កំ​ពង់​ស្ពឺៈ ជន​សង្ស័យ​​ ៥ ​នាក់​ ក្នុង​នោះ​មាន​ស្រ្តី​ម្នាក់​កំពុង​ត្រូវ​សមត្ថកិ​ច្ច​អាវុធ​ហត្ថ​ ខេត្ត ​កំពង់ស្ពឺ​សាក​សួរ​​ពីម្សិល​មិញ​នៅ​បញ្ជា​ការ​ដ្ឋាន​ ខេត្ត​កំពង់​ស្ពឺ​ ​បន្ទាប់​ពី​ចាប់​ខ្លួន​ពួក​គេកាល​ពី​ថ្ងៃ​ទី​ ៤ ​សីហា ​នៅ​ភូមិ​អំពិល​រូ​ង​ ឃុំព្រះ​ស្រែ ​ស្រុក​ឧដុង្គ ​ខេត្ត​ កំពង់​ស្ពឺ​ពាក់​ព័ន្ធ​យក​ដី​មាន​ម្ចាស់​លក់​បន្ត​ទៅ​ឲ្យ​អ្នក​ផ្សេង​។​ លោក ​ទិត្យ ​វណ្ណៈ ​ប្រធាន​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​នៃ ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ ខេ​ត្ត​កំពង់​ស្ពឺ​ដែល​ចុះ​អនុវត្ត​ការងារ​នេះ​ផ្ទាល់​​កាល​ពី​ថ្ងៃទី​ ៤ ​សីហា​នោះ​ ពី​​ម្សិល​មិញ​​ភ្នំពេញ​ប៉ុស្តិ៍​បាន​ព្យា​យាម​ទាក់​ទង​តាម​ទូរ​ស័ព្ទ​ចំនួន​ ២ ​លើក​ដើម្បី​សុំ​ការ​បញ្ជាក់​ប្រាប់​ប៉ុន្តែ​ជាប់​ប្រ​ជុំ។

​លោកស្រី​ ចាត​ សូរ​ស្មី ​ព្រះ​រាជអា​ជ្ញា​នៃ​សាលា​ដំបូង​ខេត្ត ​កំពង់​ស្ពឺ​ ដែល​បាន​ចុះ​សហ​ការ​សម្រប​សម្រួល​ផ្នែក​ច្បាប់​ពាក់​ព័ន្ធ​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ប្រុស​ស្រី​ ៥​ នាក់​នោះ​ដែរ​ បាន​ប្រាប់ឲ្យដឹង​ពី​ម្សិល​មិញ​ថា​ ជន​​សង្ស័យ​ទាំង​ ៥​ នាក់​នោះ​ខាង​សមត្ថ​កិច្ច​អាវុធ​ហត្ថ​កំពុង​សាក​សួរ​នៅ​ឡើយ​ ។ ក​រណី​នេះ​ លោក​ស្រី​បាន​ចុះ​ទៅ​ធ្វើការ​ងារ​ជា​មួយ​សមត្ថ​កិច្ច​អាវុធ​ហត្ថ​មែន ​ប៉ុន្តែ​លោក​ស្រី​មិន​ដឹង​ថា​ក្រុម​ជន​សង្ស័យ​ទាំង​ ៥​ នាក់​នោះ​ មាន​ដី​លក់​ចំនួន​ប៉ុន្មាន​នោះ​ទេ។​​

​លោក​ស្រី ​ចាត ​សូរ​ស្មី ​ថ្លែង​ប្រាប់​ថា​៖​ ​«​​រឿង​មនុស្ស​ ៥ ​នាក់​នោះ​ ខ្ញុំ​មិន​ដឹង​ថា​ពាក់​ព័ន្ធ​នឹង​ដីធ្លី​ប៉ុន្មាន​ ហើយ​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​រឿង​លម្អិត​យ៉ាង​ណា​ដែរ​ព្រោះ​សំណុំរឿង​ខាង​ប៉េ​អឹម​មិន​ទាន់​បញ្ជូន​ដល់​តុលា​ការ​នៅ​ឡើយ​»​។​

​បើ​យោង​តាម​របាយ​ការណ៍​របស់​កង​រាជ​អាវុធ​ហត្ថ​ដែល​បាន​សរសេរ​សារ​នៅ​ក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​កង​រាជ​អាវុធ​ហត្ថ​ ខេត្ត​កំពង់​ស្ពឺ​បាន​បង្ហាញ​ថា​ ជន​សង្ស័យ​​ដែល​ត្រូវ​កម្លាំង​អាវុធ​ហត្ថ​​ចាប់​ខ្លួន​ទី១ ​មាន​ឈ្មោះ ​នួន ​វណ្ណា ​ភេទ​ប្រុ​ស ​អាយុ ​៤១ ​ឆ្នាំ ​ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​ ​សុខ​ រដ្ឋា ​អចល​ន​ទ្រព្យ​និង​មាន​លំនៅ​​ក្នុង​ភូមិ​ជើង​ ​ស្រុក​ ​ឃុំ​ជង្រុក​ ​ស្រុក​​គង​ពិសី ​ខេត្ត​កំព​ង់​ស្ពឺ ​,​ទី២​​ ឈ្មោះ តន់​ ​សុផាន់​ណា​និ​ន​ ​ភេទ​ស្រី​ អាយុ​ ៣៥ ​ឆ្នាំ​ ​ជា​កម្មករ​រោង​ចក្រ​កាត់​ដេរ​ មានលំ​នៅ​ ​ភូមិ​ព្រៃ​ភក្តី​ ​ឃុំ​ព្រៃ​ពួច​ ​ស្រុក​អង្គ​ស្នួល ​ខេត្ត​កណ្តាល​,​ ​ទី​៣​​ ឈ្មោះ​ ភោគ សានិន​ ​ភេទ​​ប្រុស​ ​អាយុ​ ​៥៩ ​ឆ្នាំ​ ​មាន​លំ​នៅ​ក្នុង​ភូមិ​សង្កាត់​កំបូល ​ខណ្ឌពោធិ​សែន​ជ័យ​ ​រាជ​ធានី​ភ្នំ​ពេញ​ ​,​ទី​៤ ​​ឈ្មោះ ​ច្រឹក ​ចិត្រា ​ភេទ​​ប្រុស​ អាយុ ​៣៨ ​ឆ្នាំ មាន​លំ​នៅ​ក្នុង​ភូមិ​​ភ្នំពេញ​ថ្មី​ ​សង្កាត់​គោក​ឃ្លាង​ ខ​ណ្ឌសែន​សុខ​ និង​ទី​៥ ​​ឈ្មោះ​ ហ៊ាង​ ​អេង​ទ្រី​ ​ភេទ​ ប្រុស​ អាយុ​ ៣២ ​ឆ្នាំ ​មាន​លំនៅ​ក្នុង​សង្កាត់​ក្រាំង​ធ្នង់​ ​ខណ្ឌសែន​សុខ៕