ភ្នំពេញ៖ យ៉ាង​ហោច​ណាស់​មនុស្ស ៥ នាក់​ស្លាប់ និង​របួស ហើយ​គោ ៧ ក្បាល​បាន​ងាប់ ដោយសារ​រន្ទះបាញ់​កាល​ពី​ថ្ងៃទី ២៧ ខែ​មេសា នៅ​ខេត្ត​ចំនួន ៣ គឺ​ខេត្ត​កំពង់ចាម បាត់ដំបង និង​ខេត្ត​កំពង់ធំ។

លោក ម៉ា ប៊ុតតូ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​រអាង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២៨ មេសា​ថា កាល​ពី​ល្ងាច​ថ្ងៃទី ២៧ ខែ​មេសា ខណៈ​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ស្រិចៗ ស្ត្រី​ម្នាក់​ឈ្មោះ ឈុន រ៉ាវី អាយុ ៣៦ ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ត្រពាំងត្រស់ ឃុំ​ក្រឡា ស្រុក​កំពង់សៀម បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ត្រឡប់​ពី​ធ្វើ​ការងារ​សំណង់​នៅ​ភូមិ​វាល​ខ្សាច់ ឃុំ​រអាង ស្រុក​កំពង់សៀម ដើម្បី​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ ហើយ​ក៏​ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់​នៅ​ក្បែរ​រង្វង់មូល ព្រលាន​យន្តហោះ​ខេត្ត​កំពង់ចាម។

ក្នុង​ហេតុការ​នោះ បុរស​ម្នាក់​ឈ្មោះ ស៊ុន វ៉ា អាយុ​៤៧ ឆ្នាំ ដែល​ជា​បងប្អូន​ជី​ដូន​មួយ​ជន​រងគ្រោះ និង​ជា​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ពី​ក្រោយ​ស្ត្រី​រងគ្រោះ​បាន​រង​របួស​ស្រាល។

លោក​បញ្ជាក់​ថា៖ «តាម​ការ​រៀបរាប់​របស់​បុរស​ឈ្មោះ ស៊ុន វ៉ា នៅ​ពេល​មាន​រន្ទះ​បាញ់​នោះ គឺ​មាន​ចរន្ត​អគ្គិសនី​ឆក់​មក​លើ​ខ្លួន​គាត់ ដែល​ជិះ​ពី​ក្រោយ​ស្ត្រី​រងគ្រោះ​ជា​ប្អូន​ជីដូន​មួយ​របស់​គាត់»។

ជាមួយ​គ្នា​នេះ​ លោក ប៊ុតតូ ក៏​បាន​ស្រង់​សម្ដី​របស់​លោក ស៊ុន វ៉ា មក​បញ្ជាក់​ដែរ​ថា៖ «នៅ​ពេល​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ពី​ធ្វើ​ការ​មក​ផ្ទះវិញ ដល់​ចំណុច​ក្បែរ​រង្វង់​មូល​ព្រលាន​យន្តហោះ ក៏​ស្រាប់​តែ​រន្ទះ​បាញ់​ផាំង ម៉ូតូ​ក៏​ដួល ប្អូនស្រី​ជីដូន​មួយ​របស់​ខ្ញុំ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ហើយ​ខ្ញុំ​ក៏​រង​របួស​ទន់​ដៃ​ទន់​ជើង ព្រោះ​មាន​ចរន្ត​អគ្គិសនី​ឆក់»។

ចំណែក​ស្ត្រី​មា្នក់ឈ្មោះ ប៉ាក សល់ អាយុ​៥២ ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រៃទទឹង ឃុំ​បាយដំរ៉ាំ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ក៏​ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់​នៅ​រសៀល​ថ្ងៃទី ២៧ ខែ​មេសា​ផង​ដែរ ខណៈ​គាត់​ទៅ​ព្រោះ​ស្រូវ​ជាមួយ​ប្ដី​របស់​គាត់ ឈ្មោះ​ ឈន ជា អាយុ ៥៣ ឆ្នាំ នៅ​ចំណុច​បឹង​ខ្ទំ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង ២០០ ម៉ែត្រ ខាង​ក្រោយ​ផ្ទះ​របស់​គាត់។ នេះ​បើ​តាម​លោក សាត សឿត អធិការ​រង​ស្រុក​បាណន់​ថ្លែង​នៅ​ថ្ងៃ ២៨ មេសា​នេះ។

លោក សឿត ថ្លែង​ថា៖ «ក្នុង​ហេតុការណ៍​រន្ទះ​បាញ់​នោះ ប្ដី​ស្ត្រី​រងគ្រោះ ក៏​រង​របួស​ដែរ ប៉ុន្តែ​របួស​ស្រាល គឺ​គ្រាន់​តែ​ឆេះ​សក់​ក្បាល​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ចំណែក​ស្ត្រី​រងគ្រោះ​គឺ​ឆេះ​រោល​ជាំ​ខ្មៅ​ពេញ​ខ្លួន គឺ​ដូច​ជា​ត្រូវ​ភ្លើង​ដុត​ឆេះ​ទាំង​រស់»។

លោក​បន្ត​ថា យោង​តាម​ការ​អះអាង​របស់​អ្នក​ភូមិ​ដែល​បាន​ទៅ​ធ្វើ​ស្រែ​ពង្រោះ​នៅ​ក្បែរ​ចំណុច​កើត​ហេតុ​នោះ ជន​រងគ្រោះ​ទាំង ២ នាក់​ប្ដី​ប្រពន្ធ បាន​ព្យាយាម​បន្ត​ធ្វើ​ការ​សាប​ព្រោះ​ស្រូវ​នៅ​ពេល​មេឃ​កំពុង​ភ្លៀង ដោយ​មិន​ព្រម​ចូល​ឈប់​សម្រាក​នៅ​ក្រោម​ដំបូល​តង់​កៅស៊ូ ដែល​ពួក​គេ​បាន​សង់ ដើម្បី​ជ្រក​ភ្លៀង​នោះ​ទេ។

ករណី​រន្ទះ​បាញ់​ដូច​គ្នា​នេះ ក៏​បាន​កើត​ឡើង​នៅ​ខេត្ត​កំពង់ធំ​ផង​ដែរ កាល​ពី​រសៀល​ថ្ងៃ​ទី ២៧ ខែ​មេសា ដោយ​មាន​ជន​រងគ្រោះ​ម្នាក់​បាន​ស្លាប់ និង​ងាប់​សត្វ​គោ ៧ ក្បាល។

លោក កែ កញ្ឆនា អធិការ​ស្រុក​កំពង់ស្វាយ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២៨ ខែ​មេសា​ថា រន្ទះ​បាញ់​បាន​កើត​ឡើង ២ ករណី នៅ​ឃុំ​ត្រពាំងឫស្សី ក្នុង​នោះ​ករណី​ទី១ កើត​ឡើង​នៅ​ភូមិ​ល្វាជោម បណ្ដាល​ឲ្យ​ស្លាប់​បុរស​ម្នាក់ ឈ្មោះ សៀង ឈឿន អាយុ ៥៥​ឆ្នាំ និង ១ ករណី​ទៀត នៅ​ភូមិ​ក្រសាំង បណ្ដាល​ឲ្យ​ងាប់​សត្វគោ ៧ ក្បាល។

លោក កញ្ឆនា ថ្លែង​ថា៖ «ជន​រងគ្រោះ​ឈ្មោះ សៀង ឈឿន ត្រូវ​បាន​រន្ទះបាញ់​ស្លាប់ ខណៈ​កំពុង​ជិះ​កង់​ត្រឡប់​ពី​ស្រែ​មក​ផ្ទះ​វិញ គ្រា​ដែល​មេឃ​កំពុង​រក​កល​ចង់​ភ្លៀង»៕