ភ្នំពេញៈ តុលាការខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី ១២ ឧសភា​បានសម្រេច​ចេញ​ដីការ​ឃុំខ្លួន​បុរស​ត្រូវ​ចោទ​ជា​ជនជាតិ​ខ្មែរ ២ នាក់ និង​បុរស​ជនជាតិ​វៀតណាម ៣ នាក់​ក្នុង​ពន្ធនាគារ​ខេត្ត បន្ទាប់ពី​ចាប់ខ្លួន​កាលពី​ថ្ងៃទី ៥ និង​ទី ៦ ឧសភា​នៅ​ខេត្តស្វាយរៀង ខេត្តកណ្តាល និង​នៅ​រាជធានី​ភ្នំពេញ។

លោក កែវ សុថា ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ស្វាយរៀង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១២ ឧសភា​ថា តុលាការខេត្ត​ស្វាយរៀង​បានចេញ​ដីការ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ជា​ជនជាតិ​ខ្មែរ និង​ជនជាតិ​វៀតណាម​ទាំង ៥ នាក់​ក្នុង​ពន្ធនាគារ​ហើយ​នៅ​ថ្ងៃទី ១២ ឧសភា។

លោក​ថ្លែងថា៖ «មុខសញ្ញា​ទាំង ៥ នាក់​នេះ​មាន​ទីតាំង​រស់នៅ​ផ្សេងៗ​គ្នា​តែ​ពួកគេ​មាន​គោលដៅ​តែមួយ​គឺ​ដឹកជញ្ជូន​គ្រឿងញៀន»។ លោក​ប្រាប់ថា​ជន​ត្រូវ​ចោទ​ឈ្មោះ ហ៊ួ តឹក អាយុ ៥៩ ឆ្នាំ​ និង​ឈ្មោះ ឡេ យ៉ាំងគួ ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ ឈ្មោះ ង្វៀង ថាន់លីន ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ​ជា​ជនជាតិ​វៀតណាម។ ឈ្មោះ ហេង សុវត្ថា ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ​ និង​ឈ្មោះ នុត ប៊ុនធឿន ភេទ​ប្រុស អាយុ ៥៦ ឆ្នាំ​ជា​ជនជាតិ​ខ្មែរ។ អ្នក​ទាំង ៥ នាក់​ត្រូវ​រង​ការចោទប្រកាន់​នៅ​ក្រោម​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន។

បើតាម​លោក សុថា រំឭក​ឱ្យដឹងថា​ការបង្ក្រាប​ក្រុម​ឧក្រិដ្ឋ​ជននេះ​គឺ ដំបូង​ចាប់​ជនសង្ស័យ ឈ្មោះ ហ៊ួ តឹក នៅ ចំណុច​គោលដៅ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ស្ថិតក្នុង​ភូមិ​ធ្លក ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្ត ស្វាយរៀង។ ពេល​ចាប់​នោះ​មាន​រថយន្ត ១ គ្រឿង ម៉ាក CRV រួម​នឹង​ថ្នាំញៀន ១០ កញ្ចប់​ធំ។ បន្ទាប់មក​ចាប់ បាន​ជន ២ នាក់​ទៀត​នៅ​ស្រុក​កំពង់រោទ៍ ខេត្ត​ស្វាយរៀង។ លោក​ប្រាប់ថា​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​របស់​លោក​បាន​សហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង មាន​ការសម្របសម្រួល​ផ្លូវច្បាប់​ពី​សាលាដំបូង​ខេត្ត​ស្វាយរៀង និង សាលាដំបូង​រាជធានី​ភ្នំពេញ៕