ព្រៃវែងៈ យ៉ាងហោចណាស់​មាន​មនុស្ស​ប្រុស-ស្រី ៦ នាក់​ក្នុង​គ្រួសារ​តែមួយ បាន​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត ២ គ្រឿង​បុក​គ្នា​នៅ​លើ​ផ្លូវ​ជាតិ​លេខ ១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៩១-៩២ ក្នុង​ភូមិ​ជ្រលង ឃុំសាទ​ ស្រុក​កំពង់​ត្របែក​ ខេត្ត​ព្រៃ​វែងកាល​ពី​រាត្រី​ថ្ងៃ​ ២៨​ ខែ​មករា។ នេះ​បើ​តាម​មន្ត្រី​នគ​របាល​ចរាចរណ៍​ខេត្ត​ម្នាក់ដែល​ចុះវា​ស់​វែង​នៅ​កន្លែង​កើត​ហេតុ​។

លោក ​ឃុត ​សារាយ នាយ​ផ្នែក​ចរាចរណ៍​ស្រុក​កំពង់​ត្របែក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញថា ​ជនរងគ្រោះដែល​បាន​ស្លាប់​​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ ​រួម​មាន ​លោក ប៉ែន សៅសុម៉េតធា អាយុ​ ២៨ ​ឆ្នាំ ជា​មន្ត្រី​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​​​​ឃុំ​ថ្កូ​វនៃ​អធិ​ការ​ដ្ឋាន​ស្រុក​កំពង់​ត្របែក និង​ប្រពន្ធ​កូន​របស់​គាត់ គឺ អ្នក​ស្រី ឡាយ ​ស្រីនិច អាយុ​ ២៤ ឆ្នាំនិងទារក​ឈ្មោះ ​ឌី វណ្ណៈ ​អាយុ​ ១ ​ឆ្នាំ ៦ ខែ រួម​ទាំងឪពុក​ ម្ដាយ​ក្មេក​ របស់​គាត់​ គឺ ​លោក ​ឃឹម គា អាយុ​ ៥០ ​ឆ្នាំ និង​អ្នក​ស្រី មោ​គ​ សុភាព​ អាយុ​ ៤៩ ​ឆ្នាំ ​ ​ព្រម​ទាំង​បង​ថ្លៃ​ប្រុស​គាត់​ម្នាក់​ទៀត​ឈ្មោះ សាក់ វណ្ណី អាយុ ២៨ ឆ្នាំ។

លោក​បាន​ថ្លែង​ថា​ ជន​រង​គ្រោះ​ទាំង​ ៦ ​នាក់​ មាន​លំនៅ​ក្នុង​ភូមិ​ចំបក់ ​ឃុំប្រាសាទ ស្រុក​កំព​ង់​ត្របែ​ក ខេត្ត​ព្រៃវែង។មុន​ពេល​កើត​ហេតុ​គេឃើ​ញពួក គាត់​ធ្វើ​ដំណើរ​តាម​រថយន្ត Highlander ពណ៌​ទឹក​ប្រាក់ ​១​ គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AI-8096 បើក​បរ​ដោយ​ឈ្មោះ ប៉ែន សៅ​សុម៉េ​តធា​ ក្នុង​ទិស​ដៅពី​លិច​ទៅកើ​ត។លុះ​ដល់​ចំណុច កើត​ហេតុ​​ក៏​មាន រថយន្ត​ដឹក​ដីម៉ា​ក ​Hyun​dai​ ពណ៌​ត្រេ​អុី ១ ​គ្រឿង ពាក់​ស្លាក​លេខ ​B1 ខេម​រ​ភូមិន្ទ ​4.9457​ បើក​បរ​ដោយ​ជន​មិន​ស្គាល់​​អត្ត​សញ្ញាណ​ក្នុង​ទិស​ដៅ​ប​ញ្ច្រាសគ្នា​គឺពី​កើត​ទៅលិច​បានរេ​ចង្កូតម​ក​បុក​រថ​យន្ត​របស់​គាត់​បណ្ដាល​ឲ្យក្រ​ឡាប់​​ធ្លាក់​ពី​លើផ្លូ​វជា​តិ​ស្លាប់​ទាំង​អស់​គ្នា​នៅ​នឹង​កន្លែង​កើត​ហេតុ​តែម្ដង។ ចំណែក​អ្នក​បើក​រថយន្ត​បង្ក​បាន​រត់​គេច​ខ្លួន​បាត់​។

លោក​ សារាយ​ បាន​បញ្ជាក់​ថា៖ «យោង​តាម​ការ​ពិនិត្យ​វាស់​វែង​នៅ​កន្លែង​កើត​ហេតុ​ រថ​យន្ត​ដែល​បង្ក​ខាង​លើ​នេះ​គឺពិត​ជារថ​យន្ត​ដឹ​កដី​ប្រាកដ​មែន​ ព្រោះ​ស្នាម​ដាន​កង់​រថយន្ត​ដឹកដីបា​ន​អូស​ចូល​ក្នុង​គំនូស​ចរា​ចរណ៍​ខាង​រថយន្ត​ High​la​nder និង​ធ្លាក់​ពី​ផ្លូវ​ជាតិ​មក​ខាង​រថ​យន្ត​ Hig​hla​nder ផង​ដែរ​»។

លោក​បាន​បន្តថា​ សព​ជន​រងគ្រោះ​ ត្រូ​វបាន​កម្លាំង​សមត្ថ​កិច្ច​ប្រគល់​ជូន ក្រុម​គ្រួសារ​សាច់​ញាតិ​ នាំ​យក​​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី។ ​ចំណែក​រថ​យន្ត​ទាំង ​២ ​គ្រឿង​ ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិ​ការដ្ឋាន​នគ​របាល​ស្រុក​កំពង់​ត្រ​បែក ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ ​ចាត់​វិធាន​ការ​បន្ត​តាម​នីតិ​វិធី​។

ជុំវិញ​ករណី​នេះ​ផង​ដែរ លោក ស្រេង ជា ស្នង​ការ​នគ​របាល​ខេត្ត​ព្រៃ​វែង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​ករណី​នេះ លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថ​កិច្ច​ចុះ​ស្រាវជ្រាវ​តាំ​ង​ពីយ​ប់​ថ្ងៃ​កើ​ត​ហេតុ​មកម្ល៉េះ ដើ​ម្បីស្វែ​​ង​រកអត្ត​សញ្ញា​ណ​ម្ចាស់​និង​អ្នក​បើកបរ​រថ​យន្ត​បង្ក​ហេតុ​នោះ ​ដើម្បី​នាំ​ខ្លួន​​ឲ្យមក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ និង​ផ្ដល់​យុត្តិ​ធម៌​ដល់​ជន​រ​ងគ្រោះ​។

លោក​បាន​បន្ត​ថា គិត​ត្រឹម​ម៉ោង​ ១១​ និង​ ៣០ ​នាទី​ព្រឹក​ ថ្ងៃ​អង្គា​រ [ម្សិល​មិញ​] នេះ​ នគ​របាល​ជំនាញ​បាន​​ស្រាវ​ជ្រាវ​តាម​រយៈ​ស្លាក​លេខ​រថយន្ត​បង្ក​ហេតុ​នោះ ហើយបាន​​រក​ឃើញ​អត្ត​សញ្ញាណ​ម្ចាស់​រថ​យន្ត​គឺ​ជា​អ្នក​រស់​នៅ​ខេត្ត​ស្វាយរៀង។ ដោយ​ឡែក​អ្នក​បើក​បរ​រថ​យន្ត​នោះ ក៏​សមត្ថ​កិច្ច​បាន​កំណត់​អត្តសញ្ញាណ​ច្បាស់​លាស់​ផង​ដែរ និងកំពុង​តាម​ស្វែង​រក​ចាប់​ខ្លួន​។

លោក​បាន​បញ្ជាក់​ថា៖​ «ពេល​នេះ សមត្ថ​កិ​ច្ច​យើ​ង​កំពុ​ង​តាមស្វែ​ង​រក​ចាប់ខ្លួន​អ្នកបើ​ក​បរ​រ​ថ​យន្តប​ង្ក​គ្រោះ​​ថ្នាក់​ចរា​ចរណ៍​នោះ​ដើម្បី​បញ្ជូន​ទៅ​តុលា​ការ​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ចំណែក​​​ម្ចាស់​រថយ​ន្ត​បង្ក​ហេតុ​នោះ​ក៏​ត្រូ​វជាប់​កា​តព្វកិច្ច​បង់​សំណង​រដ្ឋ​ប្ប​វេណី​ដល់​គ្រួសារ​ជន​រង​គ្រោះ​ផង​ដែរ​ ព្រោះ​បាន​ជួល​ឲ្យ​គេបើក​ប​រធ្វើ​អាជីវកម្មដឹ​កដី​លក់»​៕

(កែសម្រួល ព្រុំ ភ័ក្រ្ត )