ព្រះវិហារៈ មនុស្ស ៥ នាក់ និ​ង​​​គោយន្ត​ដឹក​បទ​ល្មើស​ព្រៃ​ឈើ​ចំនួន​ ៥ គ្រឿង បន្ថែម​ទៀត​ ត្រូវ​​បាន​សមត្ថ​កិច្ច​ និង​ប្រជា​សហ​គមន៍​បង្ក្រាប​ចាប់​បាន​​ នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា កាលពី​ថ្ងៃចុង​សប្ដាហ៍​មុន ប៉ុន្តែ​មនុស្ស និង​គោយន្ត​ត្រូវ​បាន​​​ដោះ​​លែង​ ក្រោយ​ពី​ធ្វើការ​អប់រំ និង​ការ​ផាក​ពិន័យ។

លោក ប៊ុន សឿង នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរកា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ថា កាលពី​ថ្ងៃទី ២០-២១ ខែ មិថុនា​ ឆ្នាំ ២០១៩ ក្រុមឧទ្យានុរក្ស​របស់​លោក បាន​សហការជាមួយកម្លាំង​ប្រជា​​សហគមន៍​ព្រះរកាក្នុង​ឃុំម្លប់​ព្រៃ​ និងឃុំ​ឆែប ចុះ​ល្បាត​​​ព្រៃ​នៅក្នុង​តំបន់​បរកឺប ស្ថិតក្នុង​ស្រុក​ឆែប ខេត្តព្រះវិហារ​ ហើយ​បានប្រទះ​ឃើញ និង​បង្ក្រាប​សកម្ម​ភាព​​ដឹក​ជញ្ជូន​បទ​ល្មើ​ស​​​ព្រៃ​ឈើ​​ ដោយ​ឃាត់​ខ្លួន​មនុស្ស​ ៥ នាក់ ​និងរឹប​អូស​វត្ថុ​តាង​​គោ​​យ​​​​ន្ត​ចំនួន ៥ គ្រឿង រួមទាំង​ឈើ​ក្ដារ​បន្ទះសរុប​ជាង ​៣,៥​ ម៉ែត្រ​គុប ដើម្បី​ធ្វើ​ការ​អប់​រំណែ​នាំនិ​ង​ផាក​ពិន័យ​​ទៅ​តាម​ផ្លូវ​ច្បាប់។

លោកសឿង ​បន្ត​​ថា​៖ ​«នៅ​ថ្ងៃ​ទី​ ២២ ខែ មិថុនា ឆ្នាំ ២០​១៩​​​ មនុស្ស​ទាំង​ ៥ ​នាក់​នោះ​ ត្រូវ​បាន​ដោះ​លែងជាមួយ​គោយន្ត​ដឹក​បទ​ល្មើស​ព្រៃឈើ​របស់​ពួកគេ​ទាំង ៥ គ្រឿង​នោះ ​ត្រឡប់​ទៅវិ​ញ​ ក្រោយ​ពី​ធ្វើ​ការ​អប់​រំណែនាំ​និងផាក​ពិន័​យ​អន្តរកាល​​​ក្នុង​ម្នាក់​ៗ ៣​ លា​ន​រៀល​។ ដោយឡែ​ក​ ឈើវត្ថុ​តាង​ប្រភេទ ផ្ដៀក​ និងឈើទាល សរុប ៣​,​៥ ម៉ែត្រ​គុប​ ត្រូវ​បាន​រឹប​អូស​ជា​សម្ប​ត្តិ​រដ្ឋនិង​កំពុង​ត្រូវ​បាន​រក្សាទុក​នៅ​ក្នុង​ទីស្នាក់​ការ​បរិស្ថាន​កូន​ដំរី»។

លោក​​ឲ្យ​ដឹង​ថា កាលពី​​ថ្ងៃទី​ ៧ ដល់​ថ្ងៃទី​ ៩ ខែ ​មិថុនា ឆ្នាំ ២០១៩ ក្រុម​មន្ត្រី​របស់​លោក រួមទាំង​ក្រុម​បណ្ដា​ញ​​​សហ​គមន៍​ព្រៃព្រះ​រកា ក៏​បាន​បង្ក្រាប​ចាប់​រឹបអូសគោ​យន្ត​ចំនួ​​ន ៦ គ្រឿង និងរណារយន្ត​ ៥ ​គ្រឿង និងឈើ​វត្ថុតាង​ប្រមា​ណ​ ៤ ​ម៉ែត្រ​គុប​ផង​ដែរ​។ ក្នុង​អំឡុង​ពេល​នោះ ក្រុម​​​មន្ត្រី​ឧទ្យា​នុរក្ស ក៏បាន​ធ្វើ​ការអប់​រំណែនាំ និងផាក​ពិន័យ​ក្រុម​ជន​ដឹក​បទ​ល្មើ​ស​ក្នុង​ម្នាក់​ៗ​ ៣ ​លាន​រៀល​ ខណៈ​រណា​រយន្ត និង​ឈើ​វត្ថុតា​ង​​ត្រូវ​បាន​រឹប​អូស។

លោក​បន្ថែម​ថា៖ «សរុប​មក នៅ​ក្នុង​ខែ​មិថុនា​នេះ ក្រុម​មន្ត្រី​ឧទ្យានុ​រក្ស​ របស់យើង បាន​រួម​​​​សហការជាមួយ​ក្រុម​បណ្ដាញ​​​សហគមន៍​ព្រៃ​ព្រះ​រកា បង្ក្រាប​ចាប់​រឹបអូស​គោយន្ត​សរុប​ចំនួ​ន​​ ១១ ​គ្រឿង រណារយន្ត​ ៥ ​គ្រឿង និ​​ងឈើវត្ថុតាងសរុប​ ៧,៥ ​ម៉ែ​ត្រ​​​គុប ដោយ​បាន​​ផាក​​ពិន័យ​ក្រុម​ជន​ប្រព្រឹត្ត​បទ​ល្មើស​សរុប​ជា​ទឹក​ប្រាក់ ៣៣ លានរៀល»។

បើតាម​ក្រុម​ប្រជា​សហគ​ម​ន៍​​ព្រៃ​ព្រះរកា ដែល​ចូល​រួម​ចុះ​ល្បា​ត​ព្រៃ​ក្នុង​តំបន់​ដែន​ជម្រក​ព្រៃព្រះ​រកា ជា​មួយ​ក្រុម​​មន្ត្រី​ឧទ្យា​នុរក្ស ​នា​ពេល​កន្លង​មក​នេះក្រុម​ជន​ដឹក​បទ​ល្មើស​ព្រៃឈើ​ ដែល​ត្រូវ​បាន​បង្ក្រាប ភាគច្រើន​គឺ​ជាប្រជា​ពល​រដ្ឋ​មក​ពី​ខេត្ត​កំពង់ធំ។

លោក ស៊ុន ពៅ តំណាង​ប្រជា​សហគមន៍​ព្រៃព្រះ​រកាបា​​ន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា ក្រុម​ជន​ដឹក​ជញ្ជូន​បទ​ល្មើស​ព្រៃ​ឈើ​ ភាគ​ច្រើន​ជាអ្នក​រស់​នៅ​ក្នុង​ខេត្ត​កំពង់​ធំ។ ការ​ដឹក​ជញ្ជូន​បទ​ល្មើស​ព្រៃឈើ​របស់​ពួក​គេ មាន​តាម​ច្រើន​រូបភាព ក្នុង​នោះ តាមរយៈ​រទេះ​ក្របីគោយន្ត និង ​រថយន្ត​កែច្នៃ។

លោក​​បញ្ជាក់​ថា​៖ «នៅ​ពេល​ក្រុម​ល្បាត​យើង​បង្ក្រាប​ចាប់​បាន​ពួក​គេ​តែង​ឆ្លើ​យ​ថា ពួក​គេជា​អ្នក​ស៊ី​ឈ្នួល​ដឹក ជញ្ជូន​ឈើ​ឲ្យ​គេ ដើម្បី​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ ដែល​ក្នុង​មួយ​រទេះ​​ក្របី​ថ្លៃ ៥០ ០០០ រៀល និងសម្រាប់​ការ​ស៊ី​ឈ្នួល​ដឹក​តាម​គោ​យន្ត​ ឬរថ​យន្ត​កែ​ច្នៃ ថ្លៃពី ១០-២០ ម៉ឺន​រៀល​ក្នុង​មួយ​ជើង​។ បើតាម​ចម្លើយ​សារភាព​របស់​ពួ​ក​គេក្រុម​ឈ្មួញ​ឈើ​ដែ​ល​ភាគ​ច្រើន​ជាទា​ហាន បា​ន​ជួល​ប្រជា​ពលរដ្ឋ​ពីបណ្ដា​ខេត្ត​ផ្សេង​ៗ​ ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ​ដោយ​​​បែង​ចែក​ជា​ ​២ ​ក្រុម​ផ្សេង​គ្នា គឺ​ក្រុម​កាប់ និង​ដឹក​ជញ្ជូន»។

ព្រៃ​ព្រះ​រកាដែល​មាន​ទំហំ​ ៩៦ ០០០​ ហិកតា ស្ថិតនៅ​ចន្លោះ​ព្រំប្រទល់​ស្រុក​ចំនួន​ ៣ គឺ​ស្រុក​ត្បែង​មាន​ជ័យ ​ស្រុក​ជាំ​ក្សាន្ត និង​ស្រុក​ឆែបរបស់​ខេត្ត​ព្រះវិហារ​។ ជន​ជាតិ​ដើម​ភាគ​​​តិច​កួយត្រូវ​បាន​គេកត់​សម្គាល់​​ឃើញ​ថា បាន​រស់នៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្បែរ​តំបន់​ព្រៃ​ដ៏ធំ​នេះ ហើយ​ពួក​គេ បាន​នាំគ្នា​ការពារ​និង​អភិរក្ស ដោយ​ចាត់​ទុកព្រៃដ៏ធំ​មួយ​នេះ ជា​ជង្រុក​ស្បៀង​របស់​ពួកគេ។

កាលពី​ខែ ឧស​ភា ឆ្នាំ​ ២០១៦ រាជ​រដ្ឋាភិបាល​តា​ម​រយៈ​ក្រសួង​បរិស្ថានបាន​សម្រេ​​​ច​ដាក់​បញ្ចូល​ជា​តំបន់​ការពារ​និ​ង​​អភិរក្សដោយ​ឲ្យ​ឈ្មោះ​ថា «ដែន​ជម្រក​សត្វព្រៃ​ព្រះរកា»៕