បន្ទាយមានជ័យៈ ​យ៉ាងហោច​ណាស់ មាន​មនុស្ស​ ៥ ​នាក់​រងរបួសស្រាល និង​តូប​លក់ដូរ​ប្រមាណ​ ២០០​ តូប​ក្នុង​ផ្សារ​ចំនួន​ ២ ​នៅ​ក្រុង​ប៉ោយប៉ែត​បាន​រង​ការខូចខាត ខណៈ​ផ្ទះ​ចំនួន​ ១៦ ​ខ្នង​បាន​ដួលរលំ​ដោយសារ​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បាន​បោកបក់​យ៉ាងខ្លាំង​កាលពី​រសៀល​ថ្ងៃអាទិត្យ​។

លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា​៖ «​ភ្លៀងខ្យល់​ម្សិលមិញ (​ថ្ងៃអាទិត្យ​) ​នេះ គឺ​បក់បោក​ខ្លាំង​គួរឱ្យខ្លាច​។ មនុស្ស​ ៥ ​នាក់​រងរបួស​ស្រាល តែ​ទ្រព្យសម្បត្តិ​រង​ការខូចខាត​ច្រើន​ក្នុងនោះ​តូប​លក់ដូរ​ចំនួន​ ២០០ ​ក្នុង​ផ្សារ​ស្តាវីហ្គា​ និង​ផ្សារ​រាត្រី ខូចខាត​ទាំងស្រុង ព្រមទាំង​ដួលរលំ​ផ្ទះ​ពលរដ្ឋ​ចំនួន​ ១៦ ​ខ្នង​ផងដែរ​»​។

នៅពេលនេះ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​បញ្ជូន​កម្លាំង និង​សម្ភារ​មួយចំនួន​រួមមាន ស័ង្កសី ឈើ ចុះទៅ​ជួយ​អន្តរាគមន៍​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ឡើងវិញ​ និង​បោសសម្អាត​កម្ទេចកម្ទី ដែល​បាក់បែក​ដោយ​ភ្លៀង​ និង​ខ្យល់​កន្ត្រាក់​នោះ​ចេញ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ​។

ខណៈ​កំពុង​ចុះ​អន្តរាគមន៍​ជួយ​ជួសជុលផ្ទះ​ជូន​គ្រួសារ​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់កន្ត្រាក់​ក្នុងភូមិ​សាមគ្គី​មានជ័យ លោក ភោគ លន ចៅសង្កាត់​ប៉ោយប៉ែត បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា នេះ​ជា​គ្រោះធម្មជាតិ​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​ដ៏ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​នៅក្នុង​សង្កាត់​ប៉ោយប៉ែត​។

លោក​បាន​ថ្លែងថា​៖ «​សង្កាត់​ប៉ោយប៉ែត​របស់​យើង​ធ្លាប់តែ​រង​ការជន់លិច ក្រោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ប៉ុន្តែ​បច្ចុប្បន្ន​យើង​បាន​អភិវឌ្ឍ និង​ធ្វើ​បណ្ដាញ​លូ​រំដោះ​ទឹកភ្លៀង ឈប់​មាន​ការជន់​លិច​ស្រាប់តែ​មកជួប​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង​មិន​ធ្លាប់មាន​ធ្វើឱ្យ​ប៉ះពាល់​ និង​ខូចខាត​លំនៅឋាន និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​យើង​យ៉ាងធ្ងន់ធ្ងរ​តែម្ដង​»​។

បើតាម​លោក ភោគ លន កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​រួមមាន​កម្លាំងយោធា​សឹក​រង​ខេត្ត​បន្ទាយមានជ័យ កម្លាំង​យោធា​នៃ​អង្គភាព​វរៈ ៥១៣ និង វរៈ​ ៥១៤ ព្រមទាំង​កម្លាំង​ប្រជាការពារ​ភូមិ​ប្រមាណ​ ៥០ ​នាក់​បាន​រួម​គ្នា​ជួសជុល​ និង​សាងសង់​ផ្ទះ​ជូន​គ្រួសារ​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ចំនួន​ ១០ ​ខ្នង​ផ្ទះ​ហើយ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​ ៥ ខែ​មេសា ឆ្នាំ​ ២០២១​។

លោក ភោគ លន បាន​ថ្លែង​បន្ត​ថា​៖ «​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រុមការងារ​នឹង​បន្ត​ចុះជួយ​ជួសជុល​ផ្ទះ​ជូន​គ្រួសារ​រងគ្រោះ​ទាំងអស់ ដោយ​មិន​គិត​និន្នាការ​នយោបាយ​អ្វី​ឡើយ​»​។

ក្រៅពី​ជួយ​ជួសជុលផ្ទះ​ជូន​ពលរដ្ឋ អាជ្ញាធរ​ក្រុង និង ខេត្ត​ក៏បាន​នាំយក​នូវ​អំណោយ​មួយចំនួន​ជួយ​ដល់​គ្រួសារ​រងគ្រោះ​ផងដែរ ដែល​ក្នុង​ ១ ​គ្រួសារ​ទទួលបាន​មី​ ១ ​កេស ទឹកត្រី​ ១ ​យួរ ទឹក​ស៊ីអ៊ីវ​ ១ ​យួរ និង អង្ករ​ ២៥ ​គីឡូក្រាម​។

ដោយឡែក​នៅឯ​ខេត្ត​ឧត្តរមានជ័យ​ក៏​មាន​ករណី​ភ្លៀងខ្យល់​បោកបក់ បានធ្វើឱ្យ​ប៉ើង​របើក​ដំបូលផ្ទះ​ ៨ ​ខ្នង​ក្នុង​ឃុំ​អំពិល​ និង​ឃុំ​បេង​ក្នុង​ស្រុក​បន្ទាយអំពិល​ផងដែរ​កាលពី​រសៀល​ថ្ងៃទី​ ៤ ​ខែ​មេសា ប៉ុន្តែ​គ្មាន​អ្នកភូមិ​ណា​ម្នាក់​មាន​គ្រោះថ្នាក់​នោះទេ​។ នេះ​បើតាម​លោក ឃុន ភិន អធិការ​ស្រុក​បន្ទាយអំពិល​។

លោក​បាន​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​នៅពេលនេះ​អាជ្ញាធរ​មូលដ្ឋាន​ និង​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​បាន​នាំគ្នា​ជួយ​ជួសជុលផ្ទះ​ជូន​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់កន្ត្រាក់​នោះ​ឡើងវិញ​ហើយ​»​។

លោក សៀក វិចិត្រ អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ខេត្ត​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ដោយ​បាតុភូត​គ្រោះធម្មជាតិ​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​នៅ​ដើមឆ្នាំ​ ២០២១ ​នេះ ​គឺ​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង និង​ខេត្ត​ឧត្តរមានជ័យ​៕