មណ្ឌលគិរី: អាជ្ញាធរខេត្តមណ្ឌលគិរីបានតម្រូវឲ្យជនជាតិវៀតណាមចំនួន ៥ នាក់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពឈូសឆាយដីព្រៃ ដោយឃាត់គ្រឿងចក្រចំនួន ៤ គ្រឿងទុកនៅទីស្នាក់ការគយខេត្តមណ្ឌលគិរី បន្ទាប់ពីពួកគេបម្រុងឈូសឆាយដីព្រៃនៅក្បែរដែនជម្រកសត្វព្រៃណាំលៀស្ថិតក្នុងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ប៉ុន្ដែមិនត្រូវបានបណ្ដេញចេញពីកម្ពុជាទេ។
លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានថ្លែងពីម្សិលមិញថា គ្រឿងចក្រ និងក្រុមជនជាតិវៀតណាមទាំងនោះត្រូវបានក្រុមហ៊ុន មេហ្គាហ្វើស ជួលមកឈូសឆាយដីរបស់ក្រុមហ៊ុនដែលនៅជាប់តំបន់ដែនជម្រកសត្វព្រៃភ្នំណាំលៀដោយពួកគេបានចល័តគ្រឿងចក្រនេះមកពីខេត្តរតនគិរី ប៉ុន្ដែពួកគេមានលិខិតឆ្លងដែនត្រឹមត្រូវ គ្រាន់តែគ្មានបណ្ណការងារពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈប៉ុណ្ណោះ។
លោកបន្តថា អាជ្ញាធរតម្រូវឲ្យពួកគេទាំង ៥ នាក់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពឈូសឆាយបណ្ដោះអាសន្ន ហើយទៅស្នើសុំលិខិតដែលជាបណ្ណការងារក្រសួងសិន ដើម្បីមានសិទ្ធិប្រកបការងារនៅក្នុងប្រទេសកម្ពុជា។ ចំពោះដីដែលពួកគេរៀបចំឈូសឆាយនេះ គឺជាដីរបស់ក្រុមហ៊ុន មេហ្គាហ្វើស ដែលទទួលបានសិទ្ធិវិនិយោគដីកសិកម្ម។
លោកបញ្ជាក់ថា៖ «យើងអត់អាចបង្ហាញអត្តសញ្ញាណគាត់បានទេ ហើយក៏មិនបានបណ្ដេញគាត់ចេញពីកម្ពុជាទេ ព្រោះគាត់មាន Passport ត្រឹមត្រូវ តែគាត់អត់មានបណ្ណការងារអ៊ីចឹងយើងតម្រូវឲ្យគាត់ទៅស្នើសុំបណ្ណការងារពីក្រសួងការងារសិន រីឯគ្រឿងចក្រគាត់ យើងប្រគល់ជូនទៅមន្ត្រីគយរក្សាទុក។ បើតាមភាសាគយគេនិយាយថា គាត់ធ្វើខុសលក្ខន្តិកៈ ព្រោះគាត់ចល័តគ្រឿងចក្រពីខេត្តរតនគិរីដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ»។
លោក គ្រើង តុលា តំណាងសហគមន៍ជនជាតិដើមភាគតិចឃុំដាក់ដាំបានថ្លែងថា នៅថ្ងៃទី ២៥ ខែកុម្ភៈ មានជនជាតិវៀតណាម ១ ក្រុមប្រមាណ ៥ នាក់ ជាមួយនឹងត្រាក់ទ័រ ៤ គ្រឿង និងរថយន្តដឹកដីចំនួន ២ គ្រឿងទៀតបម្រុងមកឈូសឆាយដីព្រៃនៅភូមិពូឡេះ ឃុំដាក់ដាំ ដោយគ្មានច្បាប់ត្រឹមត្រូវ។
លោកបន្តថា ត្រាក់ទ័រទាំង ៤ គ្រឿងនោះមិនទាន់បានឈូសឆាយទេ ដោយកំពុងត្រៀមរៀបចំឈូសឆាយដីព្រៃតំបន់នោះ ប៉ុន្ដែមានប្រជាសហគមន៍ប្រមាណជាង ៣០ នាក់នាំគ្នាទៅតវ៉ា ហើយក៏ផ្អើលដល់សមត្ថកិច្ច។ ភ្លាមៗនោះសមត្ថកិច្ចចម្រុះបានចុះមកអន្តរាគមន៍ ដោយបានធ្វើការសម្របសម្រួលគ្នា។
លោក គ្រើង តុលា បានឲ្យដឹងទៀតថា៖ «នៅពេលដែលមានការសម្របសម្រួល សមត្ថកិច្ចបានយកត្រាក់ទ័រទាំង ៤ គ្រឿងទៅរក្សាទុក តែខ្ញុំអត់ដឹងគេរក្សាទុកនៅកន្លែងណាទេ។ រីឯជនជាតិវៀតណាមទាំងនោះត្រូវសមត្ថកិច្ចដោះលែងវិញ ប៉ុន្ដែខ្ញុំមិនដឹងថា អាជ្ញាធរតម្រូវឲ្យធ្វើកិច្ចសន្យា ឬយ៉ាងណាទេ ហើយឥឡូវនេះអត់មានសកម្មភាពឈូសឆាយទេគឺយើងបានទៅឃាត់ទាន់ពេលវេលា»។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីបានថ្លែងថា លោកបានទទួលព័ត៌មាននេះដែរ ប៉ុន្ដែមិនទាន់ដឹងច្បាស់ពីតំបន់ដីដែលជនជាតិវៀតណាម បម្រុងឈូសឆាយនោះទេ ដោយលោកនឹងចាត់ឲ្យមន្ត្រីជំនាញចុះទៅពិនិត្យ។
លោកបញ្ជាក់ថា៖ «ខ្ញុំនៅមិនទាន់ដឹងច្បាស់ថា ដីតំបន់នោះវាស្ថិតក្រោមការគ្រប់គ្រងខាងមន្ទីរបរិស្ថាន ឬនៅក្រោមការគ្រប់គ្រងខាងមន្ទីរកសិកម្មខេត្តទេ។ អ៊ីចឹងខ្ញុំចង់ឲ្យមន្ត្រីខ្ញុំចុះទៅពិនិត្យដល់ទីតាំងផ្ទាល់តែម្ដង ដើម្បីបានដឹងច្បាស់ពីបញ្ហានេះ»។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីពីម្សិលមិញមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានពីម្សិលមិញបានបដិសេធធ្វើអត្ថាធិប្បាយពីករណីនេះដោយបានបង្វែរសំនួរទៅលោក កែវ សុភគ៌ ឆ្លើយតបវិញ។
លោក សុខ ថេប មេការក្រុមហ៊ុន មេហ្គាហ្វើស ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគលើដីកសិកម្មនៅក្នុងតំបន់នោះបានថ្លែងថា ក្រុមហ៊ុនលោកមិនបានជួលគ្រឿងចក្រជនជាតិវៀតណាមមកឈូសឆាយដីនៅទីតាំងនេះទេ ។
លោកបញ្ជាក់ថា៖ «គឺពួកគាត់ (វៀតណាម) បាននាំគ្នារត់មកចូលដីក្រុមហ៊ុន នៅពេលគាត់ឃើញមានអាជ្ញាធរ និងប្រជាពលរដ្ឋមកហាមឃាត់គាត់ច្រើនពេក។ អ៊ីចឹងគាត់ភ័យពេក ក៏រត់ចូលក្រុមហ៊ុនសិន តែឥឡូវនេះអាជ្ញាធរគេឃាត់គ្រឿងចក្រគាត់ទុកហើយមនុស្សបានដោះលែង និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពគាត់»។
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុកបានថ្លែងថា ក្រសួង ឬស្ថាប័នពាក់ព័ន្ធត្រូវតាមដានឲ្យបានតឹងរ៉ឹងបំផុតចំពោះក្រុមហ៊ុនទាំងឡាយណាដែលបានទទួលដីសម្បទានសេដ្ឋកិច្ចរួចរាល់ ព្រោះកន្លងមកក៏ធ្លាប់មានការរំលោភបំពានដីពលរដ្ឋ ឬដីរដ្ឋដែលនៅជាប់គ្នានោះដែរ។ ចំពោះករណីជនជាតិវៀតណាមឈូសឆាយដីព្រៃនេះ អាជ្ញាធរត្រូវតែចាត់វិធានការតាមច្បាប់ដោយមិនគួរបណ្ដោយឲ្យមានករណីនេះកើតឡើងទេ។
លោកថា៖ «យើងសង្កេតមើលកន្លងមកនេះ ការកើតឡើងនៃទំនាស់ដីធ្លី និងការបាត់បង់ព្រៃឈើភាគច្រើន គឺកើតចេញពីបញ្ហាដីសេដ្ឋកិច្ចសម្បទានហ្នឹង។ ខ្ញុំឧទាហរណ៍ថា រដ្ឋកំណត់ឲ្យដីក្រុមហ៊ុនមួយ ១០០ ហិកតា ប៉ុន្ដែគាត់មិនបានយកត្រឹម ១០០ ហិកតាហ្នឹងទេ គឺគាត់ទៅឈូសឆាយរហូតដល់ ១៥០ ហិកតាឯណោះ។ អ៊ីចឹងវាធ្វើឲ្យប៉ះពាល់ដីពលរដ្ឋ ឬដីរដ្ឋ»៕