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ដលគិរី ដែលមានវិធានការទាន់ពេលវេលាក្នុងការទប់ស្កាត់ការទន្ទ្រានយកដីព្រៃនេះ។ នេះ គឺជាការចាប់ផ្តើមល្អមួយក្នុងការចាត់វិធានការ ទៅលើជនល្មើសដែលបានចូលទៅកាប់ទន្ទ្រានរានយកដីព្រៃនៅក្នុងដែនជម្រកសត្វព្រៃ។
ទោះជាយ៉ាងណា លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់ថា សម្រាប់ទីតាំងផ្សេងទៀត មិនទាន់ឃើញមានការចាត់វិធានការនោះទេ។
លោករំពឹងថា នឹងមានវិធានការដូចករណីនៅមណ្ឌលគិរីនេះ ចំពោះជនល្មើសដែលកាប់រុករានទន្រ្ទានយកដីព្រៃរបស់រដ្ឋ។
លោក ប៉ែន បុណ្ណារ៍ ថ្លែងថា៖ «យើងសង្ឃឹមថា មានរាប់រយករណីទៀត នៅក្នុងដែនជម្រកសត្វព្រៃនៅក្នុងខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តផ្សេងៗទៀត ដែលមានការកាប់ទន្ទ្រានរានយកដីយូរហើយ នឹងមានវិធានការ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយរឹបអូសដីដែលបានទន្រ្ទានយកមកធ្វើជាសម្បត្តិរដ្ឋវិញ និងជនរំលោភបំពានត្រូវបានផ្តន្ទាទោសតាមច្បាប់»៕